• 2024-07-06 05:35:00
  • ព័ត៌មាន

ពីអ្នកផលិតមាតិកាប្លែកៗផ្តល់សំណើចដល់ទស្សនិកជន Peypey Dy រុញច្រានខ្លួនឯងក្លាយជាចាងហ្វាងផលិតកម្ម!

  • 2024-07-06 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើនឆ្នាំលើវិថីសិល្បៈខ្មែរ តារាកំប្លែងវោហារស័ព្ទមិនចេះរីងស្ងួត Peypey Dy ហែលឆ្លងរឿងរ៉ាវជាច្រើនរាប់មិនអស់ តែចុងក្រោយវាក៏ហ៊ុចផលជាទីគាប់ចិត្តដល់រូបលោក។

ជាក់ស្តែង Peypey Dy មិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈខ្មែរ តែលោកក៏ជាជនគំរូម្នាក់សម្រាប់អ្នកដ៏ទៃ តាមរយៈសកម្មភាព ភាពតស៊ូអត់ធ្មត់ ការពុះពាររហូតក្លាយជាថៅកែហាង ហឹរ ខនណើរ និង Coffee Conner។

រូបភាព៖ ហ្វេសប៊ុក

ទោះបីជាអាជីវកម្មផ្ទាល់ខ្លួនជោគជ័យខ្លាំង មានភ្ញៀវដូចទឹកបាក់ទំនប់ក៏ Peypey Dy មិនបោះបង់ចោលការងារសិល្បៈឡើយ គ្រាន់តែបន្ថយទំហំការងារបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ គួរឱ្យភ្ញាក់ផ្អើលខ្លាំង ស្ងាត់ៗម្ចាស់ហាង ហឹរ ខនណើរ ស្រាប់តែប្រកាសខ្លួនជាហ្វាងផលិតកម្ម ដោយតារាកំប្លែងស្ងួតរូបនេះដាក់ឈ្មោះផលិតកម្មថា «Film Corner» ដូចគ្នាទៅនឹងឈ្មោះហាងភេសជ្ជៈ និងអាហារលោកដែរ។

នេះជាការផ្លាស់ប្តូរដ៏ធំរបស់ Peypey Dy ក្នុងនាមជាសិល្បករម្នាក់ដែលបម្រើវិស័យសិល្បៈរយៈពេល ១១ឆ្នាំ។ លោកពិតជារំភើបក្នុងការប្រកាសប្រាប់បណ្តាអ្នកគាំទ្រពីការបើកផលិតកម្មផ្ទាល់ខ្លួន ជាមួយការត្រៀមទម្លាក់ខ្សែភាពយន្តខ្នាតធំដំបូងបង្អស់ ចំណងជើងថា «ភូមិគ្រឹះអាគម»។

រូបភាព៖ ហ្វេសប៊ុក

ហ្វាងផលិតកម្មថ្មីថ្មោងរូបនេះផ្តល់បទសម្ភាសន៍ថា មូលហេតុដែលជ្រើសរើសផលិតរឿងបែបរន្ធត់លាយខ្មោចបែបព្រឹព្រួច ព្រោះតែវាជា Signature របស់លោក និងសមាជិក្រុមទាំងអស់ ដែលតាំងពីដើមមកចូលចិត្តសម្តែងរឿងខ្មោចបង្ហោះលើYouTube និង social media។

លោក និងក្រុមការងារបានចំណាយពេលយ៉ាងច្រើនក្នុងការសម្រិតសម្រាំងគុណភាពសាច់រឿង ជាមួយការជ្រើសរើសតួអង្គសំខាន់ៗរួមមាន៖ ប្រុសខួច, តារាចម្រៀង វី ឌីណែត, ម៉ែសេះ, អ្នកនាង ស្វែង សុជាតា និង ម៉ូ ជាដើម។ ចំណែក រូបលោក គឺជាចាងហ្វាងផលិតកម្ម និងជាអ្នកដឹកនាំថត, តារាចម្រៀង និងអ្នកនិពន្ធ ទ្រី សក្កដា អ្នកគ្រប់គ្រងគម្រោង និងជាជំនួយការដឹក, ប្រឹក្សាដឹកនាំដោយ លោក កៅ សីហា, អ្នកនិពន្ធរឿងលោក យូ សុភា និងអ្នកនៅក្នុងក្រុមការងាររបស់ Pey Pey Dy ជាច្រើនរូបទៀត។

រូបភាព៖ ហ្វេសប៊ុក Mae Ses

Peypey Dy មិនបានបញ្ជាក់ឱ្យដឹងពីខ្ទង់ចំណាយនោះឡើយ តែលោកសង្ឃឹមថា ទស្សនិកជន ពិសេសបណ្តាអ្នកគាំទ្រស្នាដៃរឿងខ្មោចរបស់លោក នឹងជួយគាំទ្រស្នាដៃរឿងភាគខ្នាតធំដំបូងរបស់ផលិតកម្ម Film Corner របស់លោក៕

រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម