• 2018-06-20 00:26:00
  • ជីវិតតារា

យាយ​យ៉យ បង្ហាញ​គន្លឹះ ​នាំ​ជោគជ័យ​ជា​មួយ​​ ព្រហ្ម ម៉ាញ រហូត​ដល់​បច្ចុប្បន្ន​

  • 2018-06-20 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​ក្មេង​ ឬចាស់ ប្រិយមិត្ត​ច្បាស់​ជា​បាន​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ហើយ​វីរៈសិល្បករ​អាយ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ាញ និង​អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ ​ត្បិត​អី អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃគូ និង​សាង​ប្រជាប្រិយ​ភាព​ជា​មួយ​គ្នា​ជិត​៣០ឆ្នាំ​មក​ហើយ។ តាម​ការ​លើក​ឡើង​របស់​យាយ យ៉យ មាន​​កត្តា​ជា​ច្រើន ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​​ដណ្ដើម​ប្រជាប្រិយភាព​​ពី​បេះដូង​ទស្សនិកជន​ជា​ច្រើន​មក​ដល់​បច្ចុប្បន្ន​នេះ ក្នុង​នោះ​ទេពកោសល្យ​​ពី​​កំណើត និង ភាព​​វៃ​ឆ្លាត​ចេះ​បត់បែន​​គឺ​ជា​ចំណុច​ចម្បង នៃ​ភាព​ជោគជ័យ​នេះ។

អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ ​បាន​រម្លឹក​ថា​ អ្នក​ស្រី​ចាប់​ដៃគូ​ច្រៀង​ជា​មួយ​នាយ ព្រហ្ម ម៉ាញ ក្រោយ​រៀមច្បង​សិល្បៈ​ផ្សេង​ទៀត​ទេ ត្បិត​អី​មុន​ចាប់ដៃ​គូ​ជា​មួយ​​គ្នា លោក ព្រហ្ម ម៉ាញ មាន​ដៃគូ​ជា​ច្រើន​ផ្សេង​ទៀត។ អ្នក​ស្រី​​រៀបរាប់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ដៃគូ​ច្រៀង​ជា​មួយលោក ព្រហ្ម ម៉ាញ មាន​អ្នក​ស្រី គិត សារ៉ែន អ្នក​ស្រី ព្រហ្ម ផល្លា អ្នក​ស្រី ណយ​សំណាង និង អ្នក​ស្រី ​អ៊ុក សុផា ជា​ដើម។ ចំណែក​អ្នក​ស្រី​វិញ​បាន​ច្រៀង​ជា​មួយ​គ្នា ក្នុង​អំឡុង​ឆ្នាំ ១៩៩៨ ឬ ១៩៩៩ ហើយ​ការ​ច្រៀង​ពេល​នោះ​អ្នក​ស្រីមិន​​ចាំ​បាន​ថា ធ្វើ​​ក្នុង​កម្មវិធី​​អ្វី ធ្វើ​នៅ​​ទីណា​ឡើយ តែ​ចាំ​បាន​ថា អាយ៉ៃ​នៅ​ជំនាន់​នោះ មិន​មាន​ធ្វើ​ក្នុង​ទីក្រុង​ឡើយ គឺ​ច្រៀង​នៅ​តាម​ខេត្ត​ប៉ុណ្ណោះ។

អ្នក​ស្រី នួន សារី និងលោក ព្រហ្ម ម៉ាញ (រូបភាព ហ្វេសប៊ុក យាយ យ៉យ)

