• 2018-07-20 05:00:00
  • ជីវិតតារា

មិនធម្មតា! តារា​ទាំង​នេះ​ ចាយទុន​រាប់​ម៉ឺន​ដុល្លារ​ រកស៊ីលើ​វិស័យអចលនទ្រព្យ

  • 2018-07-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ នេះ របរ​រកស៊ី​លើ​អចលនទ្រព្យ ហាក់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​​អ្នក​សិល្បៈ​​យ៉ាង​ច្រើន ឲ្យ​បណ្ដាក់​ទុន​រាប់​ម៉ឺន​ដុល្លារ​លើ​របរ​នេះ ដូច​ជា៖​

ព្រាប សុវត្ថិ ៖ បាន​ចាប់​របរ​នេះ​ជាមួយ​ស្វាមី​តារា​កំប្លែង ខ្ញុង ដែល​ពិត​ជា​ប្លែក​សម្រាប់​អ្នក​គាំ​ទ្រ ដោយសារ​កន្លង​មក​ កំពូល​តារា​ចម្រៀង​រូប​នេះ និយម​​បើក​ហាង​អាហារ​ជា​ដើម។ ចាប់​តាំង​ពី​ប្រឡូក​ក្នុង​មុខ​ជំនួញ​ចំណាយ​ទុន រាប់​ម៉ឺន​ដុល្លារ​នេះ​មក ឃើញ​ថា​ ​ មាន​ការ​កាក់​កប​ មិន​ចាញ់​មុខ​ជំនួញ​ ដែល​លោក​ធ្លាប់​បើក​កន្លងមក​នោះ​ទេ។

ខាត់ សុ​ឃីម ៖ មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ពេល​តារា​ពហុ​ជំនាញ​រូប​នេះ បាន​ទម្លាយ​លើ​បណ្ដាញ​សង្គម​ថា មាន​ដី​ធ្លី និង​ផ្ទះ​ជួល​ មិន​ក្រោម​១០​កន្លែង ទុក​សម្រាប់​លក់ និង​​ជួល។ អ្នក​ម្ដាយ​កូន​២​ រូប​នេះ បន្ត​ថា ​ការ​បង្ហាញ​នូវ​ចំនួន​ផ្ទះ​ រួម​ទាំង​ដី​លើ​បណ្ដាញ​សង្គម មិន​មែន​ជា​ការ​អួត​អ្វី​នោះ​ទេ គ្រាន់​តែ​ចង់​ឲ្យ​អាជីវ​កម្ម​របស់​ខ្លួន​ដំណើរ​ការ​បាន​រលូន សម្រាប់​ការ​​ផ្សព្វ​ផ្សាយ​ពី​ការ​លក់ ជួល​ ដី​ធ្លី និង​ផ្ទះ​សម្បែង​ប៉ុណ្ណោះ។

​​​នៅ ស៊ី​នឿន ៖ បន្ទាប់​ពី​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​ តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ បាន​ដើរ​តាម​រៀម​ច្បង​ក្នុង​ទ្រនំ​របស់​ខ្លួន ដោយ​ចាប់​របរ​រកស៊ី​ពុះ​ដី​ឡូតិ៍។ ​បន្ទាប់​ត្រលប់​ពី សហរដ្ឋអាមេរិក កើប​ប្រាក់​បាន​សន្ធឹក លោក​បាន​បើក​មុខ​ជំនួញ​ថ្មី​នេះ ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

រូបភាព៖ FB Nov sineoun

Jimmy ៖ ស្រី​ស្អាត​ត្រូវ​ប៉ាន់​ខ្លាំង​សម្រាប់​ការងារ​ជា​ពីធី​កា​រី​នី រូប​នេះ ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ស្រ​លាំង​កាំង​ នូវ​​ចំនួន​ផ្ទះ​និង​ ដី​ធ្លី តម្លៃ​រាប់​ម៉ឺន​ដុល្លារ ​ដែល​រូប​នាង​កំពុង​​កាន់​កាប់​ ។ Jimmy និយាយ​ថា ​ក្នុង​ឆ្នាំ​នេះ កញ្ញា​ទិញ​ផ្ទះ​បាន ៣ កន្លែង​ធំ​ៗ មួយ​នៅ​ទីក្រុង OCIC (ទីក្រុង​រណប​ជ្រោយ​ចង្វារ) មួយ​ទៀត​នៅ​អ៊ី​អន​២ មួយ​ទៀត​នៅ​ជិត​អ៊ីអន៣ ។ តម្លៃ​ទិញ​អចលនទ្រព្យ​ទាំង​នេះ សរុប​ទាំង​អស់​ប្រមាណ​ជិត ៥០ ម៉ឺន​ដុល្លារ ដោយ​មិន​ទាន់​គិត​ខុន​ដូ​មួយ​នៅ​កំពង់សោម និង​ខុន​ដូ​មួយ​នៅ​ម្ដុំ​ផ្លូវ​៦០ ម៉ែត្រ ។

