• 2018-09-20 02:20:34
  • ស្ទីលតារា

តារាល្បី​ណា​ខ្លះ​ មាន​ឱកាសបាន​រួម​ការងារ​ជា​មួយ​តារា​បរទេស​ ?

  • 2018-09-20 02:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ Sabay ​សូម​លើក​យក​តារា​ខ្មែរ​ ដែល​ធ្លាប់​រួម​ការងារ​ជា​មួយ​តារា​បរទេស​ នៅ​ក្នុង​ការ​ថត​ស្ប៉ត​ ​សម្ដែង​រឿង និង​ ច្រៀង​រួម​គ្នា​ផង​ដែរ។ ​ក្នុង​នោះ​មាន​ដូច​ជា​៖

​​ តូ​តា

តារា​សម្ដែង​រូប​នេះ បាន​ហោះ​ឆ្លង​ប្រទេស​ទៅ​ប្រទេស​ថៃ​​ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ស្បែក​ជើង​​ ជា​មួយ​តារា​ល្បី​ជួរ​មុខ​ Mark Prink ​​ព្រម​ទាំងតារា​ស្រី​ថៃ Cchannatt ​និង Mmuaykel ។ ក្នុង​នោះ​ គេ​ឃើញ​តារា​​ខ្មែរ​មាន​តែ​កញ្ញា តូ​តា ម្នាក់​គត់ ហើយ​ទី​តាំង​ថត បាន​ជ្រើស​រើស​យក​តំបន់​ទេសចរណ៍​ល្បី​មួយ​នៅ​ថៃ ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ទាក់​ភ្នែក។​​

ខេមរៈ សិរីមន្ត

តារា​ចម្រៀង​នៅ​ផលិតកម្ម​ធំ​រូប​នេះ ​បាន​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ថៃ Tik shiro ក្នុង​បទ​ចម្រៀង "​ Sad Man” ​ដោយ​មួយ​បទ​នេះ​ មាន​ភាសា​ថៃ​ផង ខ្មែរ​ផង ​ហើយ​​ថត MV ​នៅ​ស្រុក​ខ្មែរ។ ​លោក Tik shiro ប្រាប់​ថា ​លោក​ចង់​ច្រៀង​រួម​គ្នា​បែប​នេះ​ជាមួយ​​កំពូល​តារា​ចម្រៀង ខេមរៈ សិរី​មន្ត ​យូរ​ណាស់​ហើយ ​តែ​ចេះ​តែ​គ្មាន​ឱកាស។

អ៊ុន សិទ្ធា

លើក​ទី​មួយ​ ដែល​តារា​សម្បុរ​ស្រអែម​រូប​នេះ សហការ​​ថត​​ស្ប៉ត​ពាណិជ្ជកម្ម​ស្រា​បៀរ​ជាមួយ​តារា​ថៃ ឆុំ​ភូ។ ​​ចំពោះ​តម្លៃ​វិញ លោក​ទទួល​បាន​ថ្លៃ​ខ្ពស់​ គុណ​នឹង​៥ បើ​ធៀប​នឹង​តម្លៃ​ថត​ស្ប៉ត​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​​លោក សទ្ធា អះ​អាង​ថា តម្លៃ​នេះ ​មិន​ទាន់​ស្មើ​ពាក់​កណ្ដាល​សម្រាប់​តួ​ថៃ ​ដែល​ថត​នោះ​ផង​ទេ។

ឌុច លី​ដា

តារា​សម្ដែង​មាន​ផ្ទៃ​មុខ​សិច​ស៊ី​រូប​នេះ ធ្លាប់​ថត​ខ្សែ​រឿង​ចំណង​ជើង​ថា "​អណ្ដាត​ភ្លើង​នៅ​រដូវ​ក្ដៅ" ឲ្យ​ផលិតកម្ម​ចិន ដោយ​​ថត​នៅ​ទឹក​ដី​ខេត្ត​សៀម​រាប។ បន្ទាប់​មក រូប​នាង​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍ CTN ​ផ្ដល់​ឱកាស​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​​ខ្លី​ខ្នាត​ធំ ជាមួយ​តារា​ប្រុស​សិង្ហបុរី គឺ​លោក Elvin Ng ដែល​ថត​នៅ​ប្រទេស​សិង្ហបុរី ព្រម​ទាំង​នៅ​ខេត្ត​សៀម​រាប ខេត្ត​កំពង់​ធំ និង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

​ផាត់ ផាន់​ណា

​តារា​រូប​នេះ​ ​​មាន​ឱកាស​​​រួម​សម្ដែង​​ជា​តួឯក​ជាមួយ​តារា​ចិន Sunxu Bo  ​ក្នុង​រឿង "ពន្លក​ស្នេហ៍​រីក​លើ​ដី​កម្ពុជា" ​ដែល​តួ​ខ្មែរ​ មាន​តែ​កញ្ញា​ម្នាក់​គត់។ នេះ​​ជា​លើក​ទី​ពីរ​​សម្រាប់​ស្រី​ស្អាត​រូប​នេះ ក្នុង​ការ​សម្ដែង​ជាមួយ​​តារា​ចិន ប៉ុន្តែ​ជា​រឿង​ទី​មួយ ​ដែល​ ផាន់​ណា​ ​ជា​តួ​ឯក។​

យុគ​ ចិន្ដា

ពិធីករ​ចាស់​វស្សា​រូប​នេះ បាន​ក្ដាប់​តំណែង​ដោយ​ថត​ស្ប៉ត​ទឹក​ដោះ​គោ​ខាប់​ នៅ​ទី​ក្រុង​បាង​កក ជា​មួយ​តារា​ប្រុស​ថៃ​មុខ​ស្រស់ Shakrit  ។ ថ្វី​ត្បិត​អាយុ​ជ្រេ​បន្តិច តែ​អ្នក​នាង​ យុ​គ ចិន្ដា ប្រាប់​ថា អស់​ពេល​៥​ឆ្នាំ​ហើយ​ ដែល​ក្រុម​ហ៊ុន​ថៃ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​នាង​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​ឲ្យ​ផលិតផល​នេះ។​

​វុទ្ធា

​វុទ្ធា តារា​ចម្រៀង​មក​ពី​​ផលិត​កម្ម KlapYaHandz ​បាន​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​រ៉េប​ស្បែក​ខ្មៅ ឈ្មោះ​ Victor Siva ក្នុង​បទ​​ចម្រៀងមាន​ចំណង​ជើង​ថា "​អូន​សាសន៍​អី​" ដែល​ទើប​ចេញ​កាល​ពី​ថ្មី​ៗ​នេះ។ បទ​ចម្រៀង​នេះ បាន​ថត​លើទឹក​ដីឯ​នាយ​សមុទ្រ ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា៕​​​​​

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់