/5c35c290f320a_1547027040_medium.jpg)
- 2019-01-09 10:27:42
- ជីវិតតារា
ក្រោយបដិសេធច្រើនលើក តារាប្រុសស្រី៥គូ នេះទើបសារភាពស្នេហ៍ តែមិនទាន់ប្រកាសថ្ងៃល្អ
- 2019-01-09 10:27:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបដិសេធច្រើនលើក តារាប្រុសស្រី៥គូ នេះទើបសារភាពស្នេហ៍ តែមិនទាន់ប្រកាសថ្ងៃល្អ
ចន្លោះមិនឃើញ
អាចនិយាយបានថាមានគូស្នេហ៍តារាប្រុសស្រីជាច្រើនគូបានទាក់ទងគ្នា ដោយក្នុងនោះមានខ្លះខាងស្រីមានអាយុបង ខ្លះមានអាយុស្របាលគ្នា។ មុនប្រកាសថាមានស្នេហា ពួកគេទាំងនោះក៏ធ្លាប់បដិសេធ ថាមិនបានសាងភាពផ្អែមល្ហែម និងមានទំនាក់ទំនងស្នេហាជាមួយគ្នាទេ រហូតទប់លែងជាប់ទើបប្រកាសពីចំណងស្នេហ៍តែម្ដង។
យ៉ាងណាក្ដី Sabay សូមលើកយកតារា៥គូ ដែលធ្លាប់តែបដិសេធថាមានស្នេហានឹងគ្នាជាច្រើនឆ្នាំ ប៉ុន្តែទើបដាច់ចិត្តទម្លាយនៅពេលនេះ។ តែយ៉ាងណាពួកគេ ក៏នៅតែមិនទាន់ជ្រើសថ្ងៃល្អណាមួយ ដើម្បីកាន់ដៃគ្នាចូលរោងដែរ ដោយម្នាក់ៗលើកហេតុផលសុំមើលចិត្តគ្នាឲ្យបានយូរជាងនេះ ពិសេសចង់រកលុយកាក់ឲ្យបានច្រើន។ សម្រាប់រឿងចូលរោងជ័យទុកឲ្យពេលវេលាជាអ្នកកំណត់និស្ស័យស្នេហ៍របស់ពួកគេទៅចុះ។
តារាប្រុសស្រី៥គូនោះមានដូចជា៖
១.អ្នកនាងសុខ សុម៉ាវត្តី និងនាយកំលោះសង្ហាលោក លី វ៉ាហេទ
ក្រោយលាក់បាំងទំនាក់ទំនងស្នេហ៍ជាមួយគ្នាកន្លង ពេលនេះក៏បានបើកចំហចិត្ត និងក្តីស្រលាញ់ដែលមានចំពោះគ្នាជាសាធារណៈ រហូតទើបតែថតខ្សែរឿងពីកំណើតស្នេហ៍ដំបូងជាមួយគ្នាផងដែរប៉ុន្មាន ១ឆ្នាំជាងនេះ។ ពិសេសក៏មានអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេចូលរោងជ័យឆាប់ៗខ្លាំង តែអ្នកនាងសុខ សុម៉ាវត្តីនៅតែច្រានចោលថាមិនទាន់បានគិតដល់ថ្ងៃរៀបការនៅឡើយទេ សុំពេលមើលចិត្តគ្នាសិន ហើយចង់ពង្រឹងមុខរបស់ខ្លួនផងនោះចាំពេលវេលាជាអ្នកកំណត់ថាតើពួកយើងអាចនឹងឈានដល់ថ្ងៃនោះ ឬក៏អត់ព្រោះតែអ្នកនាងនៅភ័យពីអាយុខ្លួនឯងច្រើនជាងខាងប្រុស។
២.កញ្ញា សាត រស្មី និងលោកឆៃ ដាពិសិដ្ឋ
ថ្វីត្បិតខាងស្រីមានអាយុបងខាងប្រុសជាង ១០ឆ្នាំ តែចំណងស្នេហ៍របស់ពួកគេ នៅតែរឹងមាំ ។ ឆៃ ដាពិសិដ្ឋ មិនខ្វល់រឿងអាយុឡើយ សំខាន់ពេលនៅក្បែរតារាស្រីរូបនេះ ខ្លួនមានអារម្មណ៍ថាមានក្ដីសុខ និងសុភមង្គល ដោយសារ នាងជាមនុស្សគួរឲ្យស្រលាញ់ ចេះផ្ដល់តម្លៃ និងគោរពក្រុមគ្រួសារសាច់ញាតិរបស់លោក។ សូមបញ្ចាក់ផងដែរថា ក្រោយពីភ្ជាប់ពាក្យជាមួយអតីតតារាសម្ដែង សាត រស្មី ប៉ុន្មានខែកន្លងទៅ ឥឡូវពួកគេក៏សុំពន្យារពេលរៀបការដល់ទៅ២ឆ្នាំ ដោយសារតែ ម្នាក់ៗជាប់រវល់ការងាររកស៊ីរៀងៗខ្លួន ហើយមួយវិញទៀតអំឡុងពេលនេះលោក នៅក្មេងនៅឡើយ បើរង់ចាំបន្តិចទៀតក៏មិនយឺតពេលដែរ សំខាន់ពួកពិតជាយល់ចិត្តគ្នាខ្លាំងទៅហើយ។
