• 2017-10-17 03:59:20
  • ព័ត៌មាន

ទប់​ទឹក​ភ្នែក​មិន​បាន ពេល​ដឹង​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់ សាន ស្រីឡៃ

  • 2017-10-17 03:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សាន ស្រីឡៃ ត្រូវ​បាន​ខ្មាន់​កាំភ្លើង ដែល​ត្រូវ​ជា​អតីត​ស្វាមី​របស់​ខ្លួន​បាញ់​សម្លាប់​យ៉ាងសាហាវ​នៅ​ក្នុង​គ្លីនិក​កែ​សម្ផស្ស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ៣១០ សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការ​មន កាល​ពី​រសៀល​ម្សិល​មិញ។

ថ្ងៃនេះ សូម​គាស់​កកាយ​នូវ​ប្រវត្តិ​កម្សត់​កម្រ​ របស់​តារា​ចម្រៀងវ័យ ២៤ឆ្នាំ សាន ស្រីឡៃ មក​បង្ហាញ​ជូនប្រិយមិត្ត។

ស្រីឡៃ គឺ​ជា​បេក្ខភាព The Voice Cambodia រដូវកាលទី២ នាង​មាន​ស្រុក​កំណើត​ នៅក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ តាំង​ពី​អាយុ​ ២ឆ្នាំ​ម្ល៉េះ។

នៅ​ពេល​ចូលរួម​ប្រឡង​កម្មវិធី​ខាង​លើ ស្រីឡៃ បាន​រៀប​រាប់​ថា នាង​មាន​ចំណង់​ចំណូល​ចិត្ត​ច្រៀងតាំង​ពី​តូច ពោល​គឺ​តាំង​ពី​មិន​ទាន់​ចូល​រៀន​ម្ល៉េះ មិន​ថា​ដើរ​តាម​ផ្លូវ ទៅ​សាលារៀន ឬ​ក៏​នៅ​ផ្ទះ​ទេ តែងតែច្រៀងលេងជានិច្ច។ ពេល​​មាន​កម្មវិធី​អ្វី​មួយ អ្នក​ជិត​ខាង​តែង​តែ​ជំរុញ​ឲ្យ​នាង​ឡើង​ច្រៀង​​មិន​ដែល​ខាន​ឡើយ។

ដោយសារ​​តែ​មាន​ចិត្ត​ស្រលាញ់ មាន​ដុង​តាំង​ពី​កំណើត ស្រីឡៃ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប ទើប​សម្រេច​ចូលរួម​ក្នុង​កម្មវិធី The Voice Cambodia រដូវកាល​ទី២ ដើម្បី​បំពេញ​ឲ្យ​ក្តី​ស្រមៃ​ឲ្យ​ក្លាយ​ជា​ពិត។

ត្បិត​មិន​បាន​ជាប់​ជយលាភី ស្រីឡៃ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ មាន​ឈ្មោះ​ជា​តារា​ចម្រៀង ក្នុង​ផលិតកម្ម ​ហង្សមាស។ ទឹក​ដម​សំឡេង និងរូបសម្រស់​របស់​ស្រីឡៃ បាន​ធ្វើ​ឲ្យមហាជន​ចាប់ផ្តើម​ស្គាល់​ស្រីឡៃ​បន្តិចម្តងៗ។ ក្រៅ​ពី​ច្រៀង បច្ចុប្បន្ន​ស្រីឡៃ កំពុង​ថត​រឿង​ចំនួន​២​ឲ្យ​ផលិតកម្ម ខាង​លើ​ផង​ដែរ តែ​មិន​ទាន់​ចប់​នៅ​ឡើយ។