ម្តាយ​នាយ​ព្រែក បាន​បន្ត​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​អ្នក​ស្រីចាប់​ដៃគូ​ជា​មួយ​គ្នា​មក ប្រជាប្រិយ​ភាព​ចាប់​ផ្ដើម​​មហាជន​ទទួល​ស្គាល់​តែ​ម្ដង ហើយ​បន្ត​ច្រៀង​ជា​មួយ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​តែ​​ម្ដង។ យាយ យ៉យ បាន​រម្លឹក​បន្ត​ថា នៅ​សម័យ​នោះ ពេល​ចុះ​ច្រៀង​អាយ៉ៃ​ម្ដងៗ​ គឺ​សុទ្ធតែ​ដេក​តាម​ខេត្ត​​គ្រប់​កម្មវិធី​ ព្រោះ​ផ្លូវ​សម័យ​នោះ​លំបាក​ខ្លាំង​ណាស់។ ចំណោះ​កន្លែង​ដេក​វិញ មិន​មាន​ផ្ទះ​សំណាក់ ​ឬ​សណ្ឋាគារ​ដូច​បច្ចុប្បន្ន​ឡើយ គឺ​ដេក​ក្នុង​កុដិ​ព្រះ​សង្ឃ ឬ ក្នុង​សាលា​រៀន​​ជា​ដើម។ ចំពោះ​តម្លៃ​ខ្លួន​​វិញ នៅ​សម័យ​នោះ ច្រៀង​ដូរ​ជា​អង្ករ បាន​១ការ៉ុង ឬ១តៅ យក​មក​ចែក​គ្នា អី​ចឹង​ទៅ។

ចូល​ដល់​ត្រង់​ចំណុច​នេះ ​យាយ យ៉យ លើក​ឡើង​​បែប​លេងសើច​ថា ស្ដាយ​ដែរ ​អ្នក​ស្រី​ល្បី​ខុស​ជំនាន់ បើ​ល្បី​ចំ​សម័យ​នេះ បែប​​ក្លាយ​ជា​អ្នក​មាន​​ដូច​គេ​ឯង​ហើយ មើល​ក្មេង​សម័យ​បច្ចុប្បន្ន​ប៉ិច​ឡើងមាន​រថយន្ត​ជិះៗ​​បាត់​ទៅ​ហើយ។

ឆ្លង​កាត់​ការ​ចាប់​ដៃគូ​ជា​មួយ​គ្នា​ជិត​៣០ឆ្នាំ​មក​នេះ ម្ដាយ​​បង្កើត​នាយ ព្រែក​រូប​នេះ បាន​វាយ​តម្លៃ​បាន​ថា កត្តា​​​ដែល​នាំ​ឲ្យ​អ្នក​ស្រី ​និងលោក ព្រហ្ម ម៉ាញ ​អាច​ចាប់​ដៃគូ​ជា​មួយ​គ្នា​បាន​ច្រើន​ឆ្នាំ ហើយ​អាច​រក្សា​​ប្រជាប្រិយភាព​​រហូត​មក​ដល់​បច្ចុប្បន្ន​ និង​ត​កូន​ត​​ចៅ​ថែមទៀត បែប​នេះ គឺ​មាន​ចំណុច​ច្រើន។ ចំណុច​សំខាន់​នោះ អ្នក​ស្រី​ថា អាច​មក​ពី​ទេពកោសល្យ​​ពី​​កំណើត ត្បិត​អី​អ្នក​ទាំង​ពីរ​ចេះ​កំប្លែង​ស្ងួត​ដូច​គ្នា ហើយ​ស៊ី​ចង្វាក់​គ្នា​ខ្លាំង។ ចំណុច​ពិសេស​មួយ​វិញ​ទៀត​អ្នក​ស្រី​ថា នាយ ព្រហ្ម ម៉ាញ រាល់​ការ​ច្រៀង​ម្ដង​ពូកែ​ចង ហើយ​តែង​​ចេះ​ស្រាយ​​គ្រប់​រឿង​មិន​ទុក​ចោល​ឡើយ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​​​អស់​ចម្ងល់។ ជា​មួយ​គ្នា​នោះ ក្នុង​នាម​ជា​ដៃគូ អ្នក​ស្រី ត្រូវ​តែ​ពូកែ​សួរ នៅ​ពេល​ដៃគូ ចោទ​​មក។

ចំណុច​នេះ អ្នក​ស្រី​ស្នើ​ប្រិយ​មិត្ត​​ងាក​មក​ស្ដាប់​អាយ៉ៃ​ឆ្លង​​របស់​អ្នក​ទាំង​ពីរ"​សុំ​ច្បាប់​ចៅក្រម​យក​ត្បាល់​ទៅ​បុក" នោះ នឹង​យល់​ពីការ​ចង​និង​ការ​ចេះ​ស្រាយ របស់​អ្នក​ទាំង​ពីរ​ខ្លះ​ហើយ។ អ្នក​ស្រី​ថា ធម្មតា សិល្បៈ​តែង​តែ​មាន​ពាក្យ​គ្រោតគ្រាត​ហើយ ប៉ុន្តែ​សំខាន់​​អ្នក​ដែល​ចង​ពាក្យ​ទាំង​នោះ​ហើយ ត្រូវ​ចេះ​ស្រាយ​វិញ មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ឡើយ។​

អ្នក​ស្រី​បាន​លើក​ឡើង​ថា អាយ៉ៃ​ខុស​ពី​ចាប៉ី ព្រោះ​ការ​ច្រៀង​អាយ៉ៃ​ទាមទារ​ចោទ​ភ្លាម ឆ្លើយ​ភ្លាម ​ដៃ​គូម្នាក់ៗ​ត្រូវ ឆ្លាត​វៃ​ណាស់ ​ ហើយ​ច្រៀង មិន​មាន​ភ្លេង​ទេ។ ចំណែក​ចាប៉ី​វិញ ​ស្រួល​ជាង​អាយ៉ៃ​បន្តិច ព្រោះ​ដៃគូ​ម្នាក់ៗ ពេល​ដែល​គិត​បញ្ហា​អ្វី​​ដែល​រក​នឹក​មិន​ទាន់​ឃើញ ដោយ​អាច​យក​ចាប៉ី មក​ដេញ​​ដក​ឃ្លា​រក​នឹក​​បាន។

វីរៈសិល្បករ​អាយ៉ៃ​ជើង​ចាស់រូប​នេះ បាន​ថ្លែង​​បន្ថែម​ទៀត​ថា រាល់​ការ​ច្រៀង​របស់​អ្នក​ស្រី គឺ​សុទ្ធតែ​ពិភាក្សា​ជា​មួយ​គ្នា​មុខ មិនមែន​ច្រៀង​ទាំង​ទទឹងទិស​ឡើយ កម្មវិធី​ដែល​ត្រូវ​ច្រៀង​នោះ​ជា​កម្មវិធី​​អ្វី ហើយ​មនុស្ស​ប្រភេទ​ណា​ជា​ស្ដាប់។

ដោយ​បច្ចុប្បន្ន​​ទីផ្សារ​អាយ៉ៃ​មាន​ការ​ធ្លាប់​ចុះ ហើយ​មិន​ទាន់​មាន​ដៃគូ​ចម្រៀង​​អាយ៉ៃ​ណា មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ឡើយ អ្នក​ស្រី​ក៏​ដូច​ជា​លោក​ ព្រហ្ម ម៉ាញ ​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ​នោះ​ អ្នក​ទាំង​ពីរ​មាន​ការ​​បារម្ភ​ជា​ខ្លាំង ដោយ​ក្នុង​នោះអ្នក​ទាំង​ពីរ​មាន​បំណង​ចង់​បង្រៀន​ជំនាញ​នេះទៅ​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​​ទេពកោសល្យ​ហើយ​ចង់​​ចាប់​យក​ជំនាញ​​អាយ៉ៃ​នេះ។ អ្នក​ស្រី​ថា បច្ចុប្បន្ន​នាយ ព្រហ្ម ម៉ាញ កំពុងតែ​ពិភាក្សា​ជា​មួយ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​រក​រក​ទីតាំង​ បណ្ដុះបណ្ដាល​ដោយ​មិន​គិត​ប្រាក់​ឡើយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់