• 2020-02-24 08:04:13
  • ជីវិតតារា

តន្ដ្រីករ និងអ្នកចម្រៀង​វ័យក្មេង៤២រូប អាក់ខានប្រឡងដណ្ដើម​មេដាយ​មាស

  • 2020-02-24 08:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​សិស្ស​តន្ដ្រីករ និង​អ្នក​ចម្រៀង​របស់​កម្ពុជា​ចំនួន ៤២​រូប ត្រូវ​អាក់​ខាន​ចេញ​ទៅ​ក្រកួត​ដណ្ដើម​ពាន​រង្វាន់​អន្ដរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​គ្រូ និង​អាណា​ព្យាបាល​ពួកគេ ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើមវីរ៉ុសកូរ៉ូណា​ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសមួយចំនួន។

តាម​គម្រោង​ប្រទេស​ម៉ាឡេស៊ី រៀបចំ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អន្ដរជាតិ​លើ​វិញ្ញាសារ ចម្រៀង លេង​ព្យាណូ វីយូឡុង និង​ហ្គីតា ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី២៤ ខែ​កុម្ភៈ នៅ​ទីក្រុង​ម៉ា​ឡាកា ដោយ​មាន​បេក្ខភាព​ពី​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ចូល​រួម​ដែរ។ ប៉ុន្ដែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​បេក្ខភាព​ពី​សាលា​តន្ដ្រី​សូ ស្រណោះ របស់​កម្ពុជា មិន​បាន​ចូល​រួម​ក្នុង​ព្រឹត្ដិការ​ណ៍នេះ។

ទោះ​ជា​យ៉ាង​ណា​បេក្ខភាព​វ័យ​ក្មេង​ទាំង​ ៤២រូប នៅ​តែ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ច្រៀង និង​លេង​ឧបរណ៍​ភ្លេង​យ៉ាង​ស្ទាត់​ជំនាញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស តាម​រយៈ​កម្មវិធី​ប្រគំតន្ដ្រី និង​ពិសាអាហារ​សាមគ្គី​មួយ​ ដែល​រៀបចំ​ដោយ​សាលា​តន្ដ្រី សូ ស្រណោះ ​នៅ​យប់​ថ្ងៃទី២៣ ខែ​កុម្ភៈ ដោយ​មាន​អ្នក​សិល្បៈ តន្ដ្រីករ និង​មាតា-បិតា​សិស្ស​ប្រហែល​ ២០០​នាក់ ចូល​រួម។

នាយក​សាលា​តន្រ្ដី​សូ​ស្រណោះ គឺ​លោក សូ ស្រណោះ និយាយថា រូប​លោក និង​អាណាព្យាបាល​សិស្ស​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​អាក់ខាន​នេះ ព្រោះ​សិស្ស​ដែល​ត្រៀម​ទៅ​ប្រកួត​ទាំង​អស់​សុទ្ធតែ​ឆ្លង​កាត់​ការ​ប្រឡង​ជ្រើសរើស និង​បំប៉ន​បន្ថែម​ដោយ​គណៈ​កម្មការ​សាលា៖ "ដើម្បី​កុំ​ឲ្យ​ក្មេង​បាក់​ទឹកចិត្ដ ខ្ញុំ​ក៏​សម្រេច​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ឲ្យ​ពួកគាត់​បង្ហាញ​ពី​សមត្ថ​ភាព​ដល់​មាតា-បិតា និង​ត្រៀម​ការ​ប្រឡង​លើក​ក្រោយ​ៗ ហើយ​ខ្ញុំ​នឹង​ផ្ដល់​មេដាយ​ជូន​គាត់​ដែរ តែ​មិន​ទាន់​ឲ្យដឹង"។

បើ​តាម​លោក សូ ស្រណោះ។ បេក្ខភាព​ទាំង​៤២​រូប នេះ នៅ​តែ​ត្រៀម​ទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ខ្នាត​អន្ដរជាតិ​នៅ​ក្រៅ​ប្រទេស​ដដែល ដើម្បី​បង្ហាញ​ថា​វិស័យ​តន្ដ្រី និង​ចម្រៀង​របស់​ប្រទេស​កម្ពុជា កំពុង​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទថ្មី