• 2017-01-19 04:33:56
  • ព័ត៌មាន

ក្លឹប​ស្នូកឃ័រ មូន ម៉ារ៉ា សម្ពោធ​ហើយ ម្ចាស់​ព្រលយ​ចង់​ធ្វើ​​ប្រធាន​សហព័ន្ធ​

  • 2017-01-19 04:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ស្នូក​ឃ័រ របស់​ម្ចាស់​បទ"​កាដូ​គ្មាន​ន័យ" លោក មូន ម៉ារ៉ា ដែល​បាន​បោះ​ទុន​វិនិយោគ​តម្លៃ​ជិត​២០ម៉ឺន​ដុល្លារ​នោះ​ បាន​បើក​​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​ម្សិល​មិញ តារា​រូប​នេះ​​ព្រលយ​ចង់​​ឈរ​ឈ្មោះ​ធ្វើ​​ប្រធាន​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​យល់​ព្រម។

ការ​ព្រលយ​ចង់​​កាន់​តំណែង​ខាង​លើ​ ក៏​ព្រោះ​តែ​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ​កម្ពុជា ដែល​ធ្លាប់​មាន​កន្លង​មក​ បាន​បាត់​ឈ្មោះ ស្រប​ពេល​ដែល​​​លោក​មាន​ក្លឹប​ស្នូក​ឃ័រ​​លំដាប់​អន្តរជាតិ ហើយ​កំពុងតែ​​ប្រមូល កីឡា​ស្នូកឃ័រ​ល្បីៗ មក​ចូល​រួម​ជា​មួយ​ក្លឹប​របស់​ខ្លួន។

ម្ចាស់​បទ​ "បង​ជា​បន្លា​ក្នុង​ទ្រូងអូន" ​បាន​បន្ត​ថា លោក​​គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា​ជា​មួយ ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​រៀប​ចំ​ឲ្យ​មាន​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ​ឡើង​វិញ។

ជា​មួយ​គ្នា​នោះ លោក​​ចង់​ជួយ​ដល់​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ ដោយ​ផ្ដល់​ជា​​ទី​កន្លែង​ប្រកួត​ ឬ​កន្លែង​ហាត់ ដោយ​មិន​គិត​ប្រាក់ទៀត ​ប្រសិន​បើ​សហព័ន្ធ​ត្រូវ​ការ។ "យើង​អាច​ជួយ​ផ្ដល់​ទីតាំង​ឲ្យ​គាត់​ហាត់ ឬប្រកួត​បាន ជា​ពិសេស​ពួក​គាត់​ អាច​មក​ហាត់​លេង​នៅ​ម៉ោង​ព្រឹកៗ​ដែល​ជា​មិន​មែន​ជា​ម៉ោង​រក​ស៊ី យើង​នឹង​បន្ត​ជួយ​ថែម​ទៀត​ទៅ តាម​​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន”លោក មូន ម៉ារ៉ា លើក​ឡើង។

ម្ចាស់​បទ "​ឡើង​សេ​ឡេសង់​ៗ​" រូប​នេះ បន្ថែម​ថា ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​សហព័ន្ធ​កីឡា​ស្នូក​ឃ័រ​​ឡើង​វិញ​នេះ ​ប្រសិន​បើ​មិន​មាន អ្នក​ហាន​ឈរ​ឈ្មោះ​ទេ រូប​លោក​ស្ម័គ្រចិត្ត ត្បិត​អី​លោក​យល់​ច្បាស់​រឿង​​កីឡា​មួយ​នេះ គួប​ផ្សំ​ខ្លួន​មាន​ទាំង​ក្លឹប​ផ្ទាល់​ខ្លួន​ថែម​ទៀត ​គឺ​​ងាយ​ស្រួល​ខ្លាំង​។

ក្លឹប​ស្នូកឃ័រ​​"ឆេមពាន​ស្នូកឃ័រ​" របស់​ម្ចាស់​បទ"​អូន​ទៅ​ភ្នំពេញ​រូប​នេះ​មាន​​ទីតាំងនៅ​ក្នុង​សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ។ ក្លឹប​មួយ​នេះ​មាន​​តាប​១៦ និង បន្ទប់​VIP4៕

អត្ថបទ៖ ខុត សីហា

មតិយោបល់
អត្ថបទពេញនិយម