• 2017-11-13 00:00:00
  • ព័ត៌មាន

ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយ​​ការ​គិត​ស៊ី​ជម្រៅ

  • 2017-11-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទប់គេង​របស់​វិចិត្រករ​ដ៏​ចំណាន លោក លៀង ស៊ីកន ច្នៃ​ឡើង​ក្រោម​គំនិត​ស៊ី​ជម្រៅ ផ្សា​រភ្ជាប់​ទៅ​នឹង​តំបន់​វប្បធម៌​ដែល​មាន​នៅ​ចំ​កណ្ដាល​ទី​ក្រុង និង​ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

វិចិត្រករ​វ័យ​ក្មេង​លោក លៀង ស៊ីកន បាន​ប្រាប់ Sabay ថា បន្ទប់​គេង​របស់​លោកចាប់​ផ្ដើម​ច្នៃ​ម៉ូដ​ក្នុង​អំឡុង​ឆ្នាំ២០១៣។ លោក​ថា ដើម​ហេតុ​ដែល​នាំ​ឱ្យ​លោក​មាន​គំនិត​ច្នៃ​បន្ទប់ជា​លក្ខណៈ​វប្បធម៌​បែប​នេះ​ ក៏​ព្រោះ​តែ​ផ្ទះ​លោក​នៅ​ជិត​តំបន់​វប្បធម៌ ដូច​ជា​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​ជិត​សាល​មហោស្រព​ចតុមុខ ជាដើម។ លោក​ថា បន្ទាប់​ពី​បាន​ដើរ​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា លោក​ក៏​ចាប់​មាន​គំនិត​ច្នៃ​បន្ទប់​របស់​ខ្លួន ផ្សារភ្ជាប់​ជា​មួយ​តំបន់​ទាំង​នោះ ដោយ​ដក​ស្រង់​ចំណុច​ខ្លះ​ៗ​ពី​កន្លែង​ផ្សេង​ៗ បូក​រួម​គំនិត​ច្នៃ​ប្រឌិត​បន្ថែម​ក៏​បាន​ចេញ​ជា​រូប​រាង​ឡើង។

លើស​ពី​ភាព​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​នេះ​ទៀត នៅ​ក្នុង​បន្ទប់​គេង​របស់​លោក សម្បូរទៅ​ដោយ​វត្ថុបុរាណ ដែល​សល់​ពី​សង្គម​ចាស់ មាន​តាំង​ពី​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ រហូត​ដល់​ចម្លាក់​សត្វ​យ៉ាង​សម្បូរបែប។ ម្យ៉ាង​វិញ​ទៀត​ការ​ច្នៃ​ម៉ូដ​បន្ទប់ ជា​លក្ខណៈ​បុរាណ​ផង​ និង​សម័យ​ផង ក៏​ក្នុង​គោល​បំណង​ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចេះសន្សំ​វត្ថុ​បុរាណ​ទុក​ជា​វត្ថុ​មាន​តម្លៃ សម្រាប់​តាំង​លម្អ​ផ្ទះ​ផង​ដែរ។

វិចិត្រករ​ លៀង ស៊ីកន

“ការ​ច្នៃ​ម៉ូដ​បន្ទប់​នេះ ខ្ញុំ​ធ្វើ​ខ្លួន​ឯង​ទាំង​អស់ សូម្បី​តែ​វាំងនន ខ្នើយ​ក៏​ខ្ញុំ​ដេរ​ខ្លួន​ឯង និយាយ​រួម​វត្ថុ​ដែល​ដាក់​តាំង​ក្នុង​បន្ទប់​ទាំង​មូល គឺ​ខ្ញុំ​ជា​អ្នក​ច្នៃ​ទាំង​អស់។ ពេល​ដែល​ខ្ញុំ​ទៅ​ព្រះបរមរាជវាំង ខ្ញុំ​ឃើញ​នៅ​ទី​នោះ​មាន​អ្វី​ខ្លះ នៅ​សារមន្ទីរ មាន​អ្វី​ខ្លះ និង​នៅ​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត គឺ​សុទ្ធតែ​ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​ចិត្ត ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ចង់​គេង​នៅ​ទី​នោះ មិន​អាច​ទេ ដូច្នេះ​ខ្ញុំ​មាន​តែ​ច្នៃ​បន្ទប់​គេ​របស់​ខ្ញុំ​ឱ្យ​ស្អាត​បែប​នោះ”។

នៅ​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ សម្ភារៈ​ក្នុង​បន្ទប់​គេង​របស់​លោក លៀង ស៊ីកន នឹង​ត្រូវ​យក​ទៅ​តាំង​ពិព័រណ៍​នៅ​មជ្ឈមណ្ឌលវប្បធម៌​បារាំង។ សម្ភារៈ​ស្ទើរតែ​ទាំង​អស់ មាន​តាំង​ពី​ពូក ខ្នើយ គំនូរ វត្ថុ​តាំង​លម្អ គំនូរ វត្ថុ​បុរាណ និយាយ​រួម​អ្វី​ដែល​អាច​យក​ទៅ​បាន គឺ​យក​ទៅ​តាំង​ពិព័រណ៍​ទាំង​អស់។

ទស្សនា​បន្ទប់​គេង​របស់ វិចិត្រករដែលមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ខាង​គំនូរ​សហសម័យ​ ខាង​ក្រោម៖

ចុច​អាន៖

អត្តសញ្ញាណ​​លើ​​គំនូ​ល្អឯក​របស់​វិចិត្រករ​រូបនេះ រម្លឹក​ដល់​ការ​ចងចាំ​មួយ

មិនធម្មតាទេ! គំនូរ​ស្នាដៃ​កូន​ខ្មែរ​ ៤២​ផ្ទាំង នឹង​ដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់​ពិភពលោក

មិនធម្មតា! គំនូរ​រាប់​រយ​ផ្ទាំង​របស់​វិចិត្រករ​ខ្មែរ​រូបនេះ បញ្ចូល​សុទ្ធ​តែ​រឿង​ប្រវត្តិសាស្រ្ត

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់
អត្ថបទថ្មី