• 2017-11-29 00:00:00
  • ជីវិតតារា

ឆាយ វីរៈយុទ្ធ បង្ហាញ​កាយ​វិការ​កត្តញ្ញូ​ដាក់​ម្ដាយ​ក្មេក

  • 2017-11-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រូបភាព​កម្រ​មួយពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈយុទ្ធ ចាប់​តាំង​ពី​លោក​បាន​រៀប​ការ​មាន​គូ​ជីវិត​មក ដោយ​ថ្មី​ៗ​នេះ​បាន​ឃើញ​នាំ​ក្រុម​គ្រួសារទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​មួយនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ជា​ទី​ដែល​គេ​បាន​ឃើញ​លោក​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ស្ត្រី​ចំណាស់​មួយ​រូប។

បង្ហាញ​វត្តមាន​ជា​លក្ខណៈ​ឯកជន​ថ្ងៃ​នោះ លោក ឆាយ វីរៈយុទ្ធ ស្លៀក​សម្លៀកបំពាក់​សាមញ្ញ ខោ​ខាវប៊យ​ខ្មៅ អាវ​យឺត​ដៃ​វែង​ពណ៌​ទឹក​ប៊ិច​ក្រម៉ៅ ឯ​សក់​របស់​លោក រំលេច​នូវ​ស្ទីល​ថ្មី​ពណ៌​ប្រាក់ រួម​ដំណើរ​ជាមួយ​ក្រុម​គ្រួសារមាន​គ្នាប្រមាណ ៥-៦នាក់ មាន​ភរិយា និង​ម្ដាយ​ក្មេក​ជា​ដើម។ តារា​ចម្រៀង​រូប​នេះ គេ​ឃើញ​មាន​រូប​រាង​ធាត់​ជាង​មុន ស្ទើរ​មើល​មិន​ស្គាល់ នៅ​គ្រា​នោះ។

មិន​ខ្វល់​នឹង​ក្រសែ​ភ្នែក​អ្នក​ទេសចរ​ជុំវិញ​ខ្លួន តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ចាម​រូប​នេះ បង្កើតបរិយាកាស​រីករាយ​ជាមួយ​​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​ដោយ​ការ​លេង​បៀលំហែ។ បន្ទាប់​ពីលំហែ​អស់​ចិត្ត នៅ​ម៉ោង​ប្រមាណ ខ្ទង់​៣​រសៀល លោក និង​សមាជិក​រួម​ដំណើរ​ទាំង​អស់បាន​ចាក​ចេញ​មក​វិញ។ ក្នុង​ពេល​ដែល​អ្នក​មាន​កម្លាំង​ពលំ​រឹង​មាំទៅ​មុន​អស់ លោក​ ឆាយ វីរៈយុទ្ធ ឯណេះ នៅ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់យ៉ាង​ខ្ជាប់​ខ្ជួន ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ម្ដាយ​ក្មេក​លោក​តែ​ម្ដង។ ដំបូង​ ឆាយ  វីរៈយុទ្ធ បាន​ជួយ​គ្រា​ម្ដាយ​ក្មេក​ដែល​មាន​រាង​កាយ​ធាត់​ពិបាក​ងើប​​នោះ ឲ្យក្រោក​ឈរ បន្ត​មក​ទៀត លោក​បាន​ទៅ​រៀប​ចំ​ស្បែក​ជើង​ សម្រាប់​អ្នក​មាន​គុណ​របស់​ភរិយា​លោក​នេះ​ពាក់។ ចុង​ក្រោយ លោក​នៅ​បាន​ជួយ​គ្រា​ម្ដាយ​ក្មេកលោក ធ្វើ​ដំណើរចេញ​ទៅ​ទៀត ក្រោម​ក្រសែ​ភ្នែក​របស់​ភ្ញៀវ​ទេសចរ​ណ៍ជា​ច្រើន។

លោក ឆាយ វីរៈយុទ្ធ បាន​រៀបការ​កាល​ពី​ថ្ងៃ​ទី ២១ ឧសភា ២០១៧។ ភរិយា​លោក​ឈ្មោះ សែ ចាន់ឌី ដែល​មុន​ពេល​ភ្ជាប់​និស្ស័យ​ជាមួយ​គ្នា ភរិយា​រូប​នេះ ធ្លាប់​សរសេរ​បទ​ចម្រៀង​ឲ្យលោក​ច្រៀង​បាន​ប្រមាណ ១០​បទ​ដែរ។ ពាក់​ព័ន្ធ​ការងារ​ច្រៀង​របស់​លោក ថ្មី​ៗ​នេះ ឆាយ វីរៈយុទ្ធ ទើប​បាន​ចេញបទ​ថ្មី​សប្ដាហ៍​មុន​នេះ​មាន​ចំណង​ជើង​ថា “ជម្រើស​ទី​២” ជា​ប្រភេទ​បទ Original Song។ បុគ្គល​ជិត​ស្និទ្ធ​មួយ​រូប​នឹង​តារា​ចម្រៀង​រូប​នេះ ខ្សឹប​ប្រាប់​ថា នេះ​ជា​ការ​បំបុក​ទីផ្សារក្នុង​បំណង​លើក​ស្ទួយ​ប្រជាប្រិយភាព​លោក​មួយ​កម្រិត​ទៀត​របស់​លោក ឈាន​ទៅ​ឈរ​តំណែង​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​សាន់ដេ បន្ទាប់​សិរីមន្ត​បាន​ចេញ​ទៅ​កាន់​ទ្រនំ​ថ្មី​រួច​មក៕

អត្ថបទៈ ប៊ុនណា សភា

មតិយោបល់
អត្ថបទថ្មី