• 2017-12-07 03:50:09
  • ជីវិតតារា

លឿន​ដូច​ផ្លេក​បន្ទោរ រ៉ូណាន ចាន់ណា បើក​ហាង​កាហ្វេ​ភ្លាម ក្រោយ​ផ្អាក​ផលិតកុន

  • 2017-12-07 03:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​កន្លង​ទៅ​មិន​ដល់​មួយ​ខែ​ផង ដែល​ផលិតករ​វ័យ​ក្មេង រ៉ូណាន ចាន់ណា បាន​ប្រកាស​ឈប់​ផលិតកុនទៅ​ធ្វើ​ជំនួញ​ផ្សេង​វិញ។ ស្រាប់​តែ​ឥឡូវ​នេះ លោក​បើក​របររកស៊ីនោះ​បាន​បាត់ ជា​ជំនួញ​ហាង​កាហ្វេថ្មី​មួយ​នៅ​តំបន់​ខាង​កើត​រាជធានី​ភ្នំពេញ។

ហាង​កាហ្វេ​ផ្ទាល់​ខ្លួន​ដែល​ជា​ជំនួញ​ថ្មីបន្ទាប់​ពី​ដក​ខ្លួន​ពី​វិស័យ​សិល្បៈ​នេះ រ៉ូណាន បាន​ដាក់​ឈ្មោះ​ថា “Artist Coffee” មាន​ទី​តាំង​នៅ​ជិត​រង្វង់​មូល​ព្រែក​តាមាក់ ដែល​ទើប​បើក​ដំណើរ​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​នេះ​តែ​ម្ដង បន្ទាប់​ពី​ធ្វើ​ពិធីសម្ពោធទ្រង់​ទ្រាយ​តូច​តាម​ទំនៀម​ទម្លាប់​ប្រពៃណីកាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ។

ដំណើរ​ការ​ជំនួញ​ដែល​កំពុង​ពេញ​និយម​នេះ ម្ចាស់​ហាង​ បញ្ជាក់​ថា ពុំ​មាន​ការ​អញ្ជើញ​មិត្ត​ភ័ក្ដិ​ក្នុង​សិល្បៈណា​ចូល​រួម​ឡើយ ដោយ​សារ​តែ​លោក​យល់​ថា ទីតាំង​អាជីវកម្ម​របស់​ខ្លួន នៅ​ឆ្ងាយ​ពី​រាជធានី និង​ត្រូវ​ឆ្លង​ទឹក​ផង ទើបមិន​ចង់​រំខាន​មិត្តភ័ក្ដិ។

ពាក់​ព័ន្ធជំនួញ​នេះ​ដដែល​ ផលិតករ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យប្រាប់​ថា លោក​ផ្ដើម​មាន​គំនិត​ចង់​រក​ស៊ី​ជា​យូរ​មក​ហើយ តាំង​ពី​លោក​ចាប់​ផ្ដើម​ផលិត​រឿង “សរសរកន្លោង” ម្ល៉េះ ផ្សំ​នឹង​មាន​ការ​នឿយ​ណាយ​ខ្លះៗ​ក្នុង​ការងារ​ផលិតកុន​ផង ទើប​លោក​ដាក់​ការ​ផ្ដោត​ទៅ​លើ​មុខ​មួយ​នេះ និង​ឈាន​ដល់​ការ​បើក​ដំណើរ​ការ​ឆាប់​រហ័ស​ដូច្នេះ។ មុន​ពេល​បើក លោក​បាន យក​ពេល​សល់​ពីការងារ​ផលិតកុន ធ្វើ​ការ​សិក្សា​លើ​រូបមន្ត និង​ជ្រើស​រើស​ទីតាំង ហើយ​ចុង​ក្រោយ ក៏​សម្រេច​យក​ព្រែក​តាមាក់​នេះ​តែ​ម្ដង។

“ខ្ញុំ​សម្រេច​យក​ទីតាំង​នៅ​ទី​នេះ ដោយ​សារ​តែ​នៅ​ទី​នេះ នៅ​ជិត​សាលា​រៀន ធានាគារ មន្ទីរ​ពេទ្យ និយាយ​ទៅ​វា​ប្រជុំ​ជន​ធំ​មួយ ហើយ​សំខាន់​ជាង​នេះ អត់​ទាន់​មាន​ហាង​កាហ្វេ​ផ្សេងបើក​ផង”។ រ៉ូណាន ថ្លែង។

ខុស​ពី​អាជីវកម្ម​ផ្សេងៗ រ៉ូណាន បាន​ចាប់យក​ទីតាំង​ក្រៅ​ទីតាំង​ក្រៅ​ក្រុង គឺ​ព្រែក​តាមាក់ ធ្វើ​ជា​ទី​យុទ្ធសាស្រ្ត។ តាម​ចក្ខុ​វិស័យ​របស់​លោក​  គឺ​លោក​នឹង​ពង្រីក​ខ្លួន​ពី​តំបន់​ក្រៅ​ក្រុង​នេះ​ ឆ្ពោះ​ទៅ​ទី​ក្រុង​វិញ ហើយ​នៅ​ពេល​ខាង​មុខ លោក​នឹង​ដំណើរ​ការ​សាខា​មួយ​បន្ថែម​ទៀត​។ ប៉ុន្តែ​​ក៏​នឹង​ប្រើ​ពេល​វេលា រង់​ចាំ​មើល​ពី​ដំណើរ​ការ ក៏​ដូច​ជា​ការ​គាំទ្រ​ចំពោះ​សាខា​ដំបូង​នេះ​សិនដែរ។

វិល​មក​រូបមន្ត​របស់ “Artist Coffee” ម្ចាស់​ហាង​បង្ហើប​ថា លោក​សម្រេច​ប្រើ​គ្រាប់​កាហ្វេ​មក​ពី​បរទេស មិន​ប្រើ​គ្រាប់​កាហ្វេ​ក្នុង​ស្រុក​ទេ។ លោក​មិន​បាន​ពន្យល់​ពី​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​លោក​ថា ត្បិត​គ្រាប់​កាហ្វេនាំ​ចូល​ពី​បរទេស តែ​លោក​បាន​ប្រើ​រូបមន្ត​កែ​ប្រែ​តិច​តួច​ដើម្បី​ឲ្យ​មាន​រសជាតិ​ សមស្រប​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ទទួល​យក​បាន។

“Artist Coffee” បាន​បើក​ដំណើរ​ការ​ក្រោម​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក។ រ៉ូណាន ចាន់​ណា អះអាង​ថា មិន​មែន​ជា​ម្ចាស់​ដាច់​តែ​ម្នាក់​ឯង​ទេ គឺ​លោក​បាន​ចូល​ហ៊ុន​ជាមួយ​ប្អូន​ប្រុស​ម្នាក់ ដែល​​ជា​តារា​សម្ដែង​ម្នាក់​ ហើយ​លោក​បាន​ប្រគល់​ការងារ​មើល​ការ​ខុស​ត្រូវ​លើ​ម្ចាស់​ភាគ​ហ៊ុន​នេះ​តែ​ម្ដង៕    

អត្ថបទៈ ប៊ុនណា សភា

មតិយោបល់