• 2024-09-27 04:39:17
  • ព័ត៌មាន

ស្ថានីយទូរទស្សន៍បាយ័ន ប្រកាសបើកប្រកួតបវរកញ្ញាពិភពលោក ២០២៤

  • 2024-09-27 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយទូរទស្សន៍បាយ័ន ប្រកាសបើកជាផ្លូវការនូវការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០២៤ (Miss Global 2024 ) នៅថ្ងៃធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្ទីឌីយោបាយ័ន ស្ទឹងមានជ័យ ដោយមានបវរកញ្ញាចំនួន ៣៥រូប មកពីតំណាងខេត្តក្រុង និងតំណាងប្រទេសមួយចំនួន បានចូលរួម។

រូបថត៖ ហ្វេសប៊ុក

តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន លោក គង់ វិសាល មានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ការប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រនឹងឈានមកដល់ ដែលរៀបចំនៅខាងក្រៅស្ទីឌីយោស្ទឹងមានជ័យ តែក្រុមការងារនឹងជម្រាបពីទីតាំងតាមក្រោយ។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ គឺមានការប្រកួតវិញ្ញាសារដូចជា៖ ទី១ ឈុតហែលទឹក ទី២ ឈុតតំណាងជាតិ វគ្គបឋម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

បើតាមលោក គង់ វិសាល Miss Global 2024 គឺបាយ័នរៀបចំឡើងដើម្បីបង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្មែរ ក៍ដូចជាចង់បំផុសពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ។ គណៈកម្មការ គឺមានពីភាគីតំណាងកម្ពុជា និងមានគណៈកម្មការតំណាងរបស់Miss Global។ ចំពោះការដាក់ពិន្ទុវិញ លោកថាគណៈកម្មការនឹងដាក់ទៅតាមសមត្ថភាពបេក្ខនារី គឺការវិនិច្ឆ័យទៅតាមសមត្ថភាពជាក់ស្ដែង បើទោះជាខ្លឹមសារទាំងមូលយើងផ្ដោតទៅលើសម្រស់ក៏ដោយតែត្រូវពាក់ព័ន្ធជាមួយចំណេះដឹង ភាពក្លាហាន និងអត្តរឹតរបស់គាត់ផងដែរ។

លោក គង់ វិសាល បង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងជ្រើសបានគ្រាប់ពេជ្រមួយដ៏ល្អដើម្បីនាំអរិយធម៌ វប្បធម៌ ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកតាមរយៈ Miss Global 2024 ព្រោះម្ចាស់ម្កុដនឹងត្រូវបានជ្រើសជាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ។ Miss Global 2024 ខុសពីការប្រកួតបវរកញ្ញាផ្សេងៗទៀត ព្រោះអ្នកដឹកនាំកម្មវិធីបានផ្ដល់ឱកាសឲ្យអ្នកចូលរួមប្រកួតមកពីគ្រប់មជ្ឈដ្ឋានក្នុងនោះនារីខ្លះមានវ័យជាង ៣០ឆ្នាំ ជាអាជីវករ និងអ្នកលក់Online ផងដែរ ។

Mr Franz Josef Brume Brewmaster Of Ganzberg Beer ដែលជាSponsor បានឲ្យដឹងថាយើងស្វែងរកម្ចាស់ម្កុដតែម្នាក់ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខនេះ។ ជូនពរបេក្ខភាពសម្រស់ទាំងអស់សម្រេចបំណងនេះ។

លោកគង់ វិសាល បន្ថែមទៀតថាចំណុចពិសេសរបស់Miss Global 2024 បើកឱកាសដល់នារី ស្រ្ដីមេផ្ទះ ដែលមានវ័យចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ព្រោះអាយុមិនសំខាន់ តែសំខាន់លើសម្ថភាព រូបសម្រស់ និងភាពវ័យឆ្លាតរបស់បវរកញ្ញា នោះទើបអាចក្លាយទៅជាម្ចាស់ជ័យលាភី។ គេចាំមើលថាស្រីស្អាតទាំង៣៥ដួង ម្នាក់ណានឹងក្លាយទៅជាម្ចាស់ម្កុដបវរកញ្ញាពិភពលោកឆ្នាំ២០២៤ ដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះហើយ ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម