• 2018-09-13 04:04:55
  • ជីវិតតារា

​តួ​នាង សីតា ព្រះរាម និង​ព្រះលក្ខ្សណ៍ សម្ដែង​ល្ខោន​ខោល​ម្ដង បាន​ប្រាក់​តិចហួស​ស្មាន​

  • 2018-09-13 04:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​សម្ដែង​ល្ខោន​ខោល ត្រូវ​ចំណាយ​ពេល​ហាត់​រៀន និង​ហាត់​សម​​ច្រើន​ដង ទម្រាំ​អាច​មាន​ឱកាស​ចេញ​សម្ដែង​លើ​ឆាក​ បង្ហាញ​ជូន​ទស្សនិកជន។ ​ប៉ុន្តែ​សម្រាប់​ការ​សម្ដែង​ម្ដង​ៗ តួ​សំខាន់​ៗ ដូច​ជា សីតា ព្រះ​រាម និង​ព្រះលក្ខ្សណ៍​បាន​ប្រាក់​កម្រៃ​តិច​តួច មិន​ដូច​តារា​ចម្រៀង​សម័យ​ឡើង​ឆាក​តន្ត្រី​ម្ដង​នោះ​ទេ។

​បើ​តាម យុវជន គង់ ដា​រិទ្ធ ​សម្ដែង​ជា​​តួ សីតា ​ប្រាប់​ថា ពេល​ខ្លួន​ឡើង​សម្ដែង​​ឲ្យ​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ម្ដង​ៗ​ ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី ១៥​ដុល្លារ ទៅ ៣០​ដុល្លារ។ រី​ឯ តួ​​ដូច​ជា ព្រះ​រាម ព្រះលក្ខ្សណ៍​ក៏​ទទួល​បាន​ចំនួន​ទឹក​ប្រាក់​បែប​នេះ​ដូច​គ្នា​ដែរ។

​​បើ​តាម​ប្រធាន​សមាគម​សុវណ្ណភូមិ លោក ម៉ាន កុសល ​ធ្លាប់​ផ្ដល់​បទ​សម្ភាស​ឲ្យ Sabay ​ដឹង​ថា សិល្បករ​ម្នាក់​ទទួល​បាន ៣០ដុល្លារ​ស្មើ​ៗ​គ្នា​មិន​ថា​តួ​ឯក​ ឬ​រង​នោះ​ឡើយ។ ​ចំ​ពោះ​តួសម្ដែង​ទាំង​អស់​ គឺ​ត្រូវ​ហាត់​សម​ជាមុន​សិន​មុន​សម្ដែង ហើយ​ថ្ងៃ​ហាត់​សម​នេះ​ក៏​ត្រូវ​គិត​ប្រាក់​ឱ្យ​តួ​ដែរ។ សម្រាប់​សមាគម​សិល្បៈ​សុវណ្ណភូមិ ឱ្យ​ប្រាក់​ហាត់​សម​ជា​មធ្យម​ ក្នុង​១​ម៉ោង​៣ដុល្លារ ហើយ​មួយ​ថ្ងៃ​ហាត់​ប្រហែល​ជា៣​ទៅ​៤​ម៉ោង។

​លោក បន្ថែម​ថា ការ​គិត​តម្លៃ​ទៅ​ឱ្យ​សិល្បករ​ទាំង​ថ្ងៃ​ហាត់​សម និង​ថ្ងៃ​សម្ដែង​បាន​ប្រាក់​តិច​ ឬ​ច្រើន​អាស្រ័យ​ទៅ​តាម​កម្មវិធី​តូច​ឬ​ធំ និង​អាស្រ័យ​ទៅ​លើ​អ្នក​ឧបត្ថម្ភ​ដែរ បើ​ម្ចាស់​ឧបត្ថម្ភ​ជួយ​ប្រាក់​ច្រើន​នោះ​សិល្បករ​ក៏​ទទួល​បាន​ប្រាក់​ច្រើន​ទៅ​តាម​នោះ​ដែរ នេះ​សម្រាប់​ការ​សម្ដែង​ក្នុង​ស្រុក៕

អត្ថបទ៖ លឹម សុនា

មតិយោបល់