- 2017-10-21 08:26:58
- ព័ត៌មាន
តន្ត្រីសប្បុរសធម៌តូយ៉ូតា បិទឈប់លក់សំបុត្រព្រោះអ្នកចូលមើលលើសកំណត់
- 2017-10-21 08:26:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តន្ត្រីសប្បុរសធម៌តូយ៉ូតា បិទឈប់លក់សំបុត្រព្រោះអ្នកចូលមើលលើសកំណត់
ចន្លោះមិនឃើញ
តន្ត្រីសប្បុរសធម៌រៀបចំឡើងដោយក្រុមហ៊ុន តូយ៉ូតា ដែលនឹងប្រព្រឹត្តិទៅនៅល្ងាចនេះ នឹងមានការយាងចូលរួមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសំបុត្រវិញ លក់អស់លើសគម្រោងដែលបានគ្រោងទុក រហូតកម្មវិធីនេះត្រូវបិទឈប់លក់បន្ត។
ប្រធានក្រុមហ៊ុន តូយ៉ូតា កម្ពុជា លោកឧកញ៉ា គង់ នួន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះថា កម្មវិធីតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកនេះធ្វើឡើងដើម្បីប្រមូលថវិកាទៅជួយមន្ទីរពេទ្យគន្ធបុប្ផា។ ថវិកាទាំងអស់ដែលប្រមូលបានពីការលក់សំបុត្រនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ពីដំណាងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាខែវិច្ឆិកាខាងមុខ។ ការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក នៅល្ងាចនេះមានការចូលរួមប្រគំតន្ត្រីពីក្រុមតន្ត្រី Royal Philharmonic Concert Orchestra មកពីចក្រភពអង់គ្លេស និងមានការចូលរួមសម្ដែងពីសិល្បករខ្មែរលោក អ៊ាង ស៊ីធុល ផងដែរ ។
"តន្ត្រីមនុស្សធម៌ តូយ៉ូតា ក្លាស៊ិក លើកនេះ យើងធ្វើឡើងគឺដើម្បីប្រមូលថវិកាទៅជួយមន្ទីរពេទ្យ គន្ធបុប្ផា ហើយការប្រគំតន្ត្រីនេះ នឹងមានការយាងចូលរួមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ"។
បើតាមនាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន តូយ៉ូតា កម្ពុជាលោក លី ប៊ុនហៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃដាក់លក់សំបុត្រដំបូងថ្ងៃទី៤ខែ៩ រហូតដល់ថ្ងៃទី២១នេះសំបុត្រលក់បានចំនួន ៦៤២ សំបុត្រ ដោយចំនួននេះលើសពីការគ្រោងទុករបស់កម្មវិធី។ លោកបញ្ជាក់ថា កម្មវិធីនេះ គ្រោងលក់សំបុត្រចំនួនតែ ៥៨០ សន្លឹកប៉ុណ្ណោះ តែជាលទ្ធផលសំបុត្រលក់លើសកំណត់ ដូច្នេះក្រុមហ៊ុនត្រូវបិទឈប់លក់សំបុត្របន្ត។
ទឹកប្រាក់ដែលបានពីការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីល្ងាចនេះ បានចំនួន២២,៤៧០ដុល្លារ (ពីរម៉ឺនពីរពាន់ បួនរយចិតសិបដុល្លារអាមេរិក) ហើយថវិកាទាំងនេះនឹងយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ទាំងស្រុង។ ដោយឡែកក្រុមហ៊ុន តូយ៉ូតា ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់មន្ទីរពេទ្យ គន្ធបុប្ផា ចំនួន ២៣,០០០ដុល្លារអាមេរិក ផងដែរ ដោយមិនបូកបញ្ចូលថវិកាលក់សំបុត្រឡើយ។
សូមបញ្ជាក់ថា កម្មវិធីប្រគំដន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នឹងត្រូវសម្ដែងនៅល្ងាចថ្ងៃទី២១នេះនៅសាលសន្និសីទចតុមុខ។ នេះជាលើកទី៥ហើយ ដែលក្រុមហ៊ុន តូយ៉ូតា បានរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នៅប្រទេសកម្ពុជា ហើយក៏ជាលើកទី២៨ ដែលក្រុមហ៊ុននេះបានរៀបចំតន្ត្រីមនុស្សធម៌ក្នុង២០១៧នេះ។ តន្ត្រីមនុស្សធម៌ តូយ៉ូតា ក្លាស៊ិក ចាប់ផ្ដើមបង្កើតក្នុងឆ្នាំ១៩៩០ បានប្រគំតន្ត្រីមនុស្សធម៌ចំនួន១៩៣លើកនៅអាស៊ី ហើយថវិកាដែលប្រមូលបានពីការប្រគំតន្ត្រីមនុស្សធម៌កន្លងមក ក្រុមហ៊ុនបានយកទៅបរិច្ចាគលើកម្មវិធីមនុស្សធម៌នានា។
ចុចអាន៖