
- ច័ន្ទ, 29 កក្កដា 2024 03:02
- ព័ត៌មាន
Celine Dion៖ "ខ្ញុំត្រូវតែត្រឡប់មកវិញ ទោះបីខ្ញុំត្រូវវារឡើងលើឆាកក៏ដោយ"
- ច័ន្ទ, 29 កក្កដា 2024 03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Celine Dion៖ "ខ្ញុំត្រូវតែត្រឡប់មកវិញ ទោះបីខ្ញុំត្រូវវារឡើងលើឆាកក៏ដោយ"
ចន្លោះមិនឃើញ
បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ២ឆ្នាំ តារាចម្រៀងដ៏ល្បីលំដាប់ពិភពលោក Celine Dion បានវិលត្រឡប់មកវិញ ដោយបង្ហាញមុខសម្ដែងក្នុងពិធីបើកកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤។ នៅលើបណ្តាញសង្គម មានការផ្ទុះការសាទរយ៉ាងខ្លាំង ចំពោះការវិលមកវិញរបស់តារាចម្រៀងកាណាដារូបនេះ ហើយអ្នកទស្សនាមិនតិចទេដែលស្រក់ទឹកភ្នែកដោយការរំភើបនឹងវត្តមានរបស់នាង។
Celine Dion បានយកឈ្នះជម្ងឺដ៏កាចសាហាវ ហើយងើបឈរជាថ្មីបង្ហាញការសម្ដែងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ទៅកាន់គ្រប់គ្នា នៅលើឆាកនៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ តារាស្រីរូបនេះបាននិយាយថា៖ "ខ្ញុំត្រូវតែត្រឡប់មកវិញ ទោះបីជាខ្ញុំត្រូវវារឡើងលើឆាកក៏ដោយ"។
តាមរយៈនេះ គេអាចមើលឃើញថា នៅពីក្រោយការងើបឈរឡើងវិញ និងសំឡេងដ៏មានឥទ្ធិពលរបស់ Celine Dion នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤ គឺជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យមួយ ដើម្បីជម្នះរាល់ការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលគ្រប់គ្នាដឹងថា នាងរងការញាំញីយ៉ាងណាកន្លងមកច្រើនឆ្នាំមកនេះ ព្រោះជំងឺនេះធ្វើទុក្ខខ្លាំង ហើយក៏ពិបាកក្នុងការព្យាបាលដែរ។ ប៉ុន្តែវានៅតែចាញ់កម្លាំងនៃការខិតខំជម្នះរបស់ ស្ត្រីម្នាក់នេះ ពិសេសថាមពលដែលមនុស្សជាទីស្រឡាញ់ និងអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោកមានចំពោះនាង។
គេនៅចាំបានថា កាលពីខែធ្នូ ឆ្នាំ ២០២២ Celine Dion បានប្រកាសទាំងទឹកភ្នែកថា ស្ថានភាពសុខភាពរបស់ខ្លួនមិនល្អឡើយ ហើយសុំផ្អាកពីសិល្បៈជាបណ្តោះអាសន្ន។ តារាចម្រៀងរូបនេះបានព្យាយាមទប់ទឹកភ្នែកនៅពេលដែលនាងបានបង្ហាញថាខ្លួនមានជំងឺរាងកាយរឹង (SPS) ដែលជាជំងឺកម្រហើយប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល (ខួរក្បាល ឬខួរឆ្អឹងខ្នង)។ ដោយសារវាជាជម្ងឺកម្រ ដូច្នេះវាប៉ះពាល់ដល់មនុស្សតែ ១ នាក់ប៉ុណ្ណោះក្នុងចំណោម ១លាននាក់ ហើយនៅមិនទាន់មានការព្យាបាលបាននៅឡើយ៕