សេន រ៉ានុត ត្អូញនឹកសិល្បៈខ្លាំង
ឆ្លើយតបសារតាមរយៈបណ្តាញសង្គមពីទឹកដីសហរដ្ឋអាមេរិកមក សេន រ៉ានុត ប្រាប់ថាជាង១០ឆ្នាំហើយដែលឃ្លាតពីវិស័យសិល្បៈ ដោយលោកអះអាងថានៅតែនឹកនិងចង់ត្រឡប់ចូលវិញណាស់ ប៉ុន្តែពេលវេលាហាក់មិនអំណោយផលទាល់តែសោះ។
ជីវិតក្នុងទឹកដីសម្បូរទៅដោយដុល្លារនេះ សេន រ៉ានុត អះអាងថាមានបងប្អូនខ្មែរនៅទីនោះ អញ្ជើញនិងស្វាគមន៍លោកទៅច្រៀងច្រើនកន្លែងណាស់ ប៉ុន្តែលោកមិនមានពេលវេលាគ្រប់គ្រាន់ឡើយ ព្រោះជាប់រវល់ការងាររកស៊ី។ យ៉ាងណាលោកសុំមិនទាន់បញ្ចេញថាការងារ នៅទីនោះជាការងារប្រភេទអ្វីឡើយ តែលោកនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ។
រយៈពេល៥ឆ្នាំក្នុងទឹកដីអាមេរិកអតីតតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ប្រាប់ថារវល់ច្រើន៖ "ពេលនេះបងអត់បានគិតថាវិលទៅរកសិល្បៈវិញទេ តែបងនឹក ព្រោះបងមានកេរ្តិ៍ឈ្មោះសព្វថ្ងៃក៏ដោយសារសិល្បៈដែរ ម្យ៉ាងបងក៏ធ្លាប់បានប្រឡូកយូរឆ្នាំដែរ។ ពេលខ្លះបងទំនេរ ក៏ឆ្លៀតអង្គុយកាត់ត និងសរសេរបទចម្រៀងច្រៀងលេងខ្លះៗតែប៉ុណ្ណោះ"។
ហេតុផលដែល ម្ចាស់បទ "កំផែងវណ្ណៈ"សម្រេចចិត្តទៅរស់នៅទឹកដីសហរដ្ឋអាមេរិក លោកបានឲ្យដឹងថា ជីវិតក្នុងវិថីសិល្បៈលោកប្រឡូកអស់រយៈពេលជាង១០ឆ្នាំ ហើយក៏បានដើរកាត់តាមបណ្ដាប្រទេសធំៗ រួចមួយចំនួនហើយដែរ ។ មិនតែប៉ុណ្ណោះតារាចម្រៀងរូបស្រស់សង្ហាររូបនេះ ប្រាប់ថាអាជីពសិល្បៈលោកក៏បានទទួលជោគជ័យសមរម្យដែរ ចឹងហើយល្មមដល់ពេលសម្រាកនិងចាប់អាជីពការងារថ្មី ដូច្នេះទើបលោកសម្រេចចិត្តរស់នៅសហរដ្ឋអាមេរិក។៕
អត្ថបទ៖ ថា ម៉ាលីដា
រូបថត៖ ហ្វេសប៊ុក សេន រ៉ានុត