• 2018-07-09 03:51:50
  • ជីវិតតារា

ស្មានមិនដល់ តារា​៤​រូប​ បាត់​ភាព​ល្បីល្បាញ​ ធ្លាក់​ខ្លួន​​រស់​ក្នុង​ជីវភាព​ក្រ​ខ្សត់

  • 2018-07-09 03:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​កសាង​ភាព​ល្បី​ល្បាញ​ក្នុង​វិស័យ​សិល្បៈ​ តារា​មួយ​ចំនួន​បាន​បាត់​មុខ​ឈឹង​ពី​វិថី​នេះ ដោយ​មហាជន​ជា​ច្រើន​យល់​ថា ប្រហែល​ពួក​គេ​កំពុង​សម្ងំ​សោយ​សុខ​លើ​គំនរ​ទ្រព្យ ឬ​​ចេញ​រស់​នៅ​ក្រៅ​ប្រទេស​កសាង​ជីវិត​គ្រួសារ​ យ៉ាង​រីករាយ​មិន​ខាន។ ប៉ុន្តែ​តារា​៤​ដួង ក្រោយ​ពី​​បាត់​មុខ​ពី​សិល្បៈ បែរ​ជា​ត្រូវ​ទស្សនិកជន​ប្រទះ​ឃើញ ​រស់​នៅ​ក្នុង​ភាព​ក្រ​តោក​យ៉ាក គួរ​ឲ្យ​អាសូរ​យ៉ាង​ពន់​ពេក។​

១. លោក ច័ន្ទ រិទ្ធ​មេ​ធា​នី

បន្ទាប់​ពី​បាត់​មុខ​សូន្យ​ឈឹង​ពី​វិស័យ​សិល្បៈ តារា​សម្ដែង​ជើង​ចាស់​វ័យ​៥៧​ឆ្នាំ​​រូប​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​រត់​ម៉ូតូ​កង់​បី។ លោក​ជា​តារា​ភាព​យន្ត​ល្បី​ឈ្មោះ​កំឡុង​ទសវត្សរ៍ ៩០ រួម​ជំនាន់​ជាមួយ​អ្នក​នាង អម្ពរ​ ទេវី អ្នក​នាង សុខ ស្រី​មុំ​ ជា​ដើម។ ​មូល​ហេតុ​ដំបូង​ដែល​លោក​ចាក​ឆ្ងាយ​ពី​សិល្បៈ ត្រូវ​បាន​គេ​ដឹង​ថា ដោយ​សារ​លោក​ឆ្អែត​ចិត្ត​នឹង​អាជីព​នេះ​ពេក នៅពេលលោក​ខំប្រឹង​ប្រែង​ ប៉ុន្តែ​ជា​ច្រើន​លើក ខាង​ផលិត​កម្ម​ភាព​យន្ត​តែង​បោះ​សម្តីមើល​ងាយ​ថា​លោក​ជា​តួ​លែង​ត្រូវ​ប៉ាន់ ហើយ​ពេល​ខ្លះ​មិន​បើក​ប្រាក់​ថ្លៃ​ថត​ឲ្យ​លោក​ទៀត​ផង។

២. លោក ចាន់ សម័យ

តារា​ចម្រៀង​ល្បី​ឈ្មោះ​ដោយសារ​បទ" មិន​ស្រលាញ់​អូន​មិន​បាន" ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ ដោយ​លោក​កំពុង​រស់​នៅ​ក្នុង​ជីវភាព​ដុន​ដាប ដល់​ថ្នាក់​ដើរ​ស្ទូច​ត្រី​ចិញ្ចឹម​ក្រ​ពះ​តាម​មាត់​ទន្លេ។ មូល​ហេតុ​នេះ​ ត្រូវ​បាន​លោក មាស សាលី បញ្ជាក់​ថា ដោយ​សារ​លោក ចាន់ សម័យ​ បរាជ័យ​លើ​របរ​រកស៊ី លើស​ពី​នេះ ត្រូវ​ចោរ​ឆក់​កាបូប​អស់​ប្រាក់​គ្មាន​សល់​ពី​ញើស​ឈាម​រក​បាន​នៅ​អាមេរិក ហើយ​លោក​​មាន​ជំងឺ​របេង​ឆ្អឹង​ទៀត មិន​អាច​ឈរ​បាន​យូរ ទើប​មិន​អាច​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​បាន។

៣. លោក សំ តារា​រិទ្ធី

តារា​ជើង​ចាស់​និយម​សម្តែង​ជា​តួអង្គ​ស្ដេច​រូប​នេះបាន​ធ្លាក់​ខ្លួន​ធ្វើ​ជា​សន្តិសុខ​អស់​ប្រមាណ​ជាង​២ឆ្នាំ​មក​ហើយ។ តួអង្គ​ក្នុង​រឿង "បក្សី​ចាំ​ក្រុង​" រូប​នេះ រស់​ក្នុង​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ព្រម​ទាំង​មាន​ជំ​ងឺ​ប្រចាំ​កាយ​ផង​ដែរ។ ថ្វី​ត្បិត​លោក​មាន​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​យូរ​ហើយ​ក្ដី តែ​លោក​បញ្ជាក់​ថា នៅ​តែ​ស្រលាញ់ និង​សង្ឃឹម​ថា​អាច​មាន​ឱកាស​ប្រលូក​ក្នុង​វិថី​មួយ​នេះ​សាជាថ្មី។

៤. លោក ចៅ ចាន់​ណា​រី

តារា​សម្ដែង​ជើង​ចាស់​ទស្សវត្សរ៍៩០​រូប​នេះ បាន​ធ្លាក់​ខ្លួន​ជា​អ្នក​ពុះ​អុស និង​លក់​ខោអាវ​ជជុះ​នៅ​ខេត្ត​ក្រចេះ ដោយ​រស់​នៅ​ក្នុង​ខ្ទម​តូម​មួយ​គួរ​ឲ្យ​អាសូរ ក្រោយ​ពី​លោក​រកស៊ី​ខាត ហើយ​វក់​នឹង​ល្បែង​ ជ្រុល​គិតខុស​មួយ​ពេល។ បន្ទាប់​ពី​តារ​កំប្លែង​នាយ កុយ បាន​ប្រទះ​ឃើញ​រួច​មក លោក ចៅ​ ចាន់​ណា​រី​ ក៏​សម្រេច​មក​ភ្នំពេញ​ដើម្បី​ព្យាបាល​ជំងឺ​ផង​ និង​ជួប​សប្បុរសជន​ផង។ ដោយ​ក្តី​អាណិត​អាសូរ​ តួ​អង្គ​ក្នុង​រឿង​ "​កូន​ពស់​កេង​កង​រូប​នេះ​" ទទួល​បាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ ​ជួយ​ស្ដារ​ជីវភាព​ក្រខ្សត់​របស់​លោក​បាន​ប្រសើរ​ជាង​មុន៕​

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់