• 2018-01-03 09:11:13
  • ស្ទីលតារា

ថត Pre-wedding ជាមួយប្រុសដូចគ្នារួច តារា​​សាច់​ដុំ ជា លាងឈែ បង្ហាញ​មុខគូស្នេហ៍

  • 2018-01-03 09:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ​និង​ម៉ូដែល​​​សាច់​ដុំ លោក ជា លាងឈែ ត្រូវ​បាន​គេ​​សង្ស័យ​ថា អាច​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា ត្បិត​អី​តារា​ប្រុស​ឧស្សាហ៍​បញ្ចេញ​សាច់​ដុំ​ក្បាល​ពោះ​រូប​នេះ ឧស្សាហ៍​បង្ហាញ​សញ្ញា​ពី​​រូប​ភាព​ស្នេហា​​ប្រភេទ​នោះ ដូច​ជា ថត​រឿង​​ប្រុស​ស្រលាញ់​ប្រុស និង ថត​Pre Wedding ជា​មួយ​ប្រុសៗ​ដូច​គ្នា​ជា​ដើម។ បែប​នេះ​ក្ដី សាមី​ខ្លួន​បាន​បញ្ជាក់​ប្រាប់​ថា ខ្លួន​មិន​ស្ថិត​ក្នុង​ក្រុមមនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ឡើយ បច្ចុប្បន្ន​កំពុងតែ​ស្វែង​យល់​ចិត្តនារីក្មេង​ខ្ចី​ម្នាក់​ ដែល​ជា​អ្នក​សិល្បៈដូច​លោក​ដែរ។

នារី​ម្នាក់​នោះ មាន​ឈ្មោះ​ថា លឹម មួយហ្គិច ជា​តារា​សម្ដែង ​ម៉ូដែល និងជាអតីត​ជា​សមាជិក​ក្នុង​​ក្រុម​ម៉ូដែល​ជា​មួយ​គ្នា ដោយ​អ្នក​ទាំង​២​បាន​ស្គាល់​គ្នា គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​​រយៈពេល​ជិត៤ឆ្នាំ​មក​ហើយ។ "ខ្ញុំ​អត់​ដឹង​អនាគត​បែប​ម៉េច​ទេ តែ​គាត់ជា​មនុស្ស​​រួសរាយ​រាក់ទាក់ ជា​មនុស្ស​ដែល​​ចូល​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​សប្បាយ​សើច ហើយ​គាត់លះ​បង់​ឲ្យ​ខ្ញុំ​ច្រើន" ជា លាងឈែ ថ្លែង​សរសើរ លឹម មួយហ្គិច។

ជា លាងឈែ លើក​ឡើង​ថា ខ្លួន​ និង លឹម មួយហ្គិច រាល់​ការ​ធ្វើ​អ្វី​មួយ​ហាក់​ដូច​ចុះ​សម្រុង​គ្នា​ណាស់ ទាំងទំនាក់​ទំនង​ធម្មតា និង ការងារ​សិល្បៈ​ជា​ដើម។ កន្លង​មក​អ្នក​​ទាំង​ពីរ​ធ្លាប់​បាន​សម្ដែង​ភាពយន្ត ខារ៉ាអូខេ និងកម្មវិធី​សិល្បៈ ដោយ​ចាប់គូ​សម្ដែង​​រួម​គ្នា​ជា​ច្រើន​មក​ហើយ។ ការងារ​សិល្បៈ​ទាំង​នោះ​មាន​ដូច​ជា រឿង​​"ម្ជុល​បាទ​សមុទ្រ" និង សម្ដែង​MV បទ" ​ដល់​ម៉ោង​Trama ទៀត​ហើយ" និង កម្មវិធី​សិល្បៈកម្សាន្ត​ជា​ច្រើន តាម​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន។ លោក​ថា រាល់​​សកម្មភាព​ដែលអ្នក​ទាំង​ពីរ​បាន​សម្ដែង ទទួល​បាន​ការ​កោតសរសើរ​ពី​អ្នក​ដឹក​នាំ​សម្ដែង ត្បិត​អី​​បាន​សម្ដែង​ជា​មួយ​មនុស្ស​យល់​ចិត្ត ពេល​សម្ដែង​ទៅដាក់​អារម្មណ៍​ឆាប់​ចូល​តួ។

ទោះបី​ជា​ស្គាល់​គ្នា​ច្រើន​ឆ្នាំ ហើយ​​ទឹក​ចិត្ត​ហាក់​ដូច​ជា​ស្គាល់​គ្នា​ស៊ី​ជម្រៅ​បែប​នេះ​ក្ដី តារា​​ប្រុស​សាច់​ដុំ​ខាង​លើ មិន​ទាន់​មាន​គម្រោង ភ្ជាប់​ពាក្យ​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា ​​ទុក​ពេល​ស្វែង​យល់​ចិត្ត​គ្នា​ឲ្យ​បាន​​ច្រើន​ជាង​នេះ​ថែម​ទៀត ម្យ៉ាង​ខ្លួន​នៅ​ក្មេង​ចង់​​ប្រលូក​សិល្បៈ​និង រក​ប្រាក់​ឲ្យ​បាន​ច្រើន​សិន៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់