- 2018-10-15 07:25:08
- ជីវិតតារា
សុខភាពស្ដេចចាប៉ី ប្រាជ្ញ ឈួន កាន់តែធ្ងន់ធ្ងរ
- 2018-10-15 07:25:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខភាពស្ដេចចាប៉ី ប្រាជ្ញ ឈួន កាន់តែធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន ដែលមានជំងឺប្រចាំកាយជាច្រើនឆ្នាំ កំពុងសម្រាកព្យាបាលនៅឯស្រុកកំណើតស្ថិតក្នុងភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ពេលនេះសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរហើយ។ នេះបើតាមការឲ្យដឹងពីលោកប្រាជ្ញ ឆាត ដែលជាកូនបង្កើតកំពុងមើលថែរាល់ថ្ងៃ។
លោកប្រាជ្ញ ឆាត ដែលជាកូនបង្កើតបានឲ្យដឹងថា សុខភាពឪពុករបស់លោកកាន់តែធ្លាក់ចុះខ្លាំងជាង២សប្ដាហ៍មកនេះ ពោលគឺតាំងមុនភ្ជុំបិណ្ឌមកម្ល៉េះ ដោយមិនសូវជានឹកនាបាយទឹក ហើយវង្វេងម្ដងម្កាល។ កូនលោកតាប្រាជ្ញ ឆាតលើកឡើងដូច្នេះ៖ "គាត់ចុះខ្លាំង ២អាទិត្យចុងក្រោយហ្នឹង អត់មានកម្លាំងតែម្ដងងើបលែងរួចដូចមុនហើយ លុះត្រាតែមានអ្នកជួយគ្រា។"។
ដោយសុខភាពព្រឹទ្ធាចារ្យចាប៉ីដងវែងកាន់តែទ្រុឌទ្រោមបែបនេះ លោកប្រាជ្ញ ឆាត ប្រាប់ថា កាលពីរដូវភ្ជុំ មានព្រះសង្ឃចំនួន២វត្ត បានដឹកនាំញាតិមិត្តក្នុងភូមិសូត្រមន្តឲ្យចំនួន២ថ្ងៃ ព្រមទាំងជូននូវថវិកានិងសម្ភារៈមួយចំនួន។ ក្រៅពីធ្វើតាមផ្លូវព្រះធម៌ លោកតាក៏ទទួលការព្យាបាលពីពេទ្យ ក្នុងភូមិដែលត្រូវជាចៅ ជាប្រចាំផងដែរ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាភិរម្យ ប្រាជ្ញ ឈួន គិតមកដល់បច្ចុប្បន្នមានវ័យ៨២ឆ្នាំ។ លោកមានកូន៥នាក់ ប្រុសទាំងអស់។ ស្ដេចចាប៉ីរូបនេះមានជំងឺច្រើនមុខ ហើយជំងឺធ្វើទុក្ខខ្លាំងជាងគេគឺ លើសឈាម។ ទន្ទឹមនឹងការធ្លាក់ខ្លួនឈឺច្រើនឆ្នាំមកនេះ គេឃើញមានសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភលោកជាបន្តបន្ទាប់។ ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សី ក៏បានជួយសង់ផ្ទះជូនលោក១ខ្នង ព្រមទាំងថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួនកាលពីពេលកន្លងទៅ៕