ស្រីស្អាត យៀកលី មានអ្នកច្រឡំជាមួយ ជីជី
តារាសម្ដែង ម៉េង យៀកលី ទើបនឹងបោះជំហានចូលសិល្បៈប្រមាណមួយឆ្នាំ ដោយបច្ចុប្បន្នកំពុងកាន់ការងារពិធីការិនីនៅទូរទស្សន៍បាយ័ន និងថតស្ប៉តពាណិជ្ជកម្មមួយចំនួននោះ ថ្មីៗនេះ ត្រូវបានគេភ័ន្តច្រឡំថា នាងគឺជា ជីជី ពិធីការិនទូរទស្សន៍ស៊ីធីអិន។
សាមីខ្លួនបានបង្ហើបថា មានប្រិយមិត្តមួយចំនួនបានសាកសួរខ្លួនពីបញ្ហានេះ ។ យៀកលី ថ្លែង "បងឯងមើល មានគេច្រឡំខ្ញុំថាជាបងជីជីរហូត ពេលចេញទៅក្រៅម្ដងៗ គេសួរថា បងឯងហ្នឹងជីជីមែន...(សើច)!"។
ម៉េង យៀកលី អតីតស្រីស្អាតលេខ២ កម្មវិធី Freshie Girls & Boy 2015
ស្រីស្អាតវ័យ ១៩ឆ្នាំរូបនេះ បញ្ជាក់ថា នាងបានបដិសេធន៍ជារឿយៗ ប៉ុន្តែនៅតែមានអ្នកច្រឡំដដែលជាដដែល។ "ពេលគេសួរ ខ្ញុំឆ្លើយថា មិនមែនបងជីជីទេ ខ្ញុំឈ្មោះ យៀកលី ដល់អីចឹងគេសួរទៀតថា អីចឹងជាបងប្អូនគ្នាមែន ខ្ញុំហួសចិត្តហ្មង!"
ម៉េង យៀកលី ទើបចូលសិល្បៈកាលពីឆ្នាំ ២០១៥ ក្រោយប្រឡងជាប់លេខ២ក្នុងកម្មវិធី Freshie Girls & Boy រៀបចំដោយក្រុមហ៊ុន BKA Entertainment។ នាងមានដើមកំណើតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងមិនមានជាប់សាច់ឈាមជាមួយពិធីការិនី ពេជ្រ សូលីដា ហៅ ជីជី ទេ។
កញ្ញា លើកឡើងទៀតថា "អត់មានជាប់សាច់ឈាមទេ ប៉ុន្តែគេច្រឡំដោយមានមុខមាត់ស្រដៀងគ្នា ពិសេស គឺមុខចិនដូចគ្នាហ្មង...!"៕
អត្ថបទ៖ ទារិកា