បើ​តាម​ការឲ្យដឹងពីអ្នកម្តាយ អ្នកស្រី ឡុង ចន្ធី អាយុ ៤៦ មុខ​របរ​លក់​បបរ នៅ​ផ្ទះ​​ជួល ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន សុខ បញ្ជាក់ថា ស្រីឡៃ មាន​ស្វាមី ឈ្មោះ ជ័យ រិន ជាមន្ត្រីគយ ប៉ុន្តែ​មិន​បាន​រៀបការ​ស្រប​ច្បាប់​នោះ​ទេ ពោលគឺ​​សែន​ព្រេន ដោយ​មាន​ចាស់ទុំ​ដឹង​ឮ នៅ​ឯ​ក្រុងប៉ោយប៉ែត​ឯណោះ ។ អ្នក​ទាំង​ពីរ​មាន​កូនប្រុស​២នាក់ កូន​ច្បង​អាយុ​៨ឆ្នាំ និង​ប្អូន​អាយុ​៤​ឆ្នាំ។

ជា​រឿង​នឹក​ស្មាន​​មិន​ដល់ ស្វាមី​ស្រីឡៃ ​ធ្លាប់​មាន​ប្រពន្ធ និង​កូន​ដល់​ទៅ៤នាក់ តែ​រឿង​នេះ​ទើប​បែកធ្លាយ​ក្រោយ​នាង​រៀបការ ដូច្នេះ​មាន​តែ​ស៊ូទ្រាំ។ បើ​តាមការ​បន្តឲ្យដឹង​ពី​ម្តាយ​របស់​ស្រីឡៃ ជីវិត​ប្តី​ប្រពន្ធនេះ​រកាំរកូស​តាំង​ពី​មាន​កូន​១មកម្ល៉េះ ដោយ​សារ​តែស្រីឡៃធ្លាប់ទទួលរង​អំពើ​ហិង្សា​ពី​សំណាក់​ប្តី​ញឹក​ញាប់ ហើយ​ណាមួយ​មិន​ចង់​មាន​ឈ្មោះ​ជា​ស្រី​ដណ្តើម​ប្តី​គេ នាង​ក៏​បាន​អង្វរ​សុំ​ស្វាមី​ចែក​ផ្លូវ​គ្នា​ច្រើន​ដង តែ​ប្តី​មិន​ព្រម។

ទើប​តែ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀង​ខ្លួន តែ​មិន​មាន​លិខិត​ស្នាម​អ្វី​នោះ​ទេ។

ងាក​មក​ជីវិត​គ្រួសារ​វិញ​ស្រីឡៃ មាន​បង​ប្អូន​៤នាក់ ស្រី​ទាំង​អស់ នាង​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ។ក្រោយពីប្រឡង The Voice ចប់ នាង និង​ក្រុមគ្រួសារ​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទី​លំនៅ​មក​នៅ​​ភ្នំពេញ ដោយ​បាន​ផ្សែ​ផ្សំ​ប្រាក់​ខ្លះ​ទិញ​ផ្ទះ​មួយ នៅ​ខណ្ឌសែន​សុខ។

ក្នុង​នាម​ជា​កូន​ច្បង​ក្នុង​គ្រួសារ នាង​ត្រូវ​រ៉ាប់រង និង​រែក​ពន់​អម្រែក​យ៉ាងធ្ងន់ ដោយ​ត្រូវ​រក​ប្រាក់​មកផ្គត់​ផ្គង់​គ្រួសារ​ទាំង​មូល ដែល​មាន​ម្តាយ ប្អូនៗ រួម​ទាំង​កូន​ប្រុស​ទាំង​ពីរ។

ត្បិត​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​សិល្បៈ មិន​អាច​រ៉ាប់​រង​ការ​ចំណាយ​ដ៏​ធំធេង​នេះ​បាន ស្រីឡៃ ក៏​បង្ខំ​ចិត្ត​លក់ផ្ទះ​ដែល​ទើប​នឹង​ទិញ​នោះ​វិញ ហើយ​មក​នៅ​ផ្ទះ​ជួល នៅ​ខណ្ឌ​សែន​សុខ​ដដែល។

មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ​ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។

មរណភាព​របស់ សាន ស្រីឡៃ បង្កការ​ភ្ញាក់​ផ្អើល និង​សោកស្តាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​គ្រួសារ មិត្ត​រួម​អាជីព និង​មហាជន​ទាំង​អស់។ សព សាន ស្រីឡៃ តម្កល់​នៅ​វត្ត​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ពិធី​បូជា​សព នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ វេលា​ម៉ោង​៩ព្រឹក៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់