• 2017-05-19 05:19:38
  • ជីវិតតារា

ទឹក​ចិត្ត​ម្ដាយ​ធំ​ប៉ុន​មហា​មេឃ ឃ្មឹប បញ្ជាក់ លែង​ទៅ​ណា​ចោល​កូនហើយ ទោះ​កូន​កំពុង​ជាប់​ឃុំក្ដី!(វីដេអូ)

  • 2017-05-19 05:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡើង​ពី​ជាយដែន​មក​ទាំង​តក់​ក្រហល់ ដំបូង​ឡើយអតីត​តារា​កំប្លែង​​ រ៉េន្ម សុធារី ហៅ ឃ្មឹប ប្រាប់​ថា ​គោល​បំណង​តែ​មួយ​គត់​របស់​នាង គឺ​មក​ចង់​ជួប​មុខ​​កូន​ប្រុស​ ក្រៅ​ពី​នេះ​មិន​បាន​គិត​អ្វី​ឡើយ។ ប៉ុន្តែ​ក្រោយ​បាន​ជួប​ហើយ នាង​អះអាង​ថា លែង​ទៅ​ណា​ចោល​កូន​ហើយ។

នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ​ជាមួយ​សារព័ត៌មាន ឃ្មឹប នឹង​បន្ត​នៅ​ភ្នំពេញ​នេះដោយ​ស្នាក់​នៅ​ជាមួយ​ប្អូន​ស្រី រក​ការងារ​ធ្វើ ពិសេស​ការងារ​សិល្បៈ ដោយ​មិន​វិល​ត្រឡប់​ទៅ​ខ្ទម​នៅ​ក្បែរ​ជើង​ភ្នំ​ធំ​ ជា​ទី​ដែល​នាង​ជ្រក​កោន​ចិញ្ចឹម​ជីវិត​ដោយ​ស៊ី​ឈ្នួល​គេ​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។

អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ កុយ រូប​នេះ បញ្ជាក់​ថា បំណង​របស់​នាង គឺ​គ្រាន់​តែ​នៅ​ជិត​កូន បើ​ទោះ​ពេល​នេះ​កូន​ប្រុស​កំពុង​តែ​មាន​ទោសជាប់​ខ្លួន​ក៏​ដោយ។ ​"ឃើញ​កូន​អញ្ចឹង មួយ​ជីវិត​នេះ ខ្ញុំ​ពិត​ជា​ក្ដុកក្ដួល​ក្នុង​ចិត្ត​ខ្លាំង​ណាស់​ ដូច្នេះហើយ ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ខេត្ត​វិញ​បាន​ទេ​ ខ្ញុំ​នឹង​នៅ​ភ្នំពេញ​នេះ ហើយ​​រក​ការងារ​ធ្វើ​ ងាយ​ស្រួលធ្វើ​បាយ​ធ្វើ​ទឹក​យក​ទៅ​ឲ្យ​កូន​ប្រុស​ខ្ញុំ!​" ឃ្មឹប​ពោល​ទាំង​ទឹក​ភ្នែក។

ក្ដី​បំណង​ធំ​តែ​មួយ​គត់​របស់ ឃ្មឹប ពេល​នេះ គឺ​គ្រាន់​តែ​ចង់​នៅ​កៀក​នឹង​កូន​ប្រុស ងាយ​នឹង​ឡើង​ចុះ​ជួប​កូនមុខ​កូន ផ្ដល់​បាយ​ទឹក ខណៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​កូន ធ្វើ​ឲ្យ​កូន​បាត់​ភាព​កក់ក្ដៅ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែល​នាង​យល់​ថា បាន​ធ្វើ​ឲ្យ​កូន​ប្រុស​ជ្រុល​ខ្លួន​ដើរ​ខុស​ផ្លូវ​ដែរ។ ដូច្នេះ​ហើយ នាង​ចង់​ប៉ះប៉ូវ​ខ្លះ​នូវ​ចន្លោះ​ប្រហោង​កាល​ពី​ពេល​មុន។

ទន្ទឹម​នឹង​ការ​សម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​ខេត្ត​វិញ​នេះ​​ ឃ្មឹប បញ្ជាក់​ថា ពេល​នេះ នាង​ចង់​​ចូល​​​ប្រឡូក​ការងារ​សិល្បៈ​វិញ។ យ៉ាង​ណា នាង​មិន​ទាន់​ដឹង​ថា ចូល​ទៅ​ខាង​ណា ឬ​ធ្វើ​អ្វី​នៅ​ឡើយ។បញ្ហា​​នេះដែរ​ អតីត​ភរិយា​នាយ ហុងដា រូប​នេះ បញ្ជាក់​​ទៀត​ថា បើ​ទោះ​ពេល​នេះ រូប​រាង​នាង​ប្រែ​ប្រួល​ដោយ​ស្បែក​សម្បុរ​ខ្មៅ​ស្រអាប់​ដោយ​ការងារ​ស៊ី​ឈ្នួល​គេ​ក្រោម​កំដៅ​ថ្ងៃក៏​ពិត​មែន ប៉ុន្តែ​សមត្ថភាព​នាង​មិន​ប្រែ​ស្រអាប់​ដូច​ស្បែក​នោះ​ឡើយ។

"ខ្ញុំ​នៅ​តែ​អាច​សម្ដែង​បាន​ដូច​មុន បើ​បង​ប្អូន​ដែល​ធ្លាប់​គាំទ្រ​ខ្ញុំ ឃើញ​ការ​សម្ដែង​ខ្ញុំ​​ពី​មុន​យ៉ាង​ម៉េច ពេល​នេះ ខ្ញុំ​នៅ​តែ​អាច​សម្ដែង​បាន​ និង​ព្យាយាម​សម្ដែង​ឲ្យ​ល្អ​ដូច​គ្នា​អីចឹង!"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់