អ្នកនិពន្ធបទ "ស៊ីបានចេះតែស៊ីទៅ" ចេញមុខបកស្រាយទៅនឹងអ្នករិះគន់
ក្រោយមានការរិះគន់ខ្លាំងពាក់ព័ន្ធនឹងបទចម្រៀង "ស៊ីបានចេះតែស៊ីទៅ" និងបទ ទាល់តែយូរទើបស៊ីអូនបាន" ដែលមានទំនុកភ្លេងដូចគ្នា អម្បាញ់មិញនេះអ្នកនិពន្ធបទ "ស៊ីបានចេះតែស៊ីទៅ" ងួន សុបិន បានផុសវីដេអូឃ្លីបធ្វើការបកស្រាយតបទៅហ្នឹងការរិះគន់ រួមទាំងធ្វើការសុំទោសទៅដល់មហាជនផងដែរ។
លោក ងួន សុបិន អ្នកនិពន្ធនៅផលិតកម្មថោនថ្លែងក្នុងវីដេអូឃ្លីប ពាក់ព័ន្ធនឹងពីរបទខាងលើថា ក្រោយពេលបទលោកកែវ វាសនា "ស៊ីបានចេះតែស៊ីទៅ" ចេញទៅបានប្រហែល១០ថ្ងៃ គឺមិនឃើញមានការរិះគន់អ្វីខ្លាំងក្លានោះទេ។ ប៉ុន្តែក្រោយចេញបទមួយ របស់ កញ្ញា ម៉ាលីស "ទាល់តែយូរទើបស៊ីអូនបាន" ទើបចាប់ផ្តើមមានការរិះគន់ខ្លាំងរហូតរាលដាលដល់បទលោកថែមទៀតផង។
ស្តាប់ការបកស្រាយលម្អិតពី ងូន សុបិន ក្នុងវីដេអូខាងក្រោម៖
អ្នកនិពន្ធដដែល អះអាងថាការរិះគន់របស់បងប្អូនគឺសប្បាយចិត្ត ប៉ុន្តែសូមរិះគន់ក្នុងន័យជាខ្មែរ លោកក៏ជាខ្មែរ ហើយបងប្អូនក៏ជាខ្មែរ ហើយលោកប្រាប់ថា នឹងកែប្រែរាល់កំហុសដែលកើតមាន ក្នុងនោះនឹងមិនមានលើកក្រោយទៀតទេ៕
អត្ថបទ៖ ថា ម៉ាលីដា