មាស សុខ​សោភា ៖ ​តារា​ចម្រៀង​ក្អោប​ក្ដាប់​បាន​ប្រជា​ប្រិយ មិន​ចេះ​ធ្លាក់​ចុះ​រូប​នេះ ធ្លាប់​បង្ហើប​ថា ភាព​ហឺ​ហារ និង​ស៊ី​វី​ល័យ​ដែល​ម្ចាស់​បទ "​មួយ​ពាន់​រាត្រី​" រូប​នេះ​មាន មិន​មែន​ដោយសារ​សិល្បៈ​នោះ​ទេ។ ទាំង​អស់​នោះ ​បាន​មកពី​ជំនួញ​លើ​ផ្នែក​អចលនទ្រព្យ​តម្លៃ​សុរប​រាប់​សិប​ម៉ឺន​ដុល្លារ ដូចជា ផ្ទះ​ ខុន​ដូ និង ដីធ្លី ដែល​តារា​ចម្រៀង​រូប​នេះ​ខំ​ប្រឹង​ប្រែង​ជា​យូរ​ឆ្នាំ​មក​ហើយ គ្រាន់​តែ​​មិន​សូវ​បង្ហាញ​ដល់​ទស្សនិកជន​ប៉ុណ្ណោះ។

ពេជ្រ ចរណៃ ៖ ​តារា​សម្ដែង​ធ្លាប់​មាន​ជំងឺ​ស្ទើរ​គ្រោះ​ថ្នាក់​ដល់​ជីវិត តែ​បាន​គុណ​បុណ្យ​ លោក ខៃ ប្រសិទ្ធ​ជួយ​រ៉ាប់​រង​ព្យាបាល​ទាំង​ស្រុង ពេល​នេះ​បាន​បន្ថែម​របរ​ថ្មី​មួយ​ទៀត​ពី​លើ​លក់​ផលិត​ផល​តាម​អន​ឡាញ​​ ដោយ​ងាក​មក​ចូល​ហ៊ុន ពុះ​ដី​ឡូតិ៍​លក់ ​ដែល​មាន​ទី​តាំង​នៅ​ខេត្ត​កណ្ដាល។ មួយ​រយៈ គេ​ឃើញ​ថា ជីវភាព​របស់​តារា​ពន្លក​ថ្មី​រូប​នេះ កាន់​តែ​ធូរធារ​ជាង​មុន​។​​

រូបភាព៖ FB Pich choronai

VJ DaDa ៖ ​មិន​ធ្លាប់​បោះ​ជំហាន​លើ​របរ​រកស៊ី​ ពុះ​ដីឡូតិ័​លក់ ពី​មុន​មក​ទេ តែ​លើក​ទី​មួយ វី​ជេ រូប​នេះ​ដាក់​ទុន​រកស៊ី​លើ​ដី​រាប់​រយ​ហិក​តា​​ តែ​ម្ដង។ ការ​ហ៊ាន​ប្រថុយ​ បោះ​ទុន​រាប់​សិប​ម៉ឺន​ដុល្លារ​នេះ លើ​របរ​មិនធ្លាប់​ប្រឡូក​នេះ ដោយសារ​មាន​ការ​ណែ​នាំ​ ចង្អុល​បង្ហាញ​ប្រាប់​ពី​មិត្ត​ភ័ក្ក និង​បង​ធម៍​របស់​លោក​ ទើប​ធ្វើ​ឲ្យ​លោក​មាន​ជំ​នឿ​ចិត្ត​ដាក់​ទុន​រកស៊ី​លើ​របរ​ លក់​ដី​ឡូតិ៍ បែប​នេះ។

រូបភាព៖​ FB Vj DaDa

ផន ស្រី​ខួច ៖ មិន​ខុស​គ្នា​ប៉ុន្មាន តារា​ចម្រៀង​រូប​នេះ សុខចិត្ត​ចំណាយ​ប្រាក់​រាប់​ម៉ឺន​​ដុល្លារ លើ​របរ​ដី​ធ្លី តែ​មិន​បើក​សា​ឡន លក់​សំលៀកបំពាក់ ឬ​សម្អាងការ​ នោះ​ទេ។ ម្ចាស់​បទ "មុន​និង​ក្រោយ​ គង់​តែ​បែក​គ្នា" ទិញ​លក់​ដី ​លើ​របរ​នេះ​យូរ​ឆ្នាំ​មក​ហើយ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់