• សុក្រ, 23 សីហា 2024 10:10
  • ព័ត៌មាន

តារាសម្តែងស្រីឆ្នើម ២រូប វិវត្តន៍ខ្លួនពីតារាសម្តែងទៅជាផលិតករភាពយន្ត

  • សុក្រ, 23 សីហា 2024 10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជារឿងធម្មតានោះឡើយ សម្រាប់ការវិវត្តន៍ខ្លួនពីតារាសម្តែងអាជីព ទៅជាផលិតករភាពយន្ត ព្រោះវាទាមទារឱ្យបុគ្គលម្នាក់នោះមានឥទ្ធិពល សមត្ថភាព ចំណេះដឹង និងការតាំងចិត្តខ្ពស់ក្នុងប្រឈមបញ្ហាធំៗជាច្រើនដែលកើតឡើងដោយឥតព្រាងទុក។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន គេស្រាប់តែប្រទះឃើញតារាសម្តែងស្រីឆ្នើម ២រូប គឺ កញ្ញា ស៊ីន យូប៊ីន និង កញ្ញា រ៉េត សារីតា កំពុងត្រួសត្រាយផ្លូវចូលទៅក្នុងអាជីពជាផលិតករភាពយន្ត បន្ទាប់ពីអ្នកទាំងពីរជោគជ័យលើអាជីពជាតារាសម្តែង ដែលគ្រប់គ្នាទទួលស្គាល់ពីសមត្ថភាពយ៉ាងពិតប្រាកដ។

រូបភាព៖ ហ្វេសប៊ុក Sarita Reth & Shin Yubin

១. កញ្ញា ស៊ីន យូប៊ីន កំពុងដឹកនាំរឿង «លួចស្នេហ៍គូដណ្តឹង» វគ្គ ២ ចំណងជើង «គម្លាតរវាងយើង» ជារឿងភាគ សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

រូបភាព៖ ហ្វេសប៊ុក Shin Yubin

ចេញដឹកនាំរឿងលើកដំបូង យូប៊ីន ទទួលបានគ្រប់រស់ជាតិ ផ្អែម ល្វីង ជូរ ចត់ និងភាពស្មុគស្មាញច្រើន។ ប៉ុន្តែ យ៉ាងណា នាងសប្បាយចិត្តដែលបានបំពេញក្តីស្រមៃរបស់ខ្លួនឯង ទោះបីទៅមុខសន្សឹមៗក៏គ្រាន់បើជាងយើងមិនបានចាប់ផ្តើមធ្វើនោះដែរ។

ផលិតករថ្មីថ្មោងរូបនេះ ប្តេជ្ញាប្រើប្រាស់ចំណេះជំនាញ និងទេពកោសល្យសិល្បៈរបស់នាងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមជំរុញវិស័យភាពយន្តខ្មែរឱ្យកាន់តែមានភាពរីកចម្រើន។ នាងសង្ឃឹមថា ទស្សនិកជននឹងចូលចិត្តស្នាដៃភាពយន្តដំបូងដែលនាងដឹកនាំការផលិត ហើយប្រសិនបើមានការគាំទ្រនាងនឹងបន្តផលិតភាពយន្តបន្តបន្ទាប់ ឆ្ពោះទៅការផលិតខ្សែភាពយន្តខ្នាតធំផងដែរ។

រូបភាព៖ ហ្វេសប៊ុក Shin Yubin

២. កញ្ញា រ៉េត សារីតា កំពុងសំងំថតភាពយន្តខ្នាតខ្លីមួយ ដែលនាងជាផលិតករដឹកនាំសម្តែងរឿងផ្ទាល់តែម្តង។

រូបភាព៖ ហ្វេសប៊ុក Sarita Reth

ឡើងកាន់តំណែងផលិតករភាពយន្តលើកដំបូង សារីតា រងសម្ពាធ ហើយស្ត្រេសខ្លាំង ព្រោះរឿងស្មុគស្មាញដែលកើតឡើងអំឡុងពេលផលិតភាពយន្ត ពិសេសរឿងលុយកាក់ និងអ្នកសហការឧបត្ថម្ភតែម្តង។

តារាសម្តែងកំពុងវិវត្តន៍ខ្លួនជាផលិតកររូបនេះ សុំមិនបញ្ចេញចំណងជើងរឿងខ្លីកំពុងថតនោះឡើយ ប្រាប់បានតែថា រឿងនេះថតនៅក្នុងរាជធានីភ្នំពេញ និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។

រូបភាព៖ ហ្វេសប៊ុក Sarita Reth

ក្នុងនាមជាផលិតករ នាងផ្តោតសំខាន់លើឆ្អឹងរឿង ប្លង់ថត និងបច្ចេកទេសសម្លេងយ៉ាងល្អិតល្អិន់ ព្រោះនាងមានគម្រោងដាក់រឿងខ្លីនេះតាមមហោស្រពភាពយន្តអន្តរជាតិជាច្រើន តែពុំទាន់អាចប្រាប់ឱ្យដឹងពេលនេះបានឡើយ។

កៅអីផលិតករភាពយន្ត ជាក្តីស្រមៃដ៏ធំររបស់ កញ្ញា រ៉េត សារីតា ដែលនាងតែងតែចង់រុញច្រានខ្លួនឯងឱ្យដល់គោលដៅនោះ ដូចនេះ ទោះបីជួបប្រទះផលលំបាក និងមានសម្ពាធច្រើនក៏នាងមិនចុះចាញ់ឡើយ។ ផ្ទុយទៅវិញ នាងបានអរគុណដល់ក្រុមការងារ រៀមច្បង និងមនុស្សសំខាន់ៗជាច្រើនទៀត តែបានជួយជ្រោមជ្រែងក្នុងការផលិតភាពយន្តខ្លីលើកដំបូង សម្រាប់ចាក់បញ្ចាំងនៅកម្ពុជា និងដាក់តាមមហោស្រពភាពយន្តអន្តរជាតិផ្សេងៗនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទថ្មី