• 2024-09-10 09:15:00
  • ព័ត៌មាន

ដើម្បីឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ តាំង ស៊ូលី ប្តេជ្ញាដណ្តើមកុដ Little Miss Cambodia 2024 ឱ្យបាន

  • 2024-09-10 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដែលវ័យក្មេងពេញដោយសមត្ថភាព តាំង ស៊ូលី បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាវ័យក្មេង Little Miss Cambodia 2024 ដើម្បីសាកល្បងភាពក្លាហាន និងឱកាសក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

រូបភាព៖ ហ្វេសប៊ុក Tang Suly តាំង ស៊ូលី

ស៊ូលី អាយុ១១ឆ្នាំ កម្ពស់ 1.50cm ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៅសាលាប៊ែលធីអន្តរជាតិ សាខាទី២១។ ពេលនេះម៉ូដែលតូច ស៊ូលី បានជាប់ក្នុងវគ្គជម្រុះតាមរយៈរូបថតអនឡាញលើកដំបូង នឹងត្រៀមបង្ហាញសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ខ្លួនជាមួយបេក្ខភាពផ្សេងៗជាច្រើនរូបទៀត ឆ្ពោះទៅការដណ្តើមមកុដជយលាភី។

រូបភាព៖ ហ្វេសប៊ុក Tang Suly តាំង ស៊ូលី

ផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីដើរបង្ហាញម៉ូដរបស់ Rainy Season កាលពីពេលថ្មីៗ កុមារីគួរឱ្យស្រលាញ់ តាំង ស៊ូលី បានឱ្យដឹងថា ដើម្បីឈ្នះមកុដ Little Miss Cambodia 2024 នាងត្រូវពង្រឹងសមត្ថភាពការដើរ ចំណេះដឹង ការប្រើប្រាស់ភាសា និងការរៀបចំតុបតែងខ្លួនផងដែរ។ ដូច្នេះ នាងបានចំណាយពេលទៅហាត់រៀនដើរម៉ូដជាមួយគ្រូជំនាញជាប្រចាំ។

រូបភាព៖ ហ្វេសប៊ុក Tang Suly តាំង ស៊ូលី

កុមារីវ័យ១១ឆ្នាំនេះ សន្យាធ្វើឱ្យបានល្អបំផុត ហើយបញ្ចេញឱ្យអស់ពីសមត្ថភាព មិនឱ្យពុកម៉ែបងប្អូនខកបំណងឡើយ។ តាមគម្រោងដែលធ្លាប់បង្ហើប ម៉ូដែលខ្លួនតូចចិត្តធំរូបនេះ ចង់ក្លាយជាតារាម៉ូដែល និងជាបវរកញ្ញាល្បីឈ្មោះលំដាប់ប្រទេស ហើយការប្រកួត Little Miss Cambodia 2024 នៅពេលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះនាងចង់បន្តទៅប្រកួតកម្មវិធី Miss Grand ទៀត ពេលដែលគ្រប់អាយុអាចចូលប្រកួតបាន។

ក្រោមការជ្រោមជ្រែងលើកទឹកចិត្តយ៉ាងពេញទំហឹងពីក្រុមគ្រួសារ ធ្វើឱ្យកុមារីរូបនេះរឹតតែមានកម្លាំងចិត្ត និងមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពដើរម៉ូដយ៉ាងស្ទាត់ជំនាញ។ នាងសង្ឃឹមថា ក្តីស្រមៃរបស់នាងដែលចង់ក្លាយជាបវរកញ្ញាតំណាងប្រទេសនឹងអាចក្លាយជាការពិត នោះនាងនឹងអាចប្រើប្រាស់សម្លេងដ៏មានឥទ្ធិពលប្រកាសប្រាប់ឱ្យពិភពលោកបានស្គាល់ពីភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់ខ្មែរយើង ជាពិសេស សមត្ថភាពរបស់តារាម៉ូដែលវ័ូយក្មេងកម្ពុជាតែម្តង។

រូបភាព៖ ហ្វេសប៊ុក Tang Suly តាំង ស៊ូលី

សូមជម្រាបថា មុនប្រកាសខ្លួនចូលប្រកួត Little Miss Cambodia 2024 កុមារី តាំង ស៊ូលី ធ្លាប់់បានចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ កម្មវិធី ASIA FASHION RUNWAY COLLECTION នៅប្រទេសម៉ាឡេស៊ី កាលពីចុងឆ្នាំ២០២៣ និងបានចូលរួមការងារស្ម័គ្រចិត្តផ្សេងៗ រួមទាំងការដើរបង្ហាញម៉ូដកម្មវិធីតូចធំជាច្រើនទៀតដែរ ជាហេតុធ្វើឱ្យនាងមានភាពក្លាហានមិនខ្លាចឆាកប្រកួតនោះឡើយ៕

រូបភាព៖ ហ្វេសប៊ុក ASIA FASHION RUNWAY COLLECTION

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទពេញនិយម