- 2024-08-03 04:35:00
- ព័ត៌មាន
លើកទី១ វ៉ៃហាំង និង យូប៊ីន ពួតដៃគ្នាធ្វើទូតសុឆន្ទៈមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤
- 2024-08-03 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ វ៉ៃហាំង និង យូប៊ីន ពួតដៃគ្នាធ្វើទូតសុឆន្ទៈមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤
ចន្លោះមិនឃើញ
ក្រោយខកខានបញ្ចេញស្នាដៃរួមគ្នាមួយរយៈ ពេលនេះតារាសម្តែងឆ្នើមរូបស្រស់ ស៊ីន យូប៊ីន និងកំលោះសង្ហា ខាត់ វ៉ៃហាំង ងាកមកចាប់ដៃគ្នាធ្វើជាទូតសុឆន្ទៈមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមពាក្យស្លោកថា «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដើម្បីជំរុញចិត្តយុវសមិទ្ធករ និងផលិតករវ័យក្មេងទាំងឡាយឱ្យមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពផលិតភាពយន្តខ្នាតខ្លី ក៏ដូចជាប្រម៉ូតផ្សព្វផ្សាយឱ្យគ្រប់គ្នាដឹងពីគុណតម្លៃរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា។
មែនទែនទៅ នេះជាលើកដំបូងបង្អស់ដែលសិល្បករល្បីឈ្មោះទាំងពីររូបទទួលបានតំណែងជាទូតសុឆន្ទៈមហោស្រព ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់តែទទួលការងារជាទូតសុឆន្ទៈឱ្យបណ្តាក្រុមហ៊ុន ឬប្រេនផ្សេៗតែប៉ុណ្ណោះ។
ផ្តល់កិច្ចសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នៅព្រឹកថ្ងៃទី២ ខែសីហានេះ នៅរោងភាពយន្ត ហ្វេប៊ល វ៉ៃហាំង និង សោភារូបស្រស់ យូប៊ីន សប្បាយចិត្តដែលអ្នកទាំងពីរទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំក្នុងការកាន់តំណែងទូតសុឆន្ទៈមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤។
សិក្បករទាំងពីររូប ត្រៀមខ្លួនរួចហើយសម្រាប់ការចែករំលែកបទពិសោធន៍ការសម្តែង និងតិចនិកផ្សេងៗពាក់ព័ន្ធវិស័យភាពយន្តទៅកាន់ផលិតករវ័យទាំងឡាយ។ បន្ថែមពីលើនោះ ក៏នឹងមានថតវីដេអូប្រម៉ូត និងចូលរួមវគ្គបណ្តុះបណ្តាលតាមការផែនការដែលបានគ្រោងទុកផងដែរ។
តួឯកប្រុសស្រីរឿង «លួចស្នេហ៍គូរដណ្តឹង» សន្យាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងចែករំលែកគន្លឹះសំខាន់ៗគ្រប់យ៉ាងមិនឱ្យខ្វះចន្លោះ ធ្វើយ៉ាងណាឱ្យផលិតករវ័យក្មេងអាចផលិតបានស្នាដៃភាពយន្តដ៏មានគុណភាពសម្រាប់ការប្រកួតមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រៅពីពាន និងប្រាក់រង្វាន់លើកទឹកចិត្តហើយនោះ ម្ចាស់ជយលាភីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ អាចនឹងមានឱកាសនាំយកភាពយន្តខ្លីទៅចូលរួមមហោស្រពអន្តរជាតិផ្សេងៗ និងឱកាសចូលរួមវគ្គបណ្តុះបណ្តាថ្នាក់តំបន់តាមប្រទេសផ្សេងៗ ដែលវាជាឱកាសដ៏ល្អសម្រាប់ផលិតករវ័យក្មេងក្នុងការបោះជំហានទៅរកទីផ្សារអន្តរជាតិ។
យុវសមិទ្ធករ និងផលិតករវ័យក្មេង អាចដាក់ភាពយន្តខ្លីចូលរួមប្រកួតមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ព័ត៌មានលម្អិតពីការដាក់ពាក្យ លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ «មហោស្រពភាពយន្តជាតិខ្នាតខ្លី Cambodia National Short Film Festival»៕