• 2018-10-16 23:25:00
  • ជីវិតតារា

គ្រាន់​តែ​ប្ដូរ​ម៉ូដ​​សក់​ភ្លាម​តារា​កូន​កាត់​ឥណ្ឌា លី ឧត្ដម មានហាងឆេងភ្លែត

  • 2018-10-16 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​​មាន​ឈាមជ័រ​ជា​កូន​កាត់​ឥណ្ឌា លោក លី ឧត្ដម បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រាន់​តែ​ខ្លួន​បាន​ប្ដូរ​ពណ៌​សក់​ភ្លាម ត្រូវ​បាន​ផលិតកម្ម​មួយ​ហៅ​លោក​ទៅ​ធ្វើតេស្ត​សម្ដែង​តួ​អង្គ​​មួយ ហើយ​ក៏​បាន​ចុះ​កុងត្រា​រួច​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​គ្រោង​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ​តែ​​ម្ដង។

ម៉ូដសក់ថ្មីរបស់ លី ឧត្តម

លោក លី ឧត្ដម មិន​បាន​ប្រាប់​ពី​ចំណង​ជើង និង​ផលិតកម្ម​ដែល​លោក​ចូល​រួម​សម្ដែង​ឡើយ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា តួ​ដែល​ខ្លួន​ត្រូវ​សម្ដែង​នោះ​ជា​តួ​កាច ដែល​ចរិត​នោះ​ខុស​​ឆ្ងាយ​ពី​អត្តចរិត​ធម្មជាតិ​របស់​លោក។ មូលហេតុ​ដែល​នាំ​ឲ្យ​តារា​សម្ដែង​រូប​នេះ មិន​ប្រាប់​​លម្អិត​ពី​សាច់​រឿង​នេះ​ ក៏​ព្រោះ​តែ​ខាង​ផលិតកម្ម​ឲ្យ​លាក់​សិន​ រង់​ចាំ​ថ្ងៃ​ក្រុង​ពាលី​​ទើប​អាច​បញ្ចេញ​បាន ហើយ​តាម​គម្រោង​ភាពយន្ត​បោះ​អាច​​ក្រុងពាលី​ចេញ​ថត​ចុង​ខែ​នេះ​តែ​ម្ដង។

តារា​សម្ដែង​កាត់​ឥណ្ឌា លើក​ឡើង​ថា ចំណុច​ដែល​អ្នក​ដឹក​នាំ​ស្ដែង​ចាប់អារម្មណ៍​​​រហូត​ទាក់​ទង​លោក​ទៅ​ធ្វើតេស្ត​សម្ដែង​​នោះ ក៏​ព្រោះ​តែ​ពេញ​ចិត្ត​ម៉ូដ​​ពណ៌​សក់​​ដែល​លោក​ទើប​ប្ដូរ​ និង​ទម្រង់​​មុខ​របស់​​លោក ដែល​ត្រូវ​​នឹង​តួ​​​ខាង​ផលិតកម្ម​ចង់​បាន​តែ​ម្ដង។

ការ​ទទួល​បាន​ការងារ​ថ្មី​នេះ តារា​​វ័យ២០ឆ្នាំ​រូប​ខាង​លើ​បាន​សម្ដែង​ការ​​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​លោក​បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព មិន​ឲ្យ​អ្នក​​ដឹក​នាំ​សម្ដែង​ខក​បំណង​លើ​​ខ្លួន​ឡើយ។

លោក ឧត្ដម ប្រាប់​ថា ទើប​បោះ​ជំហាន​ចូល​​សិល្បៈ​ជាង​១ឆ្នាំ​​នេះ​ទេ ជា​មួយ​ការងារ​សិល្បៈ​លោក​ធ្លាប់​បាន​​ការ​ថត​ស្ប៉ត​​ពាណិជ្ជកម្ម សម្ដែង ​MV ធ្វើ​ជា​ពិធី​ករ និង ការ​ដើរ​បង្ហាញ​ម៉ូដ​ជា​ដើម។ចំពោះ​ភាពយន្ត​វិញ លោក​ទើប​តែ​​បាន​សម្ដែង​ភាពយន្ត​១រឿង​​ប៉ុណ្ណោះ គឺ​រឿង​"៣ខែ" ក្នុង​ដំណែង​​ជា​តួឯក។ ក្រៅ​ពី​ការងារ​សិល្បៈ​តារា​សម្ដែង​កូន​កាត់​ឥណ្ឌា​រូប​នេះ ក៏​ជា​ម្ចាស់​ហាង​​លក់​ផលិត​គ្រឿង​សាឡន​មួយ​ផង​ដែរ និង​កំពុង​សិក្សា​​ឆ្នាំ​ទី៣ រហូត​ដល់​ទៅ​២មហាវិទ្យាល័យ គឺ ជំនាញ ពាណិជ្ជកម្ម និង ឌីហ្សាញ។

តារា​សម្ដែង​ដែល​ខំ​ជម្នះ​​ក្រុម គ្រួសារ ព្រោះ​តែ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ទាំង​​ឪពុក​ម្ដាយ​មិន​ពេញ​ចិត្ត​រហូត​បាន​សម្រេច​នេះ​បាន​ថ្លែង​ជា​ចុង​ក្រោយ​ថា ខ្លួន​នឹង​បន្ត​ដើរ​លើ​វិថី​សិល្បៈ​​នេះ​​ដោយ​មិន​រាថយ​ឡើយ ប្រសិន​បើ​ទស្សនិកជន​នៅ​តែ​ត្រូវ​ការ ​ត្បិត​អី​អាជីព​មួយ​នេះ គឺ​ជា​ក្ដី​ស្រលាញ់​​​និង​​បាន​ជម្នះ​ឧបសគ្គ​ជា​ច្រើន​មក​ហើយ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់