• 2018-08-02 08:09:35
  • ជីវិតតារា

ក្តុកក្តួល បើដឹងពីបំណងប្រាថ្នាកវីជើងចាស់ អ៊ំ ដរ៉ា ខណៈខ្លួនឈឺដើរមិនរួច

  • 2018-08-02 08:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សម្រាក​លើ​​កន្ទេលក្រហម មាន​ថ្នាំ​ខ្មែរ​ប៉ាត​យ៉ាង​ស្អេក​ស្កះ​ពី​ចង្កេះ​ដល់​កំភួន​ជើង ​កវី​និពន្ធបទភ្លេង ទំនុកច្រៀង និងជាតន្រ្តីករ ផ្នែក​វីយូ​ឡុងដ៏ឆ្នើម លោក អ៊ំ ដរ៉ា ធ្វើ​ឲ្យ​អ្នក​បាន​ឃើញ​ហើយ​ សង្វេគ​គ្រប់​គ្នា។ បើ​ទោះ​ជា​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​កាល​ពី​ទស្សវត្ស​រ៍៦០ ដោយ​ធ្លាប់​តែង​និពន្ធ​ជូន​តារា​ល្បី​ៗ​ដូច​ជា​ លោក ស៊ិន ស៊ី​សាមុត ​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​ លោក មាស ហុកសេង ​ ​ជា​ដើម ព្រម​ទាំង​បន្សល់​បទ​ចម្រៀង​យ៉ាង​ច្រើន តែ​មាន​មនុស្ស​តិច​ណាស់​នា​ពេល​បច្ចុប្បន្ន​បាន​ស្គាល់​លោក។

លោក អ៊ំ ដរ៉ា កំពុង​សម្រាក​លើ​កន្ទេល និង​កូន​ស្រី

​ក្នុង​សម្តីខ្សាវៗ​​ ទោះ​លោក​ធ្លាក់​ខ្លួនឈឺ​ ស្ទើរ​តែ​គ្មាន​សង្ឃឹម​ថា អាច​ក្រោក​ដើរ​បាន​ដូច​មុន​យ៉ាង​ណា​ក្ដី តែ​លោក​នៅ​​ដិត​ដាម​ជាមួយ​សិល្បៈ ​មិន​សាប​សូន្យ ដោយ​ចង់​បន្ត​ការ​លេង​ វីយូ​ឡុង​ ឲ្យទស្សនិកជន​ បាន​ស្ដាប់​ដូច​គ្រា​មុន។ អតីតកាល​​​នៃ​ភាព​ល្បី​ល្បាញ​គ្រានោះ​ មិន​បាន​ធ្វើ​ឲ្យ​លោក​មាន​ប្រាក់​សល់​អ្វី​ជា​ដុំ​កំភួន​ឡើយ ព្រោះ​បច្ចុប្បន្ន​លោក​មាន​ជំ​ងឺ​ ប៉ុន្តែ​បែរ​ជា​គ្មាន​ប្រាក់​ព្យាបាល ។ លោក សង្ឃឹម​ថា មាន​សប្បុរសជន​ ជួយ​យក​អាសា​លើ​ការ​ព្យាបាល​ ដែល​កូន​ស្រី​លោក​ ប្រាប់​ថា ​ត្រូវ​ចំណាយ​ប្រាក់ ​ជាង​ពី​រពាន់​ដុល្លារ​ សម្រាប់​ព្យាបាល​ជាមួយ​គ្រូ​ខ្មែរ។

បើ​តាម​កូន​ស្រី​របស់​លោក គឺ​កញ្ញា អ៊ំ សំ​ថារ័ត្ន​ រៀប​រាប់​ថា ​ឪពុក​របស់​ខ្លួន​មិនសូវ​មាន​ការ​ចង​ចាំ​​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ បន្ទាប់​ពី​មាន​ជំ​ងឺ​ រហូត​ពេទ្យ​ជា​ច្រើន​មិន​ហ៊ាន​ទទួល​ព្យាបាល។ គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ដង​ផង និង​ធ្លាក់​ពី​លើ​គ្រែ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​លោក ដរ៉ា ប្រេះ​ឆ្អឹង​ត្រគាក មិន​អាច​ដើរ និង​សូម្បី​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង។

ក្រៅ​ពី​បំណង​ចង់​លេង​វី​យូ​ឡុង​ដូច​មុន លោក​ ដ​រ៉ា បាន​បង្ហើប​ថា លោក​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​កែប ហើយ​ក្ដី​ប្រាថ្នា​មួយ​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក​ទាំង​អស់ក្ដុកក្ដួល​​យ៉ាង​ខ្លាំង ព្រោះ​មិន​ធ្លាប់​ឮលោក​និយាយ​ម្ដង​ណា​ទាល់​តែ​សោះ ពី​រឿង​នេះ៕​

ទស្សនាវីដេអូបង្ហាញពីបំណងប្រាថ្នា និងស្ថានភាពជំងឺកវី អ៊ុំ ដរ៉ា ខាងក្រោមនេះ៖

​ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់