• 2024-07-31 10:20:00
  • ព័ត៌មាន

ព្រីន និង ម៉េង កែវពេជ្ជតា ធ្វើឱ្យអ្នកស្តាប់រន្ថើនអារម្មណ៍តាមចង្វាក់ភ្លេងហ៊ីបហប និងប៉ារ៉ូថ្មីបែបយុវវ័យ

  • 2024-07-31 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ «ពេលណាបងមករកអូន» ដែលជាសំនៀងដើមរបស់រាជនីសម្លេង ម៉េង កែវពេជ្ជតា ត្រូវបានកំលោះសង្ហាមានមន្តស្នេហ៍ ព្រីន លើកយកមកកែច្នៃសាច់ភ្លេងថ្មី ជាចង្វាក់ហ៊ីបហប (hip hop) បែបទំនើប ជាមួយពាក្យពេចន៍ប៉ារ៉ូបែបថ្មីស្តាប់ទៅប្លែកអារម្មណ៍ ហើយត្រូវចំណង់ចំនូលចិត្តយុវវ័យនាពេលបច្ចុប្បន្នតែម្តង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាម្ចាស់សំនៀងដើមក៏លេចវត្តមានក្នុងបទ «ពេលណាបងមករកអូន» ជាមួយ ព្រីន ផងដែរ។ ចម្រៀង Cover ឡើងវិញនេះ ត្រូវបានទម្លាក់លើទីផ្សារកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ លើឆានែលយូធូប Prince - ព្រីន Official។

រូបភាព៖ ហ្វេសប៊ុក Meng Keo Pichenda - ពេជ្ជតា

ចង្វាក់ភ្លេង ប៉ារ៉ូ និងការតុបតែងខ្លួនរបស់អ្នកទាំងពីរ ពិតជាទាក់ទាញ ជាមួយទឹកដមសំនៀងពីរោះប្លែក ធ្វើឱ្យទស្សនិកជនស្តាប់ទៅរឹតតែរន្ថើនអារម្មណ៍ខ្លាំងឡើង។ ចំណែក ទឹកមុខ កាយវិការរាំ និងការសម្តែងរបស់តារាចម្រៀងចំនូលថ្មី ព្រីន ក៏មើលទៅស៊ីម៉េទ្រីគ្នាខ្លាំងជាមួយតារាចម្រៀងជើងចាស់ ពេជ្ជតា ទោះបីគម្លាតវ័យច្រើនក៏ដោយ។

«តើពេលណាបងមករកអូន? (បងទៅរកអូនហើយណា baby) តើពេលណាទើបស្ងួនទំនេរ? (បងទំនេរៗពេលនេះ) ... សូមអូនកុំងកង៉ក់ដាក់បងពេក បងទៅយកអូនហើយ» ជាឃ្លាចម្រៀងដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមប្រើប្រាស់កម្មវិធី Tik Tok ដោយគ្រប់គ្នាបានយកបទ «ពេលណាបងមករកអូន» ទៅធ្វើត្រាប់តាមលេងកម្សាន្តគ្រប់ៗគ្នា ធ្វើឱ្យបទនេះក្លាយជាចម្រៀងកំពុងពេញនិយម (trend) ខ្លាំងលើសពីការរំពឹងទុក។ សូម្បីតែសិល្បករ-សិល្បការនីល្បីៗក៏នាំគ្នាយកបទចម្រៀងនេះទៅលេងដែរ។

រូបភាព៖ ហ្វេសប៊ុក Meng Keo Pichenda - ពេជ្ជតា

ក្រឡេកទៅមើលហ្វេនៗឯណោះវិញ បាននាំគ្នាសរសើរការច្រៀងរបស់ ព្រីន មិនដាច់ពីមាត់ ខណៈអ្នកខ្លះទៀត ពោលសរសើរដល់ ម៉េង កែវពេជ្ជតា ថា ខ្ញីកាន់តែចាស់កាន់តែហិល ព្រោះទឹកដមសំនៀងរបស់អ្នកនាងនៅក្រអួនក្រអៅ ហើយរឹតតែទាក់ទាញខ្លាំង ពេលបកស្រាយបទចម្រៀងចាស់ក្នុងទម្រង់ថ្មីជាមួយតារាចម្រៀងស្រករដោយដូចជា ព្រីម ស្តាប់ទៅកាន់តែពីរោះ អត្ថន័យក៏មុតស្រួចចាក់ចំចិត្តអ្នកស្តាប់តែម្តង។

រូបភាព៖ ហ្វេសប៊ុក Meng Keo Pichenda - ពេជ្ជតា

គួររំឮកដែរថា កំលោះសង្ហា ព្រីន បានដកដៃពីការសម្តែងភាពយន្តមួយរយៈធំ ដោយងាកមកផ្តោតលើការផលិតចម្រៀង និងការផលិតមាតិកាប្លែកៗជំនួសវិញ។ លោកបានទម្លាក់បទចម្រៀងថ្មីៗជាបន្តបន្ទាប់ ក្រោយមើលឃើញថា ទស្សនិកជនច្រើនពេញចិត្តសូរសៀងសំនៀងរបស់លោក។

ស្របជាមួយគ្នានោះ លោក និងដៃគូដ៏ស្និទ្ធស្នាល កញ្ញា រចនា រ៉ាវ៉ាឌី ក៏ចាប់ដៃគ្នាផលិតមាតិកាប្លែកៗបង្ហោះលើបណ្តាញសង្គមជំនួសឱ្យការថតភាពយន្ត ដែលវីដេអូរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ទើបអ្នកទាំងពីរបន្តរិះរកគំនិតថ្មីៗមកផលិតវីដេអូបន្តទៀត។

កន្លងមក ម្ចាស់បទ «ធីតា» ធ្លាប់អះអាងថា លោកមិនបោះបង់ចោលមួយណាឡើយរវាងវិស័យភាពយន្ត និងចម្រៀង គ្រាន់តែចង់ផ្អាកថតភាពយន្តខ្លះ ព្រោះថតច្រើនរឿងជាប់គ្នាពេលអាចធ្វើឱ្យអ្នកទស្សនាធុញទ្រាន់។ បើមានឱកាសលោកនៅតែទទួលថតភាពយន្តវិញធម្មតាតាមកាលៈទេសៈ និងពេលវេលាអំណោយផល។ ប៉ុន្តែ ពេលនេះលោកចង់ពង្រឹងអាជីពចម្រៀងឱ្យរឹងមាំសិន ទើបព្យាយាមទម្លាក់បទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម