• 2018-06-22 07:35:35
  • ស្ទីលតារា

មិន​ត្រឹម​តែ​ស្អាត សង្ហា សិល្បករ​១០រូបនេះ​ និយាយ​ភាសា​អង់គ្លេស និងថៃ​បាន​ស្ទាត់​គួរ​ឲ្យ​សរសើរ​

  • 2018-06-22 07:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាសាបរទេសជាយានមួយដ៏សំខាន់សម្រាប់ប្រាស្រ័យទាក់ទងជាមួយជាតសាសន៍ដទៃ ថែមទាំងអាចបង្កើនឱកាសក្នុងការទទួលបានការងារកាន់តែច្រើន មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ ក្រៅ​ពី​ការងារ​សិល្បៈ សម្តែង​ រាំ ច្រៀង​ និង​ពិធីការីនី​ តារា​ស្រស់​ស្អាត​ទាំង១០​ដួង មាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស និងថៃ​ស្ទាត់​ជំនាញ គួរ​ឲ្យ​សរសើរ។

១. យុគ ចិន្តា៖ ពិធីការីនី​មាន​ឥទ្ធិពល​នៅ​ស្ថានីយទូរទស្សន៍ CTN​ រូប​នេះ អាច​និយាយ​ភា​សា​អង់គ្លេស និងថៃ​យ៉ាង​ស្ទាត់​ជំនាញ។ អំឡុង​វត្តមាន​របស់​តារា​ថៃ Pancake នៅ​កម្ពុជា​កន្លង​ទៅ ម្ដាយ​របស់​យុគ ដា​ពេជ្រ ហៅ​អម​ បាន​សំណេះសំណាល​ជា​មួយ​តារា​ថៃ​ ដោយ​មិន​រអាក់រអួល​អ្វី​សូម្បី​បន្តិច។

២. ជីម​មី៖ ក្រៅ​ពី​សម្រស់​ផូ​ផង់ ជីម​មី​មាន​សមត្ថភាព​និយាយ​ភា​សា​ថៃ​​ និងអង់គ្លេស មិន​ចាញ់​ភាសា​កំណើត​របស់​ខ្លួន​​ឡើយ។ ពិធីការីនី​មក​ពី​ខេត្ត​ប៉ៃ​លិន ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​ថៃ​ចុះ​ផ្សាយ​ពី​ទេពកោសល្យ​ប្រើ​ប្រាស់​ភាសា​ទាំងពីរនេះ​បាន​យ៉ាង​ត្រឹម​ត្រូវ និង​ពាក្យពេចន៍​បាន​ច្បាស់​ គួរ​ឲ្យ​សរសើរ។

៣. ស៊ិន យូ​ប៊ីន៖ ដោយ​សារ​តែ​មាន​ការ​ជំរុញ​ពី​ដៃ​គូ​សម្ដែង​ដ៏​ស័ក្ដិសម​របស់​ខ្លួន គឺ​ លោក ខាត់ វៃ​ហាំង ​កញ្ញា ស៊ីន យូប៊ីន បាន​រៀន​​ភា​សា​ថៃ​រហូត​អាច​ប្រើ​ប្រាស់​បាន។​ Freshy Girl ចំណាត់​ថ្នាក់​លេខ​១​ និយាយ​ថា ការ​ចេះ​ច្រើន​ភាសា​ធ្វើ​ឲ្យ​កញ្ញា​មាន​ឱកាស​ការងារ​សិល្បៈ​ច្រើន។ តួ​យ៉ាង​ ម្ចាស់​ពាន​តារា​ស្រី​ឆ្នើម​ ប្រចាំ​ឆ្នាំ​២០១៧ បាន​ធ្វើ​ជា​ពិធីការីនី​ក្នុង​កម្មវីធី​របស់​គ្លីនិក​កែសម្ផស្ស​មួយ​ដែល​មាន​តារា​ថៃ​ជា​ច្រើន​ចូល​រួម។

