- 2017-09-06 04:07:44
- ជីវិតតារា
មកស្គាល់ស្ត្រីវ័យក្មេងម្នាក់ដែលនៅពីក្រោយចម្រៀងល្បីៗជាច្រើនរបស់ហង្សមាស
- 2017-09-06 04:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ស្ត្រីវ័យក្មេងម្នាក់ដែលនៅពីក្រោយចម្រៀងល្បីៗជាច្រើនរបស់ហង្សមាស
ចន្លោះមិនឃើញ
នី សុគន្ធា គឺជាឈ្មោះរបស់អ្នកនិពន្ធម្នាក់ដែលអ្នកគាំទ្រវិស័យសិល្បៈតែងឃើញនៅពីក្រោមវីដេអូចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាស តែកវីរូបនេះមិនដែលបានបង្ហាញមុខជាសាធារណៈឡើយ។ ដូច្នេះ Sabay នឹងនាំប្រិយមិត្តមកស្គាល់អ្នកនិពន្ធវ័យដែលទទួលបានការកោតសរសើរពីសង្គមតែងនិពន្ធ និងទេពកោសល្យខ្ពស់នេះឲ្យប្រិយមិត្តបានស្គាល់តែម្ដង។
នី សុគន្ធា កើតនៅថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ១៩៩២ នៅរាជធានីភ្នំពេញ ក្នុងគ្រួសារជាអាជីវករលក់កូនឈើនៅក្រុងតាខ្មៅ។ អ្នកនិពន្ធរូបនេះ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិពី "វិទ្យាល័យហ៊ុនសែនសេរីភាព" នៅឆ្នាំ២០១២ និងបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងជាភាសាអង់គ្លេស ឬ English Communication នៅឆ្នាំ២០១៦ ពីសាកលវិទ្យាល័យ Beltie អន្តរជាតិ។
ដោយមានចំណូលចិត្តខ្ពស់លើវិស័យតែងនិពន្ធ យុវតីខាងលើបានចាប់យកជំនាញនេះតាំងពីឆ្នាំ២០០៩មកម្ល៉េះ ពោលគឺតាំងពីពេលកំពុងសិក្សានៅវិទ្យាល័យមកម្ល៉េះ ដោយសរសេរចម្រៀងឲ្យផលិតកម្មហង្សមាសតែម្ដង។ សុគន្ធា បញ្ជាក់ថា គ្រាដំបូងនោះនាងមិនបានធ្វើការពេញសិទ្ធទេ គឺធ្វើក្នុងនាមជា Freelancer ហើយនាងទើបតែសម្រេចចូលហង្សមាសពេញសិទ្ធនៅរយៈពេល៣ឆ្នាំចុងក្រោយប៉ុណ្ណោះ។
កវីដែលមានសម្រស់ស្រស់សោភានេះ បានឲ្យដឹងថា ចំណេះដឹងផ្នែកនិពន្ធនេះ នាងមិនបានទៅសិក្សាជាបែបថ្នាក់ជំនាញច្បាស់លាស់ ឬមានការហ្វឹកហាត់ជាមួយរៀមច្បងណាទេ គឺរូបនាងរៀនពីការហ្វឹកហាត់សរសេរកំណាព្យ និងតែងសេចក្ដីពីលោកគ្រូ អ្នកគ្រូ តាំងពីថ្នាក់វិទ្យាល័យមក។
សុគន្ធា ប្រាប់ថា ខ្លួនអាចនិពន្ធចេញនូវទំនុកច្រៀងពីរោះៗរួមជាមួយអត្ថន័យជ្រាលជ្រៅបាន ដោយផ្អែកលើ បទពិសោធន៍ការងារ បទពិសោធន៍ជីវិត ការស្រាវជ្រាវ ការដាក់អារម្មណ៍ និងទីកន្លែងដែលស្ងប់ស្ងាត់ និងមានបរិយាកាសល្អ។
ទំនុកឈឺចាប់ "ចង់ទៅ ទៅៗ" របស់ ឱក សុគន្ធកញ្ញា "ហត់ទេស្រឡាញ់គេម្នាក់ឯង" របស់ សុខស្រីនាង ចម្រៀងមនោសញ្ចេតនា "បើស្រឡាញ់ម្ដេចទុកអូនចោល" ច្រៀងដោយ សុគន្ធ នីសា "ត្រូវការកម្លាំងចិត្ត" ច្រៀងដោយ រ៉េត ស៊ូហ្សាណា និងចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ជាច្រើនទៀតសុទ្ធជាស្នាដៃរបស់នាងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ។
ហែលឆ្លងក្នុងវិស័យតែងនិពន្ធជាច្រើនឆ្នាំ កវីនិពន្ធ នី សុគន្ធា សង្កត់ន័យថា ដើម្បីក្លាយខ្លួនជានិពន្ធល្អមួយរូបត្រូវមានកត្តារួមផ្សំជាច្រើនដូចជា ទេពកោសល្យ ការហាត់រៀន ការស្រាវជ្រាវ ការអត់ធ្មត់តស៊ូ និង ត្រូវមានចំណេះដឹងទូទៅទូលំទូលាយ៕