• 2017-05-04 08:35:04
  • ព័ត៌មាន

ក្រសួង​វប្បធម៌​ឆ្លើយ​តប​វិញ ក្រោយ ​ក្រសួង​ព័ត៌មាន​ សុំ​ភស្តុតាង​ករណី​បញ្ឈប់ ដេនី ក្វាន់​ លែង​ឲ្យ​​ឡើង​ទូរទស្សន៍

  • 2017-05-04 08:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ ឯក​ឧត្ដម​ ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ និង​លិខិត​មួយ​ទាក់​ទង​នឹង​បញ្ហា​របស់​ ដេនី ក្វាន់ ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ស្នើ​សុំ​ឲ្យ​ឈប់​ឡើង​គ្រប់​កម្មវិធី​ទូរទស្សន៍​រយៈពេល​១​ឆ្នាំ​ តែ​ពេល​នេះ​ក្រសួង​ព័ត៌មាន​មិន​ទាន់​​​សម្រេច​ និង​សុំ​​ឲ្យ​មាន​ភស្តុតាង​ច្បាស់​ជាងនេះ​​សិន។

បន្ទាប់​ពី​មាន​សេចក្ដី​សម្រេច​ផ្លូវការ​​មួយ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ឲ្យ​បញ្ឈប់​​រាល់​សកម្មភាព​សិល្បៈ​​របស់​តារា​សម្ដែង​ ដេនី ក្វាន់ ពេល​នេះ​ លិខិត​សំណើ​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ទៅ​ដល់​ដៃ​ក្រសួង​ព័ត៌មាន​ហើយ ប៉ុន្តែ​សេចក្ដី​ស្នើសុំ​ឲ្យ​នាង​ផ្អាក​ឡើង​គ្រប់​ស្ថានីយ​​ទូរទស្សន៍​ចំនួន​១​ឆ្នាំ​នោះ​ នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នោះ​ទេ។

បញ្ហា​នេះ ឯកឧត្តម ខៀវ កាញារីទ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា ​ត្រូវ​មាន​ភស្តុតាង​ច្បាស់​លាស់​ និង​មាន​ទម្ងន់សិន​ មុន​នឹង​សម្រេច​ដាក់​ទោស​នាង។​​​

ឯក​ឧត្ដម ​បាន​បញ្ចេញ​សារ​ខ្លី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា "ខ្ញុំ​មិន​ដែល​ស្គាល់​នាង​ទេ ហើយ​ក៏​មិន​ឈឺ​ក្បាល​រឿង​នាង​ស្លៀក​ពាក់​នៅ​ក្រៅ​ឆាក​ដែរ​ តែ​ការ​ហាម​ឃាត់​ការ​សំដែង​របស់​នាង​ត្រូវ​មាន​ភស្តុតាង​ច្បាស់​លាស់​ (ក្រោយ​ការ​ណែនាំ​ហើយ​)​”។ ​​

​ឯក​ឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ប្រកាស​ឡើង​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ ទទួល​បាន​លិខិត​សំណើ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ លេខ ១៨១ \២៨ ,០៤ ,២០១៧ ដើម្បី​ផ្ដល់​កិច្ចសហការ​ហាម​ឃាត់​ គ្រប់​ស្ថានីយ​ទូរទស្សន៍ និង​អាជីវកម្ម​ដែល​មាន​មុខ​របរ​ពាក់ព័ន្ធ នឹង​វិស័យ​សិល្បៈ​វប្បធម៌​ ឲ្យ​ផ្អាក​ទទួល​យក​តារា​សម្ដែង​ ដេននី ក្វាន់ ជា​តារា​សម្ដែង​។

ប៉ុន្តែ​យ៉ាងណា​មិញ​នៅ​ក្នុង​កំណត់​ហេតុ​លិខិត​ របស់​ក្រសួង​ព័ត៌មាន ឯក​ឧត្ដម ខៀវ កាញារីទ្ធ បាន​សរសេរ​ចោទ​ជា​សំណួរ​ថា​ "តើ​រឿង​ណា​ខ្លះ​ និង​សកម្មភាព​អ្វី​ខ្លះ​ ដែល​នាង​បាន​រំលោភ​ ពី​ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌?”។

ពាក់​ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម ថៃ នរសត្យា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​រសៀល​នេះ៕

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម