• 2024-08-13 02:21:14
  • ព័ត៌មាន

កំពូលសមត្ថភាព ទាំង ៤ មានរាសីខ្លាំងឆក់បានភាពជោគជ័យទាំងវិស័យ K-Pop និង K-Drama

  • 2024-08-13 02:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបន្ថែមអាជីពជាតារាសម្ដែង ពីលើ​វិស័យ K-pop គឺ​ជា​រឿង​ធម្មតា​សម្រាប់​តារាប្រុស​ស្រី​ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ពួកគេ​មានសមត្ថភាព។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែក្ដោបបានភាពជោគជ័យក្រាស់ក្រែលបាន​ឡើយ ព្រោះវិថីនេះ​មិនងាយស្រួលឡើយ បើមានតែសម្រស់មួយមុខ។ ជារឿងកោតសសើរ ដែលតារា​ចម្រៀង​មួយ​ចំនួន នៅតែអាចជម្នះបាន ដោយ​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​អស្ចារ្យប្រចាំវិស័យសម្ដែងមិនចាញ់ពេលដែលពួកគេឡើងឆាកច្រៀងនោះទេ។ ​ទេព​កោសល្យ​របស់​ពួកគេពិតជាពុំមែនជារឿងលេងសើចឡើយ ព្រោះ​ដោយសារភាពវៃឆ្លាត និងការខិតខំជានិច្ច បាន​ ធ្វើឲ្យពួកគេគ្រងតំណែងជាតួឯកសឹងគ្រប់រឿង និងកាន់តែល្បីឡើង។

ជាក់ស្ដែង ខាង​ក្រោម​នេះ ​គឺ​ជា​តារា​ស្រី​ K-Pop ដែលត្រូវបានគេទទួលស្គាល់ថាជោគជ័យ ទាំងវិស័យ K-Pop និង K-Drama

១. YoonA (Girls’ Generation)

នេះគឺជា​តារា​ស្រី​ដែល​អ្នកគាំទ្រវិស័យសិល្បៈកូរ៉េខាងត្បូងស្គាល់ស្ទើរទាំងអស់ មិនថាក្នុងវិស័យ K-PopK-Drama ទេ។ YoonA ត្រូវ​បានក្លាយជា​តារាតំណាង​ឲ្យទេពកោសល្យទាំងព្រមប្រចាំវិស័យ។ បង្ហាញមុខដំបូងក្នុងនាមជាតួឯកស្រី ក្នុងរឿង «You Are My Destiny» កាលពីឆ្នាំ ២០០៨ ហើយបាន​បំផ្ទុះវិស័យ K-Drama មិនធម្មតា ដោយនាង​បាន​ឲ្យគ្រប់គ្នា​ដឹង​ថា​សមត្ថភាពរបស់នាងខ្លាំងប៉ុនណា ទោះពេល​នោះនាងទើបនៅជាចំណូលថ្មី​ក៏ដោយ។

២. IU

តារាស្រីរូបនេះ​បាន​ក្លាយជាគំរូអស្ចារ្យ ដែលបាន​ប្ដូរខ្លួនពីតារា​ចម្រៀង ទៅជាតារាសម្ដែង។ នាង​បាន​ចូល​ក្នុងពិភពសម្ដែង តាមរយៈរឿង «Dream High»។ រឿងមិនតិចទេ ដែល IU ទទួល​បាន​ការ​កោតសរសើរ​មិនដាច់ពីមាត់ ដូចជារឿង «The Producers», «Hotel Del Luna», «My Mister» ជាពិសេសរឿង «Moon Lover»។ សម្រាប់អាជីពជា Idol នាងក៏ជាប់ឈ្មោះជាតារា​ស្រីទោល​ដែលល្បីខ្លាំង និងជោគជ័យពីការប្រគំតន្ត្រីច្រើនរាប់ភ្លេចកន្លងមកច្រើនឆ្នាំមក​នេះ។

៣. Jung Eunji (APINK)

Eunji សមាជិកក្រុម Apink ដែលមានតួនាទីខាងច្រៀងនាំមុខ ប្រចាំក្រុម បាន​វិវត្តខ្លួនមកជាតារា​សម្ដែង តាមរយៈរឿង “Reply 1997”។ សមត្ថភាពសម្ដែងរបស់តារា​ស្រី​កើតឆ្នាំ ១៩៩៣ រូបនេះ ពិតជា​មិនអាច​មើលរំលងបាន​ ឡើយ ហេតុនេះហើយទើប​ធ្វើ​ឲ្យនាង​ឈ្នះពាន ជាតារាសម្ដែងស្រី​ចំណូលថ្មី​ដែល​ឆ្នើម​ប្រចាំឆ្នាំដំបូងដែលនាងបង្ហាញមុខ ។ អាជីពជាតារា​ចម្រៀងពិតជា​មមាញឹក ប៉ុន្តែនៅតែមិនអាចឃាត់ផ្លូវ Eunji មិនឲ្យទទួលការងារថតរឿងផ្សេងទៀត។ អរគុណដល់ការប្រឹងប្រែង ទើប Eunji ធ្វើបានល្អ និងជោគជ័យជាបន្តបន្ទាប់។

៤. Bae Suzy (អតីតសមាជិកក្រុម miss A)

Bae Suzy អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី Miss A ជា​តារា​ស្រី​ដែល​ប្រែ​ក្លាយ​ជា​តារា​ដែល​ទទួល​ស្គាល់​ច្រើន​មិនធម្មតាដូចគ្នា។ នាង​បាន​ចាប់​ផ្តើម​អាជីព​សម្តែង​ជាមួយ​នឹង​រឿង “Dream High” ក្នុង​ឆ្នាំ ២០១១ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង និង​ជួយ​ឱ្យ​​ប្រជាប្រិយភាពហក់ឡើងមួយកម្រិត​ទៀត។ បន្ទាប់ពីរឿងនេះ នាងបានសម្តែងក្នុងរឿងភាគល្បីៗជាច្រើនដូចជា "While You Were Sleeping" "Vagabond" និង "Start-Up" ជាដើម។

ច្បាស់ណាស់ នៅមានតារាស្រី K-Pop ផ្សេងទៀតដែលធ្វើបានល្អដូចគ្នា ប៉ុន្តែអ្នកទាំង ត្រូវបានគេលើកជាឧទាហរណ៍ និងជាគំរូក្នុងនាមអ្នកដែលមានទេពកោសល្យអស្ចារ្យ អាចយកឈ្នះចិត្តមហាជន អ្នកគាំទ្រ មិនថាលើឆាកចម្រៀង និងវិស័យសម្ដែង។ ការផ្លាស់ប្តូរភាពជោគជ័យរបស់ពួកគេក្នុងការសម្ដែងមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់អាជីពទាំងមូលរបស់ពួកគេផងដែរ៕

ប្រភព៖ beauty321 អត្ថបទ៖ ធារី

មតិយោបល់