• 2017-08-15 23:27:00
  • ព័ត៌មាន

ស្រី​ស្អាត នៅ សូនីតា ដឹកដៃ ខេម ទៅ​អូស្ត្រាលី ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ

  • 2017-08-15 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កញ្ញា នៅ សូនីតា បាន​បង្ហើប​ឲ្យ​ដឹង​ថា ​នាង​គ្រោង​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ជា​មួយ​តារា​ចម្រៀង​ខេម ឆាប់នេះ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

ដំណើរ​ចេញ​ទៅ​ច្រៀង​នេះ នៅ សូនីតា ប្រាប់​ថា ខ្លួន​​ចូល​រួម​ការ​ប្រលង​បវរកញ្ញា​​កូន​ខ្មែរ​កាត់​អូស្ត្រាលី ក្រោម​ការធានា​របស់​អង្គការ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ បន្ថែម​ពីលើនោះ​នាង និង ខេម រួម​ជា​មួយ​តារា​ផ្សេង​ទៀត​ ក៏​ត្រូវ​ច្រៀង​លក់​សំបុត្រ ដើម្បី​ស្វែង​រក​ប្រាក់​ដាក់​ចូល​មូលនិធិ យក​មក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ។ "ខ្ញុំ​និង​ខេម​ដឹង​ថា​បាន​ទៅ​ហើយ ព្រោះ​VISA ធ្លាក់​មក​ហើយ អាច​មាន​តារា​ចម្រៀង​ផ្សេង​ទៀត​​តែ​ខ្ញុំ​អត់​ច្បាស់ កម្មវិធី​ហ្នឹង​ច្រៀង​លក់​សំបុត្រ ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា" ស្រី​ស្អាត​ដែល​ល្បី​ថា មន្ត្រី​ថ្នាក់​ផ្កាយ​ទិញ​វិឡា​​ឲ្យ​លើក​ឡើង។

នៅ សូនីតា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ចេញ​​​នេះ ​នាង​ទៅ​ចំនួន​១ខែ​កន្លះ ដោយ​ថ្ងៃ​២៣ ខែ សីហា ឆ្នាំ ២០១៧។ ទោះ​បី​ជា​នាង​ទៅ​ជា​មួយ​តារា​ចម្រៀង​ខេម ក្នុង​អាជីព​ជា​តារា​ចម្រៀង​ដូច​គ្នា​បែប​ណា​ក្ដី តាម​ផែន​ការ​ស្រី​ស្អាត​រូប​នេះ​​មិន​មាន​បទ​ចម្រៀង​ណា​មួយ​ច្រៀង​រួម​គ្នា​ឡើយ គឺ​ច្រៀង​ទោល​ម្នាក់ៗ​រៀងៗ​ខ្លួន​ទាំង​អស់។ "គាត់​ច្រៀង​តែ​គាត់ ​ខ្ញុំ​ច្រៀង​តែ​ខ្ញុំ យើង​អត់​មាន​បទ​ច្រៀង​រួម​គ្នា​ទេ​បង" សូនីតា ​បញ្ជាក់។

ទន្ទឹម​ការ​​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​នេះ នៅ សូនីតា​ ប្រាប់​ថា ខ្លួន​បាន​បដិ​សេធការងារ​ថត​ភាពយន្ត​រហូត​ដល់​ទៅ​២រឿង​ ដែល​ជា​ការ​សោកស្ដាយ​បំផុត​សម្រាប់​ខ្លួន​នាង ដោយសារតែ​ផលិតកម្ម​​តម្រូវ​​ឲ្យ​នាង​ថត​ចំ​ពេល​ដែល​នាង​ទៅ​ច្រៀង​នេះ​តែ​ម្ដង មិន​អាច​លើក​ពេល​បាន។

នៅ សូនីតា រំពឹង​ថា ការ​ចេញ​ទៅ​ច្រៀង​​នេះ នឹង​ទទួល​បាន​ជោគជ័យ​​ មិន​ខុស​ពី​ការ​ដែល​នាង​ទៅ​រាល់​ដង​ឡើង ត្បិត​អី​ប្រទេស​មួយ​នេះ​នាង​ធ្លាប់​ទៅ​ច្រៀង​ចំនួន​២លើក​​រួច​មក​ហើយ គឺ​កាល​ពី​​ដើម​ឆ្នាំ២០០៩ម្ដង និង ដើម​ឆ្នាំ២០១៧ម្ដង។ "​​បើ​មិន​ជោគជ័យ មិនមែន​មែន​Sponser ចេះ​តែ​យក​ទៅ​រហូត​ទេ​បង ដឹង​ថា​មាន​អ្នក​គាំទ្រ មិន​ចាញ់​រាល់​ដង​ទេ​បង" នៅ សូនីតា បញ្ជាក់​ជា​ចុង​ក្រោយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម