• 2017-11-16 23:50:00
  • ជីវិតតារា

ប្រវត្តិ​ត្រួស​ៗ​របស់​តារា​ភាពយន្ត​ប្រុស​៣រូប​​ល្បី​ខ្លាំង​ក្នុង​ទសវត្ស​ទី៦០

  • 2017-11-16 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទសវត្ស​ឆ្នាំ១៩៦០ និង ៧០ មាន​តារា​សម្ដែង​ជា​ច្រើន​ដែល​មាន​ទេពកោសល្យ​ខ្ពស់ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក ឬរីករាយ​ទៅ​តាម​សាច់​រឿង។ ភាពយន្ត​នា​សម័យ​នោះ មិន​ត្រឹម​តែ​ល្បីល្បាញ​ក្នុង​ស្រទាប់​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ល្បី​ទៅ​ដល់​តំបន់​អាស៊ី និង​អឺរ៉ុប​ផង។

ថ្ងៃ​នេះ Sabay សូម​លើក​យក​ជីវប្រវត្តិ​ត្រួស​ៗ​របស់​តារា​ប្រុស​ល្បី​ៗ ៣ រូប​មក​ជូន​លោក​អ្នក៖

សូម​តាម​ដាន​ប្រវត្តិ​តារា​ប្រុស​ល្បី​ល្បាញ​ខ្លាំង​ក្នុង​អំឡុង​ទសវត្ស​ទី​៦០និង៧០​ទាំង​៣រូប​ខាង​ក្រោម៖

១. លោក គង់ សំអឿន

តារា​ប្រុស​រូប​នេះ​ល្បី​ល្បាញ​បំផុត​ក្នុង​អំឡុង​ទសវត្ស​ទី៦០ និង ៧០ ដោយ​ប្រជាប្រិយភាព​របស់​លោក​វ៉ា​ដាច់​តួ​ប្រុស​រួម​ជំនាន់​ដទៃ​ទៀត។ លោក​កើត​ក្នុង​ឆ្នាំ​១៩៤១ ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល មានឪពុក​ជា​អ្នក​រដ្ឋការ។ លោក​មាន​បង​ប្អូន៦​នាក់ សុទ្ធ​តែ​ប្រុស លោក​ជា​កូន​ទី២។ តារាសម្តែង គង់ សំអឿន មាន​ប្រពន្ធ​មិន​បាន​រៀប​ការ​ឈ្មោះ រ៉េន។ បើ​តាម​សម្ដី​ម្ដាយ​របស់​លោក បាន​ឱ្យ​ដឹង​ថា លោក​ជា​មនុស្ស​ប្រុស​សុភាព​រាបសា​ មាន​មន្ត​ស្នេហ៍​ខ្លាំង ធ្វើ​ឱ្យ​មនុស្ស​ស្រី​ជា​ច្រើន​ចាប់​ចិត្ត​លើ​លោក។

បុរសរូបសង្ហានេះចូល​សិល្បៈ​ក្នុង​ឆ្នាំ​១៩៦០​ ដោយ​កាល​ប្រលូក​ក្នុង​វិស័យ​នេះ​ដំបូង លោក​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​ឡើយ ទាល់​តែ​ល្បី​ខ្លាំង​ទើប​ប្រាប់ ព្រោះ​ឪពុក​មិន​ចង់​ឱ្យ​លោក​ចូល​វិស័យ​នេះ។ លោក​ចាប់​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ១៩៧៥។

លោក គង់​ សំអឿន

ក្នុង​ជីវិត​ជា​អ្នក​សិល្បៈ លោក​បាន​ទៅ​ចូល​រួម​មហោស្រព​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី មាន​ ហុងកុង សាំងហ្គាពួរ និង​ទីក្រុង​បាងកក។ ជាង​នោះ​ទៅ​ទៀត រាល់​ភាពយន្ត​ដែល​លោក​បាន​យក​ទៅ​ប្រកួត​ប្រជែង​នៅ​មហោស្រព​ឯ​ក្រៅ​ប្រទេស​សុទ្ធតែ​ទទួល​បាន​ពាន​ទាំង​អស់។ ក្នុង​ឆ្នាំ១៩៧៥​ លោក​បាន​ទទួល​កុងត្រា​ទៅ​ថត​រឿង​ក្នុង​ប្រទេស​ថៃ​ចំនួន​៣រឿង តែ​លោក​មិន​បាន​ចេញ​ទៅ​ភ្លាម​ៗ​ទេ ព្រោះ​លោក​ចាំ​នៅ​ចូល​ឆ្នាំ​ជួបជុំ​គ្រួសារ​សិន។ ប៉ុន្តែ​ជា​អកុសល ព្រឹត្តិការណ៍១៧​ មេសា បាន​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ ធ្វើ​ឱ្យ​លោក​មិន​បាន​ចេញ​ទៅ​សម្ដែង ហើយ​លោក​ក៏​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​តែ​ម្ដង​ទៅ។ លោក​ត្រូវ​បាន​គ្រួសារ​សន្និដ្ឋាន​ថា ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ម្ដុំ​កោះគ ស្រុក​កោះធំ ខេត្ត​កណ្ដាល ក្នុង​ខែ​សីហា ឆ្នាំ​១៩៧៥។

លោក គង់ សំអឿន និង អ្នក​ស្រី​ ឌី សាវ៉េត ក្នុង​រឿង "ធីតាសក់ពស់"

២. លោក ជា យុទ្ធថន

លោក​កើត​ឆ្នាំ ១៩៣០ នៅ​ជ្រោយចង្វា រាជធានីភ្នំពេញ ​មាន​បង​ប្អូន​៣នាក់ លោក​ជា​កូន​ទី២។ ឪពុក​ម្តាយរបស់​បាន​ចែក​ផ្លូវ​គ្នា​តាំង​ពី​លោក​នៅ​ក្មេង​ម្ល៉េះ ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​កូន​ទាំង៣​បាន​មក​រស់​នៅ​ខាង​ម្ដាយ ដែលមាន​របរ​ជា​អ្នក​លក់​ទឹក​ដោះ​គោ​ឆៅ និង​អំបិល។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់ទី​៩ លោក​ក៏​ឈប់​រៀន ព្រោះ​គ្រួសារ​ក្រីក្រ​ខ្លាំង។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក​បាន​ចូល​ហាត់​តៃក្វាន់ដូ ដើម្បី​សុខ​ភាព និង​បង្ហាត់​តៃក្វាន់ដូ ដើម្បី​បាន​ប្រាក់​ខ្លះ​ចិញ្ចឹម​ជីវិត។

លោក ជា យុទ្ធថង

ដោយ​គ្រួសារ​ក្រី​ក្រ​ពេក លោក​បាន​ប្រឡង​ចូល​ធ្វើ​ពេទ្យ​នៅ​អាយុ​ប្រមាណ១៦ ឬ១៧ឆ្នាំ ហើយ​ក្នុង​អំឡុង​​ពេល​នោះ​ដែរ លោក​ក៏​ទៅ​យាម​ទូត​អាមេរិក​(សន្តិសុខ)។ ក្រោយ​មក​ទៀត លោក​ចូល​ធ្វើ​ពេទ្យ​បឋមក្នុង​មន្ទីរ​ពេទ្យ​មួយ ហើយ​ក៏​បាន​ស្គាល់​ប្រពន្ធ​ទី១​ក្នុង​មន្ទីរ​ពេទ្យ​តែ​ម្ដង។ ដោយ​គ្រួសារ​ខាង​ប្រពន្ធ​មាន​ទ្រព្យជាង ឪពុក​ខាង​ស្រី​មិន​ទទួល​ស្គាល់ ទើបលោក ​និង​ប្រពន្ធ​ក៏​មក​រស់​នៅជ្រោយចង្វា ។ លោក​មាន​កូន២នាក់​ជាមួយ​ប្រពន្ធ​មុន (ប្រពន្ធ​មុន​ធ្វើ​ការ​នៅ​ទូត​បារាំង)។ ក្រោយ​ធ្វើ​ជា​សន្តិសុខ​យាម​ទូត​បាន​ប្រមាណ​ជិត​២ឆ្នាំ លោក​ក៏​ចូល​សិល្បៈ។

តារា​សម្ដែង​រូប​នេះ ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ ពេលអាយុ៣២ឆ្នាំ។ រឿង​ដំបូង​ដែល​លោក​ថត​ គឺ​រឿង "ផែន​ដី​ដែល​ខ្ញុំ​ស្រលាញ់” ជា​រឿង​ដែល​ធ្វើ​ឱ្យ​លោក​ល្បី​ខ្លាំង។ រឿង​ទី២ រឿង "ជីវិត​អនាថា" ក៏​ជា​រឿង​ដែល​ធ្វើ​ឱ្យ​លោក​ល្បី​ខ្លាំង​ដែរ។ ពេល​ល្បី​ល្បាញ​លោក​បាន​ជួប​ប្រពន្ធ​ទី២ គឺ​អ្នក​ស្រី សោម វណ្ណស៊ុគ (ឈ្មោះ​ក្នុង​សិល្បៈ សោម វណ្ណស៊ូដានី)។ រឿង​ដែល​ថត​ចុង​ក្រោយ​គឺ​រឿង "កីឡាករ​ចេក​ណាំវ៉ា”។

លោក ជា យុទ្ធថន និង​ អ្នក​ស្រី​ សាក់ ស៊ីស្បោង

៣. លោក ណុប ណែម

លោក​កើត​ក្នុង​ឆ្នាំ ១៩៣៦ នៅ​ភូមិ​ស្រែ​ខ្វាវ ឃុំ​ជាង​ទង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ មាន​បង​ប្អូន​៨នាក់ ប្រុស៥ ស្រី៣។ ប្រពន្ធ​របស់​លោក​ឈ្មោះ គីម ណូវ៉ា គឺជាតារាសម្តែងរួមជំនាន់​ដ៏ល្បីម្នាក់ដែរ។ លោក​ទទួល​មរណៈ​ភាព​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ណុប ណែម

ក្នុង​ឆ្នាំ ១៩៦០ លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយ​បាន​សម្ដែង​កុន​ស្ទើរ​តែ​គ្រប់​ផលិត​កម្ម​ក្នុង​សម័យ​នោះ ដែល​មាន​ប្រមាណ​ជាង​១០​ផលិត​កម្ម សរុប​ជា​រឿង​មាន​ប្រមាណ ៧២រឿង។ លោក​ក៏​បាន​ចេញ​ទៅ​សម្ដែង​ភាពយន្ត​នៅ​ក្រៅ​ប្រទេស ប៉ែក​អឺរ៉ុប​ផង​ដែរ។

លោក ណុប ណែម និង​ អ្នក​ស្រី ហែម ណារី សម្ដែង​ក្នុងភាពយន្តបារាំង រឿង​"បក្សីឋានសួគ៌"

ចុចអាន៖

ប្រវត្តិ​ត្រួស​ៗ​របស់​តារា​ស្រី៣រូប​ល្បី​ខ្លាំង​ក្នុង​ទសវត្ស​រ៍ ឆ្នាំ៦០ របាំ​ខ្មែរ​មួយប្រភេទដែល​បរទេស​ស្គាល់​ច្រើន និង​សរសើរ​មិន​ដាច់​ពី​មាត់

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់