៤. ថន លក្ខិណា៖ ដោយសារ​ពិធីការីនី​រូ​ប​នេះ​ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​ថៃ​ ការ​និយាយ​ភាសា​មួយ​នេះ​សម្រាប់​កញ្ញា គឺ​គ្មាន​បញ្ហា​នោះ​ទេ។ នៅ​​ពេល​មាន​កម្មវិធី​តូច​ធំ​ពី​ប្រទេស​ថៃ ស្រី​ស្អាត​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កោះ​កុង​រូប​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ជា​ពិធីការីនី​ជា​ញឹក​ញាប់។

៥. ឆាយ វីរៈ​យុទ្ធ៖ ​ថ្វី​ត្បិត​តារា​ចម្រៀង​រូប​នេះ​មិន​សូវ​បង្ហាញ​សមត្ថភាព​ការ​និយាយ​ភាសា​ថៃ​របស់​ខ្លួន​ក៏​ពិត​មែន តែ​ប្រភព​ជិតស្និទ្ធ​នឹង​លោក​ប្រាប់​ថា ឆាយ វីរៈយុទ្ធ​​និយាយ​និង​ច្រៀង​ជា​ភា​សា​ថៃ​បាន​យ៉ាង​ល្អ។ ភាព​ភ្ញាក់​ផ្អើល​មួយ​ទៀត​នៅ​ផ្ទះ​របស់​ម្ចាស់​បទ "លុយ​បង​មិន​ដល់​គេ"មាន​តាំង​វិញ្ញាបនបត្រ​ជា​ច្រើន​បញ្ជាក់​ការ​សិក្សា​លើ​ភាសា​មួយ​នេះ​ យ៉ាង​ច្រើន​ស្អេកស្កះ។ ​​​​​​​​​​

៦. ស្វែង​ សុ​ជា​តា៖ កាល​ពី​ពេល​ថ្មីៗ​ ទស្សនិកជន​ភ្ញាក់​ផ្អើល​នឹង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​តារា​សម្ដែង​រូប​នេះ ដោយ​មិន​នឹក​ស្មាន​ថា អ្នក​នាង សុជាតា​ និយាយ​ភា​សា​អង់គ្លេសយ៉ាង​ល្អ​ដូច្នេះ​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ តារា​ធ្លាប់​សាង​ផ្នួស​នៅ​ភ្នំ​គូ​លែន បញ្ជាក់​ថា ចំពោះ​ភាសា​ថៃ​វិញ ក៏​អ្នក​នាង​ប្រើ​ប្រាស់​បាន​ដូចគ្នា​ផង​ដែរ។

៧. ខាត់ វៃ​ហាំង៖ លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​និយាយ​ភាសា​ថៃ​បាន​យ៉ាង​រលូន​។ ​ក្នុង​ឱកាស​បង្ហាញ​មុខ​ក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍​ថៃ លោក​ជជែក​ជាមួយ​ពិធីករ និង​តារា​ថៃ​ផ្សេ​​ង​ទៀត​យ៉ាង​មាន​ទំនុក​ចិត្ត។ ​​​​

៨. យឹម ណា​រ៉ា៖ ក្រៅពីភាសាអង់គ្លេសពិធីករ​រូប​សង្ហារ​នេះ​ ក៏​មិន​ចាញ់​សិល្បករ​ដទៃ​ផង​ដែរ​ លើ​ផ្នែក​ភាសា​ថៃ។ លោក​បាន​បង្កើត​មុខ​ជំនួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ជាមួយ​មិត្តភ័ក្ដិ​ជា​ជន​ជាតិ​ថៃ​ទៀត​ផង។

៩. ឌួង ហ្សូ​លី​ដា៖ ដោយសារ​ក្រុម​គ្រួសារ​ធ្លាប់​រស់​នៅ​ប្រទេស​ថៃ តារា​សម្ដែង​ ហ្សូ​លី​ដា អាច​សន្ទនា​ភា​សា​នេះ​បាន​ដោយ​មិន​រអាក់រអួល។

១០. ម៉ៃ​យ៉ា៖ ​តារា​សម្ដែង​កូន​កាត់​អាល្លឺម៉ង់​ ប្រើ​ភាសា​ថៃ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ស្ទាត់​ជំនាញ ពិត​ជា​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់