• 2024-12-30 07:13:07
  • ព័ត៌មាន

តោះដើរភ្លក់មុខម្ហូបខ្មែរ ឆ្ងាញ់ៗ ក្នុងក្រុងភ្នំពេញ ជាមួយចុងភៅឆ្នើម រស់ រតនៈ - Chef Nak

  • 2024-12-30 07:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី រស់ រតនៈ ឫ Chef Nak ជាមនុស្សសំខាន់បានផ្សព្វផ្សាយ អំពីមុខម្ហូបខ្មែរទៅកាន់ឆាកអន្តរជាតិ។ កាលពីពេលថ្មីៗនេះ Chef Nak បានផ្តល់បទសម្ភាសន៍មួយទៅកាន់ Conde Nast Traveller អំពីកន្លែងទទួលទានអាហារឆ្ងាញ់ៗ និង សម្បូរបែប នៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រី បាននិយាយថា “ភ្នំពេញ មិនមែនត្រឹមជាមជ្ឍមណ្ឌល នៃសិល្បៈ និង វប្បធម៌ ប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលមនុស្សគ្រប់គ្នាធ្វើដំណើរមកដើម្បីជីវិតដ៏ល្អប្រសើរមួយ។ ហើយនៅពេលអ្នកទាំងនោះធ្វើដំណើរពីខេត្តផ្សេង មករស់នៅភ្នំពេញ ពួកគេបាននាំយកនូវម្ហូបអាហារប្រចាំតំបន់ មកជាមួយផងដែរ”។

Chef Nak ជាមួយ Youtuber Best Food Review

ខាងក្រោមនេះជាកន្លែង Chef Nak និយមទៅទទួលអាហារ នៅក្នុងទីក្រុងភ្នំពេញ ៖

ផ្សារធំថ្មី Central Market

“ខ្ញុំចូលចិត្តចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយធ្វើដំណើរមកកាន់ផ្សារធំថ្មី ដោយនៅទីនេះ ជាបណ្តុំនៃតូបដែលមានលក់អាហារពេលព្រឹក យ៉ាងសម្បូរបែប។” នេះបើតាមការឱ្យដឹងពី Chef Nak។ អ្នកស្រីបន្តថា “នៅទីនេះ អ្នកនឹងបានឃើញអំពី ម្ហូបដែលជនជាតិខ្មែរ តែងតែបរិភោគ ប្រចាំថ្ងៃ ដែលមានដូចជា បាយសាច់ជ្រូកអាំង នំបញ្ចុក និង បាញ់ឆែវ ជាដើម”។

ភោជនីយដ្ឋាន Kravanh

“ភោជនីយដ្ឋាននេះ ជាប្រភេទកន្លែងទទួលទានអាហារខ្មែរ លំដាប់ប្រណិត។ ជាធម្មតា មន្រ្តីជាន់ខ្ពស់របស់កម្ពុជា បាននាំភ្ញៀវបរទេស មកទទួលទានអាហារនៅទីនេះ ដើម្បីបង្ហាញអំពីប្រណិតភាពរបស់មុខម្ហូបខ្មែរយើង”។ Chef Nak បន្តទៀតថា “ខ្ញុំ បានមកហូបអាហារនៅទីនេះ មុនពេលខ្ញុំក្លាយជាចុងភៅ ទៅទៀត។ ខ្ញុំ ចូលចិត្តហូប អាម៉ុកខ្យង ដោយសារម្ហូបមួយមុខនេះ មានរសជាតិឆ្ងាញ់ខ្លាំង និង ជាម្ហូបបង្ហាញអត្តសញ្ញាណរបស់ខ្មែរផងដែរ។”

Villa Five

Chef Nak ៖ “លោក សៅ សុភ័ក្រ ជាចុងភៅឆ្នើមមកពីខេត្តសៀមរាប។ លោក មានភាពវៃឆ្លាត និងច្នៃប្រឌិត ចំពោះមុខម្ហូបខ្មែរ។ ខ្ញុំពេញចិត្តម្ហូបមួយមុខ នោះគឺត្រីងៀត ជាមួយឪឡឹក និង ស្វាយទុំ។ ត្រីងៀត មានរសជាតិប្រៃតិចៗ ហើយនៅពេលបានហូបជាមួយ ឪឡឹក ឫ ស្វាយទុំ គឺពិតជាចូលជាតិគ្នាតែម្តង”។

Sora Sky Bar

Chef Nak ៖ “ទេសភាពនៃទីក្រុងភ្នំពេញ យើងអាចមើលឃើញបានច្បាស់ពីលើ Sky Bar មួយនេះ ដោយវាស្ថិតនៅជាន់ទី ៣៧ នៃអគារ Rosewood Phnom Penh។ ទិដ្ឋភាពនៅពេលព្រះអាទិត្យរៀបលិច អមជាមួយ cocktails ត្រជាក់ៗ បរិយាកាសបែបនេះពិតជាពិសេសណាស់។”

ប្រភព ៖ Conde Nast Traveller

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់