- 2024-08-22 11:58:00
- ព័ត៌មាន
ល្អហួស , លី មួយលាង ត្រៀមប៉ះបវរកញ្ញាឥណ្ឌូនេស៊ី Shaquila ក្នុងភាពយន្តខ្នាតអន្តរជាតិ «ម្ចាស់កញ្ចក់»
- 2024-08-22 11:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អហួស , លី មួយលាង ត្រៀមប៉ះបវរកញ្ញាឥណ្ឌូនេស៊ី Shaquila ក្នុងភាពយន្តខ្នាតអន្តរជាតិ «ម្ចាស់កញ្ចក់»
ចន្លោះមិនឃើញ
ពិតជាកក្រើកមិនខានឡើយ បវរកញ្ញាវ័យក្មេងកម្ពុជា ២រូប គឺ យុវតី ល្អហួស ម្ចាស់មកុដ Miss Preteen Junior Idol World 2024 និង យុវតី លី មួយលាង ម្ចាស់មកុដ Miss Teen International 2024 នឹងត្រូវសម្តែងប៉ះគ្នាជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូនេស៊ី Shaquila Keisha ម្ចាស់មកុដ Miss Teen Icon International 2024 ក្នុងវណ្ណកម្មស្នាដៃភាពយន្តខ្នាតអន្តរជាតិរបស់ Mediaload ចំណងជើងថា «ម្ចាស់កញ្ចក់»។
នេះជាលើកដំបូងបង្អស់ដែល ល្អហួស , លី មួយលាង និង Shaquila Keisha មានឱកាសសម្តែងរួមគ្នា លើទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតស្នាដៃភាពយន្តខ្នាតអន្តរជាតិដ៏រន្ធត់ព្រឺព្រួចនេះ។
ល្អហួស , លី មួយលាង បានសម្តែងអារម្មណ៍រំភើបក្រៃលែង ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសឱ្យសម្តែងក្នុងរឿងកម្រិតអន្តរជាតិ ក្រោយអ្នកទាំងពីរត្រឡប់ពីប្រកួតឆាកអន្តរជាតិវិញ។ រឹតតែពិសេស វត្តមានរបស់ ម្ចាស់មកុដ Miss Teen Icon International 2024 ក៏នឹងចូលរួមសម្តែងជាមួយគ្នាផងដែរ។
ក្នុងនោះ លី មួយលាង សម្តែងជាតួអង្គបងស្រីរបស់ ល្អហួស តែម្តង ខណៈ ល្អហួស ដើរតួជាអ្នកមានញាណពិសេសអាចទាក់ទងជាមួយខ្មោចបាន។ បវរកញ្ញាវ័យក្មេងទាំង ២រូប ជឿជាក់ថា ទស្សនិកជននឹងទទួលបានបទពិសោធន៍ការទស្សនារឿង horror ដ៏រន្ធត់ព្រឺព្រួចមិនធ្លាប់ឃើញពីមុនមក ជាមួយឈុតឆាកពញ្ញាក់អារម្មណ៍ជាច្រើនទៀត។
ចំណែក Shaquila Keisha ពិតជាសប្បាយចិត្តដែលបានរួមសម្តែងភាពយន្តខ្នាតអន្តរជាតិនេះជាមួយ ល្អហួស និង មួយលាង។ អ្វីដែលរឹតតែរំភើប គឺនាងត្រូវសម្តែងជាតួអង្គពីរក្នុងតែមួយ ពោលគឺ មនុស្ស និង ខ្មោច ហើយបានស្នាក់នៅកម្ពុជាមួយរយៈដើម្បីថតរឿងខ្នាតធំនេះ។
បវរកញ្ញាឥណ្ឌូនេស៊ី នឹងហ្វឹកហាត់បន្ថែមលើការទន្ទេញអត្ថបទសាច់រឿង តែនាងគ្មានបញ្ហាសម្រាប់បច្ចេកទេសនោះឡើយ ដោយសារកន្លងមកនាងធ្លាប់ថតវីដេអូចម្រៀង ថតស៉្បត និងថតភាពយន្តខ្លះៗផងដែរ។
ស្របពេលភាពយន្តខ្នាតអន្តរជាតិ «ម្ចាស់កញ្ចក់» កំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ លោក អ៊ិន វិចិត្រ ស្ថាបនិក Mediaload បានទម្លាយឱ្យដឹងថា រឿង «ម្ចាស់កញ្ចក់» ចំណាយទុនជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើគុណភាពសាច់រឿង បច្ចេកទេសថត។ ក្រៅពីការចាក់បញ្ចាំងក្នុងស្រុក រឿងនេះមានគម្រោងនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។
សូមជម្រាបថា ក្រៅវត្តមានបវរកញ្ញាវ័យក្មេងកម្ពុជា ល្អហួស , លី មួយលាង និង បវរកញ្ញាឥណ្ឌូនេស៊ី Shaquila Keisha ភាពយន្តខ្នាតអន្តរជាតិ «ម្ចាស់កញ្ចក់» នេះ ក៏មានការចូលរួមសម្តែងពីតារាភាពយន្តជើងចាស់ ទេព រិន្ទដារ៉ូ និងតារាសម្តែងល្បីជំនាញតួអង្គខ្មោះ ផល្លា ទៀតផង ដែលនឹងចូលរួមញ៉ាំងសាច់រឿងនេះឱ្យរឹតតែរន្ធត់ញាប់ញ័រថែមមួយកម្រិតទៀត៕