• 2019-06-10 00:15:00
  • ជីវិតតារា

ក្តុកក្តួលបើគាស់រឿង ស្វែង សុជាតា កាលជីវិតធ្លាក់ដល់សូន្យ ជួនកាលដាច់បាយម្តងម្កាលក៏មាន

  • 2019-06-10 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បន្ទាប់ពីជីវិតធ្លាក់ចុះខ្លាំង...ផ្លូវមួយដែលមានបន្លា ផ្លូវដែលមានឧបសគ្គ តែក្រោយពីផ្លូវដែលខ្ញុំត្រឡប់មកពីភាពដំបៅនោះវិញ បើសិនជាខ្ញុំដើរទៅដដែលៗ ខ្ញុំខ្លួន ឯងត្រូវបានដៀលថាជាមនុស្សល្ងង់។ ជីវិតដូចជាការឡើងចុះចឹង អ្វីដែលសំខាន់យើងត្រូវចេះ លើកទឹកចិត្តខ្លួនឯង"។ ប្រយោគនេះ ស្វែង សុជាតា រៀបរាប់កាលខ្លួនត្រឡប់មកវិថីសិល្បៈសារ ជាថ្មីក្រោយសម្ងំតាំងសមាធិលើភ្នំគូលែនមួយរយៈធំ។

ការត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈវិញនាងទទួលបានការស្វាគមន៍ពីអ្នកដឹកនាំ អ្នកផលិត ជាពិសេស Fan អ្នកគាំទ្រ រហូតនាងបានឱកាសសម្តែងរឿងដែលដឹកនាំតារាហូលីវូដអ្នកស្រី Angelina Jolie "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ជាដើម។ មិនតែប៉ុណ្ណោះកាលពី ឆ្នាំ ២០១៨ នាងធ្លាប់បានបង្ហើបថា ត្រៀមថតរឿងឲ្យផលិតករអាមេរិកនៅឆ្នាំក្រោយ ឯតម្លៃខ្លួនវិញទទួលបានខ្ពស់ជាងស្រុកខ្មែរគុណនឹង ៥ដងឯណោះ។

តារាស្រីល្បីតាមរយៈ​ជំនាញសម្តែងដ៏ប៉ិនប្រសព្វ ស្វែង សុជាតា ប្រាប់ថា នឹកស្មានមិនដល់ពីជីវិតនាងសព្វថ្ងៃ ដែលត្រឡប់មកភាពប្រសើរឡើងវិញបែបនេះ ក្រោយធ្លាក់ដល់ចំណុចសូន្យកាលប្រមាណ៥ ឆ្នាំមុនរហូតជួនកាលដាក់បាយម្តងម្កាលក៏មាន។ នេះតាមការសម្ភាសន៍របស់ក្រុមការងារ Sabay ជាមួយតារាស្រីមានស្រុកកំណើតមកពីខេត្តព្រៃវែងកាលពី ៣ឆ្នាំមុន។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សុជាតា ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាពិសេស​ជីវិតគូ ប៉ុន្តែ​យ៉ាង​ណាក្តី​ នាង​នៅ​តែ​ជម្នះ​ និង​តស៊ូ ព្រមទាំង​បាន​បង្ហាញទៅដល់បណ្តា​អ្នកគាំទ្រកាល​ពី​ពេលថ្មីៗថា នាង​ និង​ស្វាមីមិនមានបញ្ហាអ្វីធំដំជាមួយគ្នាឡើយ។ ជីវិតគូតែ​ប៉ុណ្ណឹង ចាន​ក្នុងរាវរមែងតែងមានប៉ះទង្គិចម្លោះហើយជីវិតប្តីប្រពន្ធ​នាង​ក៏ដូចគេដូចឯងអ៊ីចឹងដែរ។

ត្បិតជីវិតនាងធ្លាក់ដល់ចំណុចសូន្យម្តងជាពីរ តែនាងមិនដែលគិតថានឹងបោះបង់ឡើយ ព្រោះនាងនៅមានកូនដែលកំពុងស្ថិតក្នុងបន្ទុក ដូច្នេះរាល់ឧបសគ្គទាំងនោះវាគ្រាន់តែបក់កាត់ជីវិតមួយរយៈពេលខ្លី កាលណាមានដង្ហើមដកនាងមិនខ្លាចនឹងតស៊ូឡើយ។

ការលើកឡើងមកម្តងទៀតនេះ គឺចង់បណ្តុះគំនិត ស្មារតី ក៏ដូចជាលើកទឹកចិត្តមនុស្សចំនួន ដែលហៀបនឹងលិចលង់ក្នុងស្ថានភាពដែលភាគច្រើនសព្វថ្ងៃគេនិយមហៅថា "ជំងឺបាក់ទឹកចិត្ត"។ ជីវិត​មនុស្សម្នាក់ៗ​ក៏ដូចគ្នា ទោះបី​ជា​អ្នក​ធ្លាក់​ដល់​ចំណុច​ណាមួយ​ក៏​ដោយ គ្រប់​យ៉ាង​តែង​មាន​ដំណោះស្រាយ​។ ដរាបណាអ្នកនៅតែតស៊ូ និង​ព្យាយាម​ស្រាយ​វា​មួយ​ៗ​នោះ​គ្រប់​យ៉ាង​ ​និង​ស្រាយ​រួច​ក្នុង​រយៈ​ពេលណាមួយ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់