៣.កញ្ញា សួស វីសា និង លោក ថម មី
ក្រោយលាក់លៀមស្នេហ៍ច្រើនឆ្នាំ ហើយបដិសេធមិនទទួលយកស្នេហាពីខាងប្រុសមក ថ្មីៗនេះទើបវីសាបានបញ្ជាក់ និងសារភាពពីទំនាក់ទំនងជាសាធារណៈ ក្រោយតារាប្រុសសង្ហារៀបចំកម្មវិធីខួបគម្រប់ចំណងស្នេហ៍រយៈពេល ៤ឆ្នាំ យ៉ាងរីករាយជាមួយគ្នា។ ទន្ទឹមនឹងបង្ហាញពេចន៍អរគុណដល់ម្ចាស់ចិត្តក្នុងថ្ងៃខួបស្នេហ៍ សួស វីសា ក៏អះអាងថា ដល់ពេលដែលនាងត្រូវតបស្នងដល់មនុស្សពិសេសដោយក្ដីស្រលាញ់វិញដូចគ្នា លែងលាក់លៀមបន្តទៀតហើយ។ អ្នកគាំទ្រពិតជាចង់ឮដំណឹងល្អ ដែលឈានដល់ថ្ងៃមង្គលណាស់ ប៉ុន្តែសាមីខ្លួននៅមិនទាន់គិតនៅឡើយទេរង់ចាំពេលវេលាសម្រេច។
៤.កញ្ញា ទេព បូព្រឹក្ស និង G-Devith
តារាចម្រៀងទាំងពីរមានអាយុខុសគ្នា ត្រឹម១ឆ្នាំប៉ុណ្ណោះ ដោយកញ្ញា បូព្រឹក្ស កើតនៅខែធ្នូ ឆ្នាំ ១៩៩៣ ហើយលោក G-Devith កើតនៅខែតុលា ឆ្នាំ ១៩៩៤។ គូស្នេហ៍ទាំងពីរនៅតែផ្អែមល្ហែម និងស្រលាញ់យកចិត្តទុកដាក់គ្នា ដូចស្រមោច និងស្ករ។ ជាពិសេស រយៈពេលស្រលាញ់គ្នាជាង២ឆ្នាំមកនេះ ពួកគេតែងផ្ដល់អំណោយជាវត្ថុមានតម្លៃ និងបង្កើតអនុស្សាវរីយ៍ល្អៗរាប់មិនអស់ជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្ររបស់តារាយុវវ័យទាំងពីរដួង ស្ទើរលើសជាតិស្ករទៅហើយ តែរឿងរៀបការថ្ងៃណា ពួកគេមិនទាន់បានគិតនៅឡើយ ព្រោះតែតារាទាំង២នេះត្រូវការរកចំណូលឲ្យបានច្រើនជាងនេះទៀត។
៥.អ្នកនាង ស៊ឹម សូលីកានិងលោក អេង រិទ្ធី
មិនត្រឹមតែបណ្តើរគ្នាទៅណាមកណាញឹកញាប់ទេពួកគេក៏ជាគូស្នេហ៍មួយគូដែលផ្អែមល្អែមជាមួយគ្នាគ្រប់ពេលវេលាផងដែរ។ អ្នកនាងស៊ឹម សូលីកាបានសារភាពទទួលយកទំនាក់ទំនងជាមួយលោក អេង រិទ្ធី ព្រោះលោកជាមនុស្សដែលចេះគោរព និងឲ្យតម្លៃរូបនាង។ ពិសេសតែងតែកាន់ដៃនាងកំដរពេលនាងមិនសប្បាយចិត្ត ហើយស្រលាញ់កូននាងដូចកូនខ្លួនបង្កើត។ អ្នកទាំង ២ ក៏មិនទាន់គិតរឿងរៀបការនៅឡើយដែរ គ្រាន់តែចង់បង្កើតសុភមង្គលឲ្យគ្នានិងចង់ឃើញកូនស្រីរស់ពោរពេញទៅដោយក្តីសុខ ហើយពួកគេមានឱកាសនៅជួបជុំគ្នា ឯរឿងរៀបការទុកពេលវេលាអ្នកកំណត់ ៕
រូបភាពយកពីFB Page & IG៖ តារា