• 2024-08-06 09:00:00
  • ព័ត៌មាន

បវរកញ្ញាកូនកាត់ខ្មែរ-បារាំង ហង្ស ម៉ានីតា ផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រជាថ្មី ក្រោយបង្ហើបគម្រោងវិលរកឆាកបវរកញ្ញា

  • 2024-08-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តាអ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា នៅតែទទូចសុំឱ្យបវរកញ្ញាកូនកាត់ខ្មែរ-បារាំង កញ្ញា ហង្ស ម៉ានីតា ម្ចាស់មកុដ Miss Universe Cambodia 2022 ត្រឡប់មកប្រកួតកម្មវិធីសម្រស់ជាថ្មីម្តងទៀត ព្រោះពួកគេសោកស្តាយរូបសម្រស់ និងសមត្ថភាពដ៏ពូកែរបស់នាង។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ទោះបីជា ម៉ានីតា មិនទាន់អាចបំបែកកំណត់ត្រានាំកម្ពុជាចូលក្នុងវគ្គ Top នៃការប្រកួត Miss Universe ក៏ពិតមែន តែនាងទទួលបានក្តីស្រលាញ់យ៉ាងច្រើនលើសលុបពីអ្នកគាំទ្រ។ កូនកាត់ខ្មែរ-បារាំងរូបនេះ បានវិចស្ពាយបទពិសោធន៏ពីការប្រកួតអន្តរជាតិមកចែករំលែកដល់បវរកញ្ញាជំនាន់ក្រោយ ក៏ដូចជាទុនសម្រាប់ខ្លួនឯងក្នុងការត្រឡប់មកអង្រួនវិស័យបវរកញ្ញាជាថ្មីផងដែរ។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ស្របពេលដែលអ្នកគាំទ្រផ្ញើរសារទទូចសុំឱ្យនាងត្រឡប់មកប្រកួតវិញស្ទើរតែរាល់ថ្ងៃ ម៉ានីតា មិនធ្វើឱ្យអ្នកគាំទ្រនាងអស់សង្ឃឹមឡើយ ដោយថ្មីៗនេះនាងបានអះអាងប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកថា បច្ចុប្បន្ននាងពុំទាន់មានគម្រោងត្រឡប់មកប្រកួតវិញនៅឡើយទេ តែក៏មិនមែនដាច់អហង្គការថាមិនត្រឡប់មកវិញនោះដែរ។

បវរកញ្ញាពោរពេញដោយសមត្ថភាពរូបនេះបន្តថា នាងបានសម្លឹងមើលកម្មវិធីបវរកញ្ញា និងមានកម្មវិធីក្នុងចិត្តរួចរាល់ហើយ គ្រាន់តែមិនទាន់ដល់ពេលវេលាស័ក្កសមសម្រាប់ការត្រឡប់វិញតែប៉ុណ្ណោះ។ យ៉ាងណាមិញ នាងពិតជាអរគុណខ្លាំងមែនទែនចំពោះទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកគាំទ្រដែលបានផ្ញើរសារមកសុំឱ្យនាងត្រឡប់មកអង្រួនវិស័យបវរកញ្ញាស្ទើរតែរាល់ថ្ងៃ។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាពិតជាធំធេងណាស់សម្រាប់នាង ហើយ Miss Universe Cambodia 2022 សង្ឃឹមថា គ្រប់គ្នានឹងបន្តស្រលាញ់នាងបែបនេះរហូតដល់ថ្ងៃដែលនាងសម្រេចចិត្តត្រឡប់មកប្រកួតម្តងទៀត។

ដ្បិតតែសព្វថ្ងៃ ហង្ស ម៉ានីតា ពុំសូវមានសកម្មភាពសិល្បៈខ្លាំង ដោយសារជាប់រវល់បំពេញការងារផ្ទាល់ខ្លួន តែនាងនៅទទួលធ្វើការងារសិល្បៈ និងថតភាពយន្តធម្មតា គ្រាន់តែធ្វើតាមលទ្ធភាព និងពេលវេលាជាក់ស្តែងដែលអំណោយផលអាចឱ្យនាងទទួលការងារនោះធ្វើបាន៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម