• 2016-11-21 09:57:49
  • ព័ត៌មាន

ភីអិនអិន នឹង​បង្ហាញ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ ២ រឿង ឆាប់ៗ​នេះ

  • 2016-11-21 09:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ ពីរ រឿង គឺ​រឿង «ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ» និង​រឿង «សង្គ្រាម​បេះដូង» កាន់​តែ​ខិត​ចូល​មក​ដល់​ភាគ​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ភីអិនអិន​ក៏​នឹង​ត្រៀម​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ថ្មី​សន្លាង ២ រឿង​បន្ថែម​ទៀត​នា​ចុង​ឆ្នាំ​២០១៦។

រឿង «សង្គ្រាម​បេះដូង» នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា នេះ​ហើយ។ ប្រិយមិត្ត​នឹង​បាន​ជួប​ជាមួយ​រឿង​ភាគ​ខ្មែរ​រស​ជាតិ​​ថ្មី​មួយ​ទៀត​គឺ​រឿង «កែវ​ភ្នែក»។

«កែវភ្នែក» ជា​រឿង​ដែល​រៀបរាប់​ពី​ការ​តស៊ូ​របស់​ម្ដាយ​ពិការ​ភ្នែក​ម្នាក់​ដែល​តស៊ូ​ប្រឹង​ប្រែង​គ្រប់​យ៉ាង ព្រោះ​តែ​ចង់​ឲ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់ និង​បាន​ការងារ​ធ្វើ​ល្អ​ក្នុង​សង្គម។ ប៉ុន្តែ​កូន​បែរ​ជា​មាន​អារម្មណ៍​ខ្មាស​គេ ព្រោះ​មាន​ម្ដាយ​ពិការ​ភ្នែក​ទៅ​វិញ។ ក្នុង​នាម​ជា​ម្តាយ​មិន​ដែល​ខឹង​នឹង​កូន​ទេ ហើយ​ក៏​មិន​ចង់​ឃើញ​កូន​បាក់​ទឹកចិត្ត​ក្នុង​ការ​រៀន​សូត្រ​ដែរ ម្តាយ​បាន​ខិត​ខំ​រិះរក​គ្រប់​វិធី​ទាំងអស់ ដើម្បី​ឲ្យ​កូន​មាន​ទឹក​ចិត្ត​រៀន​សូត្រ និង​ខិត​ខំ​ទំនុក​បម្រុង​កូន​គ្រប់​បែប​យ៉ាង​រហូត​កូន​បាន​រៀន​ចប់ និង​មាន​ការងារ​ធ្វើ​ល្អ។

ខ្សែ​រឿង​មនោសញ្ចេតនា​កម្សត់ តស៊ូ របស់​ម្តាយ​ពិការ​ភ្នែក​ម្នាក់​នេះ នឹង​មាន​បង្ហាញ​ជូន​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨:០០-៩:០០ យប់ ចាប់​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ត​ទៅ។

ជាមួយ​គ្នា​នេះ​ដែរ រឿង «ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ» ក៏​នឹង​ចូល​មក​ដល់​ភាគ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​នេះ​ហើយ។ រឿង​ភាគ​ខ្មែរ​ដែល​ចូល​ខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​បន្ទាប់ គឺ​រឿង «ភក្តី​ស្នេហ៍​ទ្វេភព» ជា​រឿង​ប្លែក និង​ជា​ចំណី​ចក្ខុ​ថ្មី​សម្រាប់​ទស្សិកជន។ តួ​ឯក​ប្រុស​ក្នុង​រឿង​នេះ​គឺ​លោក អ៊ុន សុទ្ធា ចាប់​ដៃគូ​ជាមួយ​កញ្ញា មឿន ផាណែត។

រឿង​នេះ​និយាយ​ពី​ស្នេហា​ស្មោះស្ម័គ្រ​រវាង នេន ទុំ និង​នាង​ទាវ។ នេន​ទុំ​គឺជា​អ្នក​ដែល​ពូកែ​ខាង​ស្មូត ចំណែក​នាង​ទាវ ក៏​ជា​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​ល្អ​ឯក​ដាច់​គេ​នៅ​ស្រុក​ត្បូង​ឃ្មុំ។ ទុំ និង​ទាវ​បាន​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​ទុំ​ទៅ​សូត្រ​មន្ត និង​ស្មូត​នៅ​ផ្ទះ​របស់​ទាវ។ ទុំ​ក៏​បាន​លាចាក​សិក្ខាបទ​ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​លោកគ្រូ​ឡើយ ដោយសារ​តែ​ចិត្ត​ចង់​រួម​រស់​ជាមួយ​ទាវ។ ប៉ុន្តែ ក្តី​ស្នេហា​របស់​ពួកគេ​ទាំង​ពីរ​នាក់​មិន​បាន​សម​ដូច​បំណង​នោះ​ឡើយ យាយ​ផាន់​តែង​បំបែក​ពួកគេ​ជានិច្ច រហូត​ពួកគេ​បាន​ទៅកាន់​ភព​មួយ​ទៀត។

ចង់​ដឹង​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ទើប​បណ្ដាល​ឲ្យ​ពួកគេ​អាច​ឆ្លង​ទៅកាន់​ភព​មួយ​ផ្សេង​ទៀត​បាន? តើ​ពួកគេ​នឹង​ជួប​ឧបសគ្គ​អ្វី​ខ្លះ ហើយ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា? សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​រឿង «ភក្តី​ស្នេហ៍​ទ្វេ​ភព» ផ្សាយ​ជូន​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៨:០០-៩:០០ យប់ ចាប់​ពី​ថ្ងៃ​ទី​៥ ធ្នូ នេះ​ត​ទៅ។

សូម​មើល​ឈុត​ខ្លី៖

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់