• 2024-09-09 10:15:00
  • ព័ត៌មាន

ជាតារាសម្តែងមិនអស់ចិត្ត សាន្ត កុសុមៈ សំងំធ្វើផលិតករភាពយន្តទៀត

  • 2024-09-09 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយឈ្នះជយលាភី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ឆ្នាំ២០២១ កេរ្តិ៍ឈ្មោះរបស់ស្រីស្អាត សាន្ត កុសុមៈ ចាប់ផ្តើមល្បីសុះសាយខ្លាំងឡើងរាល់ថ្ងៃ តាមរយៈរូបសម្រស់ សមត្ថភាព ដុងទេពកោសល្យ និងភាពប៉ិនប្រសព្វរបស់នាង។ តារាស្រីរូបនេះ បានលេចមុខក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ ហើយបើនិយាយពីការងារប្រម៉ូតផ្សព្វផ្សាយវិញនោះ កុសុមៈ ឈរនៅតារាងជួរមុខក្នុងចំណោម influencer ស្រីល្បីៗនៅកម្ពុជា។

សមត្ថភាព សម្រស់ បូករួមជាមួយការខិតខំប្រឹងប្រែង ធ្វើឱ្យ កុសុមៈ ច្បាបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ក្លាយជាតារាស្រីវ័យក្មេងក្នុងដួងចិត្តយុវវ័យ។ ពិសេស ពេលនាងថតរឿងបុរាណ តែងតែទទួលការគាំទ្រខ្លាំងពីទស្សនិកជន និងបណ្តាអ្នកគាំទ្ររបស់នាង។

រូបភាព៖ ហ្វេសប៊ុក @Kosamak san

ស្របពេលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ តារាស្រីរូបស្រស់ សាន្ត កុសុមៈ ស្រាប់តែបង្ហើបដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល គឺពេលនេះនាងកំពុងសំងំធ្វើជាផលិតករ និងជាអ្នកដឹកនាំខ្សែភាពយន្តមួយ ដែលបច្ចុប្បន្នរឿងនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ក្រោមការជួយជ្រោមជ្រែងពីក្រុមការងារ និងបុគ្គលសំខាន់ៗមួយចំនួនទៀត។

Influencer ល្បីឈ្មោះរូបនេះ មិនទាន់អាចទម្លាយឱ្យដឹងពីចំណងជើងរឿងនោះឡើយ ប្រាប់បានតែថា ស្នាដៃរឿងដំបូងដែលនាងចេញដឹកដោយផ្ទាល់ដៃនេះ ជាខ្សែភាពយន្តខ្នាតធំ ប្រភេទរឿងបុរាណដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពប្លែកៗជាច្រើន ដែលពុកម៉ែបងប្អូននឹកស្មានមិនដល់។

រូបភាព៖ ហ្វេសប៊ុក @Kosamak san

ផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ (The 2nd Cambodia Asian Film Festival) កាលពីពេលថ្មីៗ កញ្ញា សាន្ត កុសុមៈ ឱ្យដឹងថា នាងស្រលាញ់អាជីពជាអ្នកដឹកនាំរឿងតាំងពីនាងចេញថតរឿងដំបូងមកម៉្លេះ។ ការសម្រេចចិត្តបត់ខ្លួនពីតារាសម្តែងមកជាផលិតករ ព្រោះនាងយល់ថា តារាសម្តែងត្រូវធ្វើតាមសាច់រឿងដែលអ្នកនិពន្ធសរសេរ តែបើយើងជាផលិតករ យើងមានលិទ្ធភាពបង្កើតសាច់រឿងដែលយើងចង់បាន ពោលគឹយើងអាចបង្កើតសិល្បៈច្នៃប្រតិដ្ឋ (creative art) ថ្មីមួយ តាមដែលយើងចង់បាន។

ផលិតករភាពយន្តវ័យក្មេងនេះទទួលស្គាល់ថា ការចេញដឹកនាំរឿងលើកដំបូងពិតជាជួបផលលំបាក និងមានភាពស្មុគស្មាញច្រើន។ ប៉ុន្តែ កត្តាទាំងនេះមិនអាចរាំងស្ទះការខិតខំប្រឹងប្រែងរបស់នាងបានឡើយ ផ្ទុយទៅវិញ កាន់តែស្ត្រេសនាងកាន់តែព្យាយាមស្វែងរកវិធីរំសាយអារម្មណ៍ឱ្យបានច្រើន ព្រោះនាងយល់ថា ទាល់តែយើងធ្វើរឿង challenge ទើបជីវិតរឹតតែមានន័យ។

រូបភាព៖ ហ្វេសប៊ុក @Kosamak san

នាងបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការផលិតខ្សែភាពយន្តខ្នាតធំនេះ ដូច្នេះនាងសង្ឃឹមថា ពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់នាង ជួយគាំទ្រស្នាដៃភាពយន្តដំបូងរបស់នាងឱ្យបានច្រើនកុះករ។ តាមគម្រោងផលិតករភាពយន្តវ័យក្មេង សាន្ត កុសុមៈ គ្រោងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំដំបូងលើទំព័រហ្វេសប៊ុក ប៉ុន្តែពេលនេះពុំទាន់អាចផ្តល់ព័ត៌មានជាក់លាក់បាននៅឡើយទេ មានតែរង់ចាំមើលការ update លើទំព័រហ្វេសប៊ុកផ្លុវការរបស់នាង៕

រូបភាព៖ ហ្វេសប៊ុក @Kosamak san

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម