- 2017-11-17 07:17:32
- ព័ត៌មាន
ចង់ឱ្យពូកែគិត អាចទៅមើលរបាំមួយនេះ
- 2017-11-17 07:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឱ្យពូកែគិត អាចទៅមើលរបាំមួយនេះ
ចន្លោះមិនឃើញ
របាំសហសម័យអាចជួយឱ្យមនុស្សហ្វឹកហាត់ខួរក្បាលខ្លួនបាន ប្រសិនបើពួកគេព្យាយាមតាមដានគ្រប់កាយវិការរបាំ និងព្យាយាមបង្កើតគំនិតដាក់លើរូបភាពដែលខ្លួនបានឃើញ។វាជាការហ្វឹកហាត់ខួរក្បាលឱ្យមានការគិតវិភាគបានដោយមិនដឹងខ្លួន។
នាយិកានៃអង្គការអម្រឹតាសិល្បៈកញ្ញា ជ័យ ច័ន្ទកិត្យា បានប្រាប់ Sabay ថា របាំនេះនិយាយអំពីការចងចាំរបស់យុវជនខ្មែរមួយរូប ពីជីវភាពរស់នៅរបស់ម្ដាយឪពុកខ្លួនកាលពីមុនសម័យសង្គ្រាម ក្នុងសង្គ្រាម និងក្រោយសង្គ្រាម ដែលដំណាលប្រាប់ពីម្ដាយឪពុករបស់ខ្លួន។ របាំនេះបង្ហាញពីភាពមិនច្បាស់លាស់នៃច្បាប់ធម្មជាតិ ដែលកើតរលត់ៗ ផ្សារភ្ជាប់ក្នុងសង្គមមនុស្ស។ កញ្ញាបញ្ជាក់ថា របាំនេះបើអ្នកមើលមិនបានគិតនោះច្បាស់ជាមិនយល់ ថាចង់បានន័យយ៉ាងណានោះឡើយ តែអ្នកសិល្បៈក៏មិនអាចទៅប្រាប់គេឱ្យត្រូវតែគិតបែបនេះបែបនោះបានដែរ។
“មិនប្រាកដថាឱ្យតែកាយវិការសុទ្ធតែមានន័យនោះឡើយ តែយើងជាអ្នកសិល្បៈមិនអាចទៅប្រាប់គេថា កាយវិការបែបនេះបែបនោះ មានន័យយ៉ាងនេះយ៉ាងនោះឡើយ គឺយើងទុកឱ្យគាត់ស្វែងយល់ខ្លួនឯង។ នៅពេលដែលគាត់មើលគាត់ប្រាកដជាឆ្ងល់ថា តើវាមានមានន័យយ៉ាងណា ហើយគាត់ប្រាកដជាព្យាយាមគិតថា ប្រហែលបែបនេះបែបនោះ នេះហើយជាការហ្វឹកហាត់ខួរក្បាល ហើយវាជាទំនាក់ទំនងរវាងសិល្បៈនិងមនុស្ស”។
ដូចគ្នានេះដែរលោក កង ឬទ្ធីសាល នាយកប្រតិបត្តិនៃអង្គការអម្រឹតាសិល្បៈ បានឱ្យដឹងថា ក្នុងរបាំនេះក៏បង្ហាញអំពីភាពមិនច្បាស់លាស់មួយ សំដៅទៅលើជីវិតមនុស្សរស់ប្រចាំថ្ងៃ។ មានមនុស្សច្រើនណាស់ដែលរស់ក្នុងភាពមិនច្បាស់លាស់ ក្នុងមួយនាទីគិតទៅដល់រឿងរាប់ភ្លេចតែមិនច្បាស់ថារឿងណមួយ ប៉ុន្តែពួកគេអាចរស់នៅជាមួយវាបាននិងអាចស្វែងរករឿងដែលច្បាស់លាស់មួយបាន។ របាំនេះបើអ្នកមើលមិនបានគិតប្រៀបធៀបទៅក្នុងតថភាពសង្គមទេ នោះបានត្រឹមតែឃើញបន្តិចរត់ទៅនេះបន្តិចរត់ទៅនោះ សរុបទៅមិនយល់ថាមានន័យថាយ៉ាងណា។ លោកបញ្ជាក់ថា របាំនេះបើគិតនៅប្រទេសអភិវឌ្ឍន៍មួយចំនួន គេចំណាយប្រាក់រាប់សិប ទៅរាប់រយដុល្លារដើម្បីបានចូលទៅមើលការសម្ដែង ព្រោះគេជឿថារបាំនេះបានផ្ដល់ចំណេះឱ្យគេយ៉ាងច្រើន។
របាំសហសម័យនេះមានឈ្មោះថា Cross transit បានសម្ដែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពកាលពីយប់ម្សិលមិញ។ ស្នាដៃនេះដំឡើងដោយជនជាតិជប៉ុនរួមសហការជាមួយអម្រឹតាសិល្បៈ រីឯសិល្បករសម្ដែងខ្មែរមាន២នាង និងជប៉ុនមាន៥នាក់។ របាំនេះសម្ដែងរយៈពេល២ថ្ងៃគឺថ្ងៃ ១៦ និង ១៧ ខែវិច្ឆិកានេះ នៅទីតាំងដូចគ្នា។ នេះជាលើកទី៣ហើយដែលអង្គការអម្រឹតាសិល្បៈបានសហការជាមួយក្រុមសិល្បៈមកពីប្រទេសជប៉ុនដើម្បីបង្កើនទំនាក់ទំនងផ្នែកសិល្បៈរវាងប្រទេសទាំងពី។
ចុចអាន៖
ឡួយ! សិល្បករ៩ផ្នែក រួមគ្នាសម្ដែងរបាំសហសម័យថ្មីមួយ ឲ្យមើល Free
ស្នាដៃរបាំសហសម័យអង្គការអម្រឹតាសិល្បៈចំនួន ២ ដាក់បង្ហាញល្ងាចមិញ