• 2018-12-16 03:43:50
  • ជីវិតតារា

Etta Ng គ្មានអារម្មណ៍តូចចិត្តចំពោះ Jackie Chan ខណៈនាងមិនធ្លាប់ជួបមុខលោកពីមុនសោះ

  • 2018-12-16 03:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ឈ្មោះ​ជា​កូន​ឥត​ខាន់​ស្លា​របស់​តារា​សម្ដែង Jackie Chan នាង Etta Ng បាន​ធំ​ធាត់​ឡើង​ក្រោម​ការ​តាមដាន​ពី​អ្នក​សារព័ត៌មាន​គ្រប់​ទិស​ទី។ ក្មេង​ស្រី​វ័យ ១៩ ឆ្នាំ​រូប​នេះ ជា​ញឹកញាប់​តែង​តែ​ព្យាយាម​គេចវេះ​ពី​ការ​និយាយ​ជាមួយ​បណ្ដាញ​សារព័ត៌មាន ប៉ុន្តែ​ថ្មី​ៗ​នេះ នាង​បាន​ទទួល​ធ្វើ​កិច្ច​សម្ភាស​ដើម្បី​ស្រាយ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​នាង។

កាល​ពី​តូច ដោយ​សារ​តែ​អត្តសញ្ញាណ​របស់​នាង​ដែល​ជាប់​ឈ្មោះ​ជា​កូន​​ឥត​ខាន់​ស្លា​របស់​តារា​សម្ដែង​ដ៏​ល្បី Etta Ng តែង​ត្រូវ​សិស្ស​ក្នុង​សាលា​រើស​អើង​នាង​គ្រប់​គ្នា។ នាង​បាន​និយាយ​ថា៖ "មាន​ពេល​មួយ​ នាង​បាន​ដួល​លើ​ឥដ្ឋ និង​ត្រូវ​បាន​សិស្ស​ក្នុង​ថ្នាក់​នាំ​គ្នា​ទាត់​ធាក់។ អ្នក​គ្រូ​បាន​ដើរ​មក​ឃើញ ប៉ុន្តែ​គាត់​បាន​ត្រឹម​និយាយ​ប្រាប់​ពួក​នោះ​ថា 'ពួក​ឯង​កុំ​ទាត់​គ្នា​អ៊ីចឹង'។ ពួកគេ​ក៏​ឈប់ តែ​នៅ​ពេល​គ្រូ​ដើរ​ចេញ​ផុត ពួកគេ​ក៏​បន្ត​ទាត់​ខ្ញុំ​ទៀត"។

ខណៈ​សួរ​ថា​នាង​ធ្លាប់​បាន​ជួប​ឪពុក​របស់​នាង​ពី​មុន​មក​ទេ Etta បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​គាត់​ពី​មុន​មក​ទេ។ តាម​ពិត​ទៅ ក្នុង​កែវភ្នែក​ខ្ញុំ គាត់​អាច​នឹង​ជា​មនុស្ស​អាក្រក់ ហើយ​ក៏​អាច​ជា​មនុស្ស​ល្អ​ដែរ ព្រោះ​ដោយ​សារ​តែ​ខ្ញុំ​មិន​ធ្លាប់​បាន​ស្គាល់​គាត់​ផង។ ខ្ញុំ​មិន​វាយ​តម្លៃ​នរណា​ដែល​ខ្ញុំ​មិន​បាន​ស្គាល់​នោះ​ឡើយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​និយាយ​ពាក្យ​មិន​ល្អ ឥត​បាន​ពិចារណា កាល​ពី​នៅ​ក្មេង ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ខ្ញុំ​ចេះ​គិត និង​ដឹង​ច្រើន។ ខ្ញុំ​ជឿ​ថា មនុស្ស​ណា​ក៏​មាន​កំហុស។ រាល់​កំហុស​អ្វី​ក៏​ដោយ​ដែល​អ្នក​បាន​ធ្វើ វា​ជា​ជីវិត​អ្នក មិនមែន​ជា​ជីវិត​ខ្ញុំ​ឡើយ។ វា​គ្មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ខ្ញុំទេ។ តែ​វា​ក៏​រៀង​ប្លែក​ដែរ ព្រោះ​នៅ​ពេល​ខ្ញុំ​កើត គ្រប់​គ្នា​បាន​ស្គាល់​ថា​ខ្ញុំ​ជា​នរណា ទាំង​ដែល​ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា​ផង។ គ្រប់​គ្នា​ចាំ​ឃ្លាំ​មើល​ខ្ញុំ ថា​តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​អាក្រក់ ឬ​ល្អ​កម្រិត​ណា​នោះ"។

ជាមួយ​គ្នា​នេះ​ដែរ Etta បាន​បដិសេធ​បន្ថែម​ថា ការ​បង្ហោះ​វីដេអូ​របស់​នាង​ពី​មុន ដើម្បី​ស្វែង​រក​ឪពុក​របស់​នាង​នោះ គឺ​មិន​មែន​ដើម្បី​លុយ​នោះ​ទេ។ នាង​រៀបរាប់​ថា ការ​ធ្វើ​វីដេអូ​នោះ គឺ​ព្រោះ​តែ​នាង​ចង់​ដឹង​រឿងរ៉ាវ​ជា​ច្រើន​ដែល​នាង​មិន​យល់​ពី​មុន​មក។ នាង​បញ្ជាក់​ថា នាង​គ្រាន់​តែ​ចង់​ដឹង​រឿង​ពី​មុន​ៗ ដែល​បាន​កើត​ឡើង​កាល​ពី​នាង​នៅ​ក្មេង ហើយ​ហេតុអ្វី​បាន​ជា​ម្ដាយ​របស់​នាង​ទៅ​ជា​បែប​នេះ៕ ​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់