• 2019-05-27 10:22:15
  • ជីវិតតារា

សុំសរសើរ! ទោះរវល់ការងារសិល្បៈក៏ រតនៈពិសិដ្ឋ ខំឆ្លៀតរកជំនួយជួយមន្ទីរពេទ្យគន្ធបុប្ជាដែរ

  • 2019-05-27 10:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង និងជាម៉ូដែលរូបសង្ហា រតនៈ ពិសិដ្ឋមិនថាក្នុងការងារសិល្បៈ ឬការងារសង្គម តែងតែមានវត្តមានអញ្ជើញចូលរួមយ៉ាងសកម្ម។​​

ដោយឡែកកាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០១៩​ លោក​បាន​ចូលរួមក្នុងកម្មវិធី​ជិះ​កង់​សប្បុរស​ធម៌ ស្វែងរកថវិកា ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ត្រូវការ​ការ​ចូល​រួម​ជា​ចាំបាច់ សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់ពាន់​អ្នកជា​រៀងរាល់ថ្ងៃ។

ជាក់ស្តែង វត្តមានជិះកង់រកជំនួយសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធាបុប្ជានៅឯខេត្តសៀមរាបក្នុងកម្មវិធីមួយឈ្មោះ​ "តោះ! នាំគ្នាជិះកង់ដើម្បីសហគមន៍លើកទី៦"​ តារារូបសង្ហាររូបនេះបានរៀបរាប់ប្រាប់​ Sabay ថា លោកពិតជារីករាយខ្លាំងបំផុតក្នុងការចូលរួមកម្មវិធី​ឆ្នាំនេះ​។ ពិត​ជា​កាន់​តែ​ពិសេស​ថែមទៀត​ដោយមាន​ការ​គាំទ្រ ​និង​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នក​ជិះ​កង់​ច្រើនជាង​បណ្ដា​ឆ្នាំ​មុន​ៗ ថែមទាំង​ទទួល​បាន​ការឧបត្ថម្ភ​ជាច្រើន​ពី​ស្ថាប័ន និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ផង​ដែរ។ គួរ​ឲ្យ​កត់​សម្គាល់អ្វី​ដែល​កាន់តែ​រំភើប​ទៅទៀត​នោះ​ គឺសំបុត្រ​ចូលរួម​ត្រូវ​បាន​លក់​អស់​តាំងពី​ថ្ងៃ​ចាប់​បើក​លក់​ក្នុង​សប្ដាហ៍​ដំបូង តម្លៃ ១៥ ដុល្លារ ហើយ​ចំនួន​ក៏​បន្ត​កើន​ឡើង​ជា​លំដាប់ ដែល​នេះ​ត្រូវ​បាន​បង្កើន​ទឹក​ចិត្ត​ដល់​ក្រុម​ការងារ និងការផ្តល់ឲ្យលោកចូលរួមពីលោក គឹម ប៊ុន​ថា​ន់ ស្ថាបនិក​នៃ​សមាគម​អ្នក​ជិះ​កង់​ផងដែរ។

​តារាដដែលបន្តទៀតថា គ្រប់គ្នា​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា កម្មវិធី​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​នៃ​សកម្មភាព​មនុស្សធម៌​ប្រចាំ​ឆ្នាំ ដើម្បី​មោទ​កភាព​របស់​សង្គមជាតិ។ ជា​ព្រឹត្តិការណ៍​បង្កើត​ភាព​កក់​ក្ដៅ​ជូន​ប្រជាពលរដ្ឋ និង​កុមារ​កម្ពុជា​ទូទាំង​ប្រទេស​ ហើយលោកផ្ទាល់ក៏មានមោទកភាពចំពោះការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ដ៏ធំមួយនេះដែរ។

គួរ​រំលឹក​ដែរ​ថា​ បើតាមសម្តីលោក គឹម ប៊ុន​ថា​ន់ ស្ថាបនិក​នៃ​សមាគម​អ្នក​ជិះ​កង់ ឆ្នាំ​ដំបូង​នៃ​កម្មវិធី​ជិះ​កង់​ដើម្បី​សហគមន៍ បាន​ធ្វើឡើង​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ក្នុង​ឆ្នាំ​ដំបូង​នោះមាន​អ្នក​ជិះ​កង់​ចូលរួម​តែ ​២០០​នាក់​ប៉ុណ្ណោះ ក្រោម​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​នានា​ចំនួន​ ២៣​ក្រុមហ៊ុន ប្រមូល​មូលនិធិ​សប្បុរស​ពី​អ្នកចូលរួម​បាន​ចំនួន​តែ​ជាង ២៥០០​ដុល្លារ​ប៉ុណ្ណោះ។ ការរៀបចំ​កម្មវិធី​នេះ​ត្រូវ​បាន​ទទួល ​ការ​ចូលរួម​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។ ឆ្នាំ​២០១៨ ​កន្លងទៅ​ដែល​ជា​ការរៀបចំ​ឆ្នាំ​ទី​៥​ នៃ​សកម្មភាព​ជិះ​កង់​ដើម្បី​សហគមន៍ ដែល​រៀប​ចំ​ឡើង​សមាគម​អ្នក​ជិះ​កង់​ខេត្ត​សៀមរាប ទទួល​បាន​អ្នក​ចូល​រួម ៨៥៩​នាក់ មាន​បណ្ដា​ក្រុមហ៊ុន​នានា​ចំនួន ​២៦​ក្រុមហ៊ុន​បាន​ចូលរួម​ឧបត្ថម្ភ និង​ទទួល​បាន​មូលនិធិ​សប្បុរស​ជិត ២៥ ០០០​ដុល្លារ​សម្រាប់​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផានិងលើកទី ៦នៅសៀមរាបនេះ នៅខេត្តសៀមរាបដដែល ទទួលបានអ្នកចូលរួមចំនួន ៩៦៤នាក់ ​និងអង្គភាពពាក់ពន្ធខេត្តចំនួន ១០០នាក់បន្ថែមទៀតផងដែលតែតួលេខថវិកាចំនួនទឹកប្រាក់សរុបមិនទាន់ទទួលបានច្បាស់នៅឡើយព្រោះកំពុងបូកសរុបកាត់ចំណាយផ្សេងក្នុងកម្មវិធី តែការប្រគល់ជូនទឹកប្រាក់ដល់មន្ទីរពេទ្យគន្ធាបុប្ផាគឺធ្វើនៅថ្ងៃទី១ខែមិដុនាឆ្នាំ២០១៩៕

​ទស្សនារូបភាពខាងក្រោម៖

រូបភាពផ្តល់ដោយ៖ រតនៈ ពិសិដ្ឋ &​ Nary HS

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទថ្មី