• 2018-05-10 03:00:22
  • ជីវិតតារា

ទ្រាំ​លែង​បាន ម៉ៅ ស៊ីណាត សម្រេចចែកផ្លូវជាមួយប្ដី​សក្តិ៥

  • 2018-05-10 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រស់នៅ​ជា​មួយ​​មន្ត្រី​យោធា​ពាក់​សក្តិ៥ ​ម្នាក់ ដោយ​មិន​​ឆ្លង​កាត់​ការ​រៀបការ​ជា​​ច្រើន​ឆ្នាំ ហើយ​ទទួល​បាន​​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ តារា​ចម្រៀង​ស្រី អ្នក​នាង ម៉ៅ ស៊ីណាត បាន​​បង្ហើប​ឲ្យ​ Sabay ​ដឹង​នៅ​ព្រឹក​នេះ​ថា ខ្លួន​បាន​លែង​លះ​ស្វាមី​រូប​នោះ​ហើយ ហេតុ​ផល​ក៏​ព្រោះ​តែ​ប្ដី​របស់​​អ្នក​នាង​​មិន​ស្មោះ​នឹង​ខ្លួន។

អ្នក​នាង ម៉ៅ ស៊ីណាត បាន​បន្ត​ឲ្យ​ដឹង​ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា ក៏​ព្រោះ​​អ្នក​នាង​ទ្រាំ​លែង​បាន​នៅ​ពេល​ដែល​ដឹង​ថា ស្វាមី​ដែល​ធ្លាប់​ឱប​ជាប់​ទ្រូង​រាល់​ថ្ងៃ​ លួច​ទៅ​មាន​ស្រី​​ខាង​ក្រៅ ហើយ​ការ​លួច​លាក់​នេះ​មិនមែន​តែ​​​ពេល​ថ្មីៗ​នេះ​ទេ ពោល​គឺ​​បាន​កើត​ឡើង​ជា​ញឹក​ញាប់ ហើយ​​ច្រើន​ឆ្នាំ​មក​ហើយ។

ដោយ​ទ្រាំ​លែង​បាន​​ទើប​អ្នក​នាង​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​តែ​ម្ដង។ តារា​ចម្រៀង​ស្រី​រូប​នេះ​បញ្ជាក់​ថា ការ​លែង​លះ​មិន​បាន​ធ្វើ​នៅ​តុលាការ​ទេ ត្បិត​អី​អ្នក​ទាំង​ពីរ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ គឺ​ត្រឹម​តែ​ភាគី​ទាំង​សង​ខាង​ព្រមព្រៀង​គ្នា​ប៉ុណ្ណោះ។

អ្នកនាង ម៉ៅ ស៊ីណាត និងស្វាមី កាលនៅត្រូវគ្នា (រូបភាពហ្វេសប៊ុក ម៉ៅ ស៊ីណាត)

ចំពោះ​កូន​ស្រី​ដែល​មាន​វ័យ​១ឆ្នាំ​២ខែ ដែល​ជា​​តំណក់​ឈាម​របស់​អ្នក​ទាំង​២នោះ ​ត្រូវ​បាន​អ្នក​នាង ម៉ៅ ស៊ីណាត ជា​អ្នក​គ្រប់គ្រង​ចិញ្ចឹម។ អ្នក​នាង​ថា គ្មាន​ហេតុ​ផល​ណា ដែល​​អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​វិញ​ឡើយ ទោះបី​ជា​មាន​ការសម្រុះ​សម្រួល​​តាម​រូប​ភាព​បែប​ណា​ក្ដី ដោយ​អ្នក​​នាង​​សុខ​ចិត្ត​រស់​​នៅ​ជា​ស្ត្រី​មេម៉ាយ មិន​ស្ដាយ​ស្រណោះ​ឡើយ។

ទាក់ទងបញ្ហាចែកផ្លូវគ្នានេះ Sabay មិនអាចសុំការបកស្រាយពីភាគីស្វាមីអ្នកនាង ម៉ៅ ស៊ីណាត បាននៅឡើយទេ។

អ្នក​នាង ម៉ៅ ស៊ីណាត បាន​មាន​ទំនាក់​​ទំនង​ជា​មួយ លោក វិសាល ដែល​គេ​ដឹង​ថា ជា​មន្ត្រី​យោធា​ពាក់​សក្តិ៥ ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​ចាប់​តាំង​​ពី​តារា​ចម្រៀង​រូប​នេះ​បាន​លែងលះ​ជា​មួយ​ប្ដី​ដើម​ដាច់​ស្រេច។ ប្ដី​ដើមរបស់​អ្នក​នាង ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​អតីត​មេធាវី​ល្បី​ឈ្មោះ ​​មួយ​រូប ឈ្មោះ លោក កា សាវុធ ដោយ​លោក​បាន​ស្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ កាល​​មាន​ទំនាក់​ទំនង​ប្ដី​ដើម អ្នក​នាង​មាន​កូន​ប្រុស​ម្នាក់ ​បច្ចុប្បន្ន​មាន​វ័យ​ជាង​១៧ឆ្នាំ​ហើយ។

អត្ថបទៈ ស៊ុនហួត

មតិយោបល់