• 2018-03-20 08:26:04
  • ជីវិតតារា

ឈឺ​ចាប់​ម្ដង​ហើយ​! ​កែវ ពេជ្រពិសី នៅ​​មិន​រាង​ចាល​​ស្នេហ៍​ប្រុស​ក្រៅ​ស្រុក​ទៀត​

  • 2018-03-20 08:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ធ្លាប់​ឈឺ​ចាប់​រឿង​​ស្នេហា​បែក​បាក់​​ជាមួយ​អាណិកជន​ខ្មែរ​​អូស្ត្រាលី​​ម្ដង​រួច​ទៅ​ហើយ​ក្ដី​ តែ​​អ្នក​មេម៉ាយ​ កែវ ពេជ្រពិសី ​មិន​ខ្លាច​រអា​ ឬ រាង​ចាល​ស្នេហ៍​ប្រុស​ក្រៅ​ប្រទេស​ឡើយ​។

ជាក់​ស្ដែង​​​អំឡុង​ពេល​នេះ​​មាន​បុរស​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​កំពុង​តែ​​តាម​សុំ​ស្នេហ៍​ពី​​​អ្នក​មេម៉ាយ​​រូប​នេះ​ តែ​នាង​មិន​ទាន់​ឆ្លើយ​យល់​ព្រម​នៅ​ឡើយ​ទេ ព្រោះ​មិន​ចង់​ខក​ស្នេហ៍​ជា​លើក​ទី​២​​។ ដូច្នេះ​ហើយ​ទើប​ចង់​ទុក​ពេល​វេលា​មើល​ចិត្ត​ថ្លើម​គ្នា​ឲ្យ​បាន​យូរ​​បន្តិច​សិន​​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អ្នក​ណា​ម្នាក់​​មក​រួម​ដំណើរ​ជីវិត​ជាមួយ​គ្នា​​។

កែវ ពេជ្រពិសី បាន​និយាយ​ថា​៖​" ​ក្នុង​ចំណោម​បុរស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ហ្នឹង​ ខ្ញុំ​មិន​គិត​ថា​ពួក​គាត់​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ ឬ ​បុរស​ដែល​រស់​នៅ​ស្រុក​ខ្មែរ​នោះ​ទេ​ អ្វី​ដែល​សំខាន់​ឲ្យ​តែ​​គាត់​​ស្រឡាញ់​​គោរព​ក្រុម​គ្រួសារ​​របស់​​នាង​ខ្ញុំ ហើយ​ស្មោះ​ត្រង់​ជាមួយ​ខ្ញុំ​ ពេល​​ហ្នឹង​​ហើយ​ដែល​ខ្ញុំ​ត្រូវ​គិត​ថា​គួរ​ជ្រើស​រើស​យក​អ្នក​ណា​"។

គួរ​រម្លឹក​ថា​ កែវ ពេជ្រពិសី បាន​ចូល​រោង​ការ​ជាមួយ​​​លោក ចន្ថា​ ស្រី ជា​​អាណិកជន​ខ្មែរ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១០ ​ប៉ុន្តែ​គួរ​ឲ្យ​​ស្ដាយ​ចំណង​ស្នេហ៍​នោះ​បាន​មាន​អាយុ​ត្រឹម​តែ ២ សប្ដាហ៍​ប៉ុណ្ណោះ​ ក៏​ឈាន​ដល់​ការ​ប្រេះ​ឆា​ និង​ចែក​ផ្លូវ​គ្នា​ដើរ​ដោយ​ចម្រូង​ចម្រាស់​ ដោយ​សារ​ម្ដាយ​ក្មេង​​ចោទ​ថា​ នាង​​ រៀប​ការ​ជាមួយ​កូន​ប្រុស​ខ្លួន​ក្នុង​​​​គោល​បំណង​បោក​យក​លុយ​​រាប់​ម៉ឺន​ដុល្លារ​។ រឿង​រ៉ាវ​នេះ​ ត្រូវ​បាន​ កែវ ពេជ្រពិសី ចេញ​មុខ​ច្រាន​ចោល​ថា​មិន​មែន​ជា​ការពិត​នោះ​ទេ​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់