• 2017-04-03 02:08:35
  • ព័ត៌មាន

ហេតុអ្វី បាន​ជា​អត់​ឃើញ ហ៊ិន លីដា ច្រៀង​នៅ​ហង្ស​មាស?

  • 2017-04-03 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រដូវ​កាល​ទី​១នៃ​កម្មវិធី Cambodian Idol បេក្ខជន​ដែល​បាន​​ជាប់​ដល់​វគ្គ​ចុង​ក្រោយ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodia Idol សុទ្ធ​តែ​បាន​កុង​ត្រា​ចូល​ផលិតកម្ម​ហង្សមាស​យ៉ាង​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​ដែរ ប្លែក​អី​តែ ហ៊ិន លីដា មិន​បាន​ជាប់​កុង​ត្រា​ជា​មួយ​ផលិតកម្ម​ទេ។

ជំនួប​​ជា​មួយ​ Sabay ក្នុង​ពេល​ថ្មី​​នេះ​ លីដា​ ប្រាប់​ថា ខាង​ក្រុម​ហ៊ុន ​ក៏​បាន​ទាក់​ទង​រូប​នាង​ចុះ​កុង​ត្រា​ដែរ​ តែ​នាង​សុំ​បដិសេធ ដោយ​ហេតុ​ថា ​មិន​មាន​ពេល​គ្រប់​គ្រាន់ ​ត្បិត​អី​​សព្វ​ថ្ងៃ​នាង​កំពុង​សិក្សា​ផង ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ទៀត។

“តាម​ពិត​ទៅ​ខាង​ហង្ស​មាស​បាន​ហៅ​ដែរ​បង តែ​ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ចូល​ផលិតកម្ម​ទេ ព្រោះ​​រវល់​ជា​មួយ​ការ​សិក្សា និង​ការងារ​ច្រៀង​នៅ​​ភោជនីយដ្ឋាន ក្រៅ​ពី​ហ្នឹង​ខ្ញុំ​នៅ​ត្រូវ​ឡើង​កម្ម​វិធី​ផ្សេងៗ​ទៀត​ ទើប​ម៉ាក់​ប្រាប់​ថា​សម្រាក​ខ្លះ​ទៅ" សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១០​រូប​នេះ​ថ្លែង។

ករណី​របស់ ហ៊ិន លីដា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្រដៀង​គ្នា​នឹងករណី​​រៀម​ច្បង​ ម៉ៅ ហាជី ដែល​ជា​អតីត​បេក្ខភាព​កម្មវិធី​ដូច​គ្នា​នេះ​នា​រដូវ​កាល​ទី​១ ដែល​បាន​ឆ្លង​ដល់​វគ្គ​ចុង​ក្រោយដូច​គ្នា​។ បន្ទាប់​ពី​ចប់​កម្មវិធី​ទៅ ម៉ៅ ហាជី មិន​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ហង្សមាស​ទេ។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ រយៈ​ពេល​១​ឆ្នាំ លោក​ក៏​មិន​អាច​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ណា​មួយ​ដែរ។

ជាក់​ស្ដែង​ពេល​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា តារា​ប្រុស​មក​ពី​បាត់​ដំបង​រូប​នេះ​ទៅ​ច្រៀង​ឲ្យផលិតកម្ម ថោន ខាង ហង្សមាស បាន​ប្រតិកម្ម​ និង​ត្រៀម​ចំណាត់​ការ​ផ្លូវ​ច្បាប់ ដោយ​សារ​ថា ជា​វេលា​ស្ថិត​ក្នុង​កុងត្រា​របស់​កម្មវិធី។ លុះ​​​ក្រោយ​មក ហាជី ពិត​ជា​បាន​ចេញ​មុខ​នៅ​ថោន​មែន ក្រោយ​ផុត​រយៈ​ពេល​កុងត្រា​កម្មវិធី​របស់​ហង្សមាស។

ដោយ​ឡែក ហ៊ិន លីដា ប្រាប់​ថា នាង​មិន​ចូល​ច្រៀង​នៅ​ហង្សមាស​មែន ប៉ុន្តែ​ដោយ​សារ​នាង​ជាប់​ការ​សិក្សា និង​ច្រៀង​តាម​កម្មវិធី​នានា​ប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើងរបស់​អតីត​បេក្ខភាព​ Cambodian Idol រដូវ​កាល​ទី​២​ខាង​លើ ខាង​ហង្សមាស លោក អ៊ឹង សុងលាភ នាយក​គ្រប់គ្រងទូទៅ មិន​អាច​សុំ​ការ​អធិប្បាយ​បាននៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន។

ហ៊ិន លីដា ជា​បេក្ខជន​ Top 3 ក្នុង​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​២ និងជា​ម្ចាស់​ជយលាភី​ "ផ្កាយ​រះ​ក្នុង​សួន​" រដូវ​កាល​ដំបូង​បំផុត​ របស់​ទូរទស្សន៍​អប្សរា៕

អត្ថបទ៖ សុខណា

មតិយោបល់