• 2024-07-11 05:33:46
  • ព័ត៌មាន

ទម្រាំទទួលបានជយលាភីលេខ១ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ លី មួយលាង ឆ្លងកាត់បេក្ខនារីខ្លាំងៗជាង ២,០០០នាក់

  • 2024-07-11 05:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជយលាភី ក្នុងកម្មវិធី “Miss Teen International 2024” លី មួយលាង បានមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីចេញទៅប្រកួតនៅប្រទេសឥណ្ឌាដោយឆ្លងកាត់វគ្គប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ ១សប្ដាហ៍។

ត្រឡប់មកវិញជាមួយមកុដ នៃជយលាភីលេខ១ ក្នុងចំណោមប្រទេសជិត ៣០ កញ្ញា លី មួយលាង បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័នក្នុងទឹកមុខសប្បាយរីករាយថា កញ្ញាមិនបានសន្យា ឬលើកដំកើងខ្លួនឯងឲ្យលើសពីសមត្ថភាពនោះទេ ប៉ុន្ដែកញ្ញាបានយកលទ្ធផលល្អមកជូនជាតិមាតុភូមិ និងជូនបងប្អូនអ្នកគាំទ្រមើលតែម្ដង។

កញ្ញា លី មួយលាង៖ “សម្រាប់នៅលើឆាក ប្អូនបង្ហាញឈុតតំណាងជាតិតែ ២ឈុតទេ តែនៅក្រៅឆាកប្អូនបានប្រើសកម្មភាពជាច្រើនដើម្បីបង្ហាញពីសិល្បៈវប្បធម៌របស់ប្រទេសយើងទៅកាន់បេក្ខភាព ២៨ប្រទេសផ្សេងទៀត។ ក្នុងនោះប្អូនក៏បានប្រគល់ជាវត្ថុអនុស្សាវរីយ៍ដល់ពួកគាត់ដូចជាកាបូបដាក់លុយមានរូបប្រាសាទអង្គរវត្ដ ហើយពួកគាត់ប្រើទាំងអស់គ្នាហ្មង ព្រោះស្អែកឡើងខ្ញុំឃើញពួកគាត់ដាក់លុយក្នុងកាបូបហ្នឹងរួចមកបង្ហាញខ្ញុំ”។

ជោគជ័យរបស់បវរកញ្ញា លី មួយលាង នៅពេលនេះ ត្រូវបានអ្នករៀបចំកម្មវិធី “Miss Teen International Cambodia” និងជាអ្នករៀបចំឲ្យបេក្ខភាពតំណាងជាតិកម្ពុជាម្នាក់នេះទៅប្រកួតលើឆាកអន្ដរជាតិ បានបង្ហាញមោទនភាពចំពោះម្ចាស់ជយលាភីរូបនេះថា លី មួយលាង បានឆ្លងកាត់វគ្គដ៏ស្រួចស្រាវច្រើនណាស់ទម្រាំទទួលបានជយលាភីលេខ១ ទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ គ្រាន់តែនៅថ្នាក់ជាតិ មួយលាង បានឆ្លងកាត់ការប្រកួតជម្រុះជាមួយបេក្ខនារី ២,០០០នាក់ ហើយនៅលើឆាកអន្ដរជាតិ ២៨នាក់ ដែលសុទ្ធតែជាតំណាងមកពីប្រទេសខ្លាំងៗ។

សូមជម្រាបជូនថា អតីតបេក្ខភាពតំណាងជាតិកម្ពុជា លី មួយលាង ចេញទៅប្រកួតលើឆាកអន្ដរជាតិ ក្នុងកម្មវិធី “Miss Teen International 2024” បានចេញដំណើរទៅប្រកួតកាលពីថ្ងៃទី២៨ ខែមិថុនា ហើយទើបត្រឡប់មកវិញនៅពេលនេះ ដោយស្ពាយយកមកុដ និងឈៀងកិត្ដិយសជូនជាតិនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ លី មួយលាង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីហ្វេនៗ បងប្អូន តំណាងក្រុមហ៊ុន និងបវរកញ្ញាដ៏ស្រស់ៗស្អាតជាចម្រើនរូបរបស់កម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់