• 2020-03-31 03:00:23
  • ជីវិតតារា

សិល្បករល្បី​ៗ​ខ្មែរ យីអ៊ុន​ដាក់​ក្នុង​ខែ​មីនា នេះ!

  • 2020-03-31 03:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​រាសី ឬ​យីអ៊ុន​ឡើង​ និងចុះ គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​សាមញ្ញ។ ប៉ុន្តែ​ចំពោះ​តារា ឬអ្នករកស៊ី មិនមែន​ជា​រឿង​ធម្មតា​ឡើយ។

ថ្ងៃ​នេះ Sabay សូមរំលឹកពីតារា​ចម្រៀង​បី​ដួង​ដែល​ជួប​រឿង​ឈឺ​ក្បាល​​ ឬយីអ៊ុនដាក់ខ្លាំង​ នៅ​ក្នុង​ខែ​មីនា នេះ​។

ទី១ គឺ​តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស លោក ព្រាប សុវត្ថិ ត្រូវ​បាន​អ្នកភូមិ​ប្រមាណ​៧០​គ្រួសារ លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​រូប​លោក​ដោយ​ចោទ​ថា លោក​ព្រាប សុវត្ថិ បាន​សង់​រោង​ជាង​ឈើ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ចត​ឡាន​មុខ​ផ្ទះ​លើ​ផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់​ធ្នាប់ រោទិ៍​ឡាន​លឺ​រំខាន​ដល់​អ្នក​ជិត​ខាង និង​បញ្ហា​ដើម​ឈើ​ទោ​ទៅលើ​ផ្ទះ​អ្នក​ជិត​ខាង​បណ្ដាល​ឲ្យ​ស្លឹក​ជ្រុះ​ជ្រាំ​ផ្ទះ។

ភ្លាម​ៗ​ក្រោយ​ផ្ទុះ​ការ​តវ៉ា​លោក ព្រាប សុវត្ថិ និង​គ្រួសារ បាន​ចេញ​មុខ​ដោះស្រាយ​យ៉ាង​ស្វាហាប់​ជាមួយ​អ្នក​ភូមិ។ លោក​យល់​ព្រម​ទទួល​យក​កំហុស​ឆ្គង​ទាំង​៤​ចំណុច​ទៅ​កែប្រែ ដោយ​ធ្វើ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខណ្ឌ​សែនសុខ។

ទោះ​ជា​យ៉ាង​ណា​លោក ព្រាប សុវត្ថិ អន់ចិត្ត​នឹង​អ្នកភូមិ​ដែល​លោក​យល់​ថា បញ្ហា​ទាំង​នេះ​គឺ​ជា​រឿង​តូចតាច ហើយ​លោក​ក៏​ជា​មនុស្ស​អាច​និយាយ​គ្នា​បាន​គ្រប់​ពេល មិន​គួរ​អ្នកភូមិ​ផ្ទុះ​ការ​តវ៉ា​ភ្លាម​ៗ​មិន​ប្រាប់​លោក​ជា​មុន​ឡើយ។ ក្រុម​អ្នកភូមិ​ក៏​សុំ​ទោស​លោក ព្រាប សុវត្ថិ ចំពោះ​កំហុស​ឆ្គង​នេះ​វិញ​ដែរ។

ងាក​មក​រឿង​តារា​ចម្រៀង​វ័យ​កណ្ដាល​លោក ទិត្យ វិច្ឆិកា វិញ​ម្ដង។ រឿង​អាស្រូវ​ជំពាក់​លុយ​គេ​ជុំ​ទិស​របស់​លោក ត្រូវ​បាន​លាតត្រដាង​ដោយ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ម្នាក់​តាម​បណ្ដា​ញ​សង្គម បន្ទាប់​ពី​ម្ចាស់​យានដ្ឋាន​រូបនោះ​ខឹង​សម្បានឹង​លោក ទិត្យ វិច្ឆិកា ជំពាក់​លុយ​ជាង​១០០០​ដុល្លារ មិន​ព្រម​សង។ ក្រោយ​មក​លោក ទិត្យ វិច្ឆិកា​​ ក៏ព្រម​ចូល​ខ្លួន​ទៅដោះស្រាយ ដោយ​សុំ​សង​រំលោះ​ក្នុង​១​ខែ​២០០​ដុល្លារ។

មូលហេតុ​ដែល​ជំពាក់​លុយ​គេ​ជុំ​ទិស ហើយ​យឺតយ៉ាវ​ក្នុង​ការ​បង្វិល​សង​គេ​វិញ​នេះ ត្រូវ​លោក ទិត្យ វិច្ឆិកា បក​ស្រាយ​ថា ព្រោះ​តែ​ជំនួញ​របស់​លោក​ខាតបង់ ទើប​លោក​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​ដោះស្រាយ​សង​គេ​បណ្ដើៗ។ ប៉ុន្ដែ​លោក​មិនបាន​បញ្ជាក់​ថា​មុខជំនួញអ្វី ហើយទំហំ នៃការខាតបង់នោះប៉ុន្មានឲ្យប្រាកដនោះទេ។

រីឯ​តារា​ចម្រៀង​រ៉េប​លោក ទី ទុំ ហៅ​នេន ទុំ ក៏​មាន​យីអ៊ុន​ដាក់​ខ្លាំងណាស់​ដែរ​នៅ​ក្នុង​ខែ​មីនា នេះ។ លោក ទី ទុំ និង​មិត្តភ័ក្ដិ​ចំនួន​៣​នាក់​ដែល​រួម​ដំណើរ​ក្នុង​ឡាន​លុចស៊ីស​៣៣០​ផ្ទាល់​ខ្លួន​របស់លោក​ទៅ​កាន់​ខេត្ត​ព្រះសីហនុ បាន​ជួប​ហេតុការណ៍​បុក​ក្របី​បណ្ដាល​ឲ្យ​ឡាន​ខ្ទេច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង រីឯ​ក្របី​បាន​ងាប់​ភ្លាម​ៗ។

អ្នក​ទាំង​បួន រង​របួស​ស្រាល ដោយសារ​ពួកគេ​បាន​ពាក់​ខ្សែ​ក្រវ៉ាត់​ការពារ​គ្រប់​គ្នា ហើយរហូតមកដល់ពេលនេះមិនទាន់រកអ្នកទទួលខុសត្រូវឃើញនៅឡើយ។

បច្ចុប្បន្ន​តារា​ចម្រៀង​រូប​នេះ នៅ​ឈឺក្បាល​នឹង​ការ​ជួសជុល​ឡាន​ដើម្បី​បាន​ប្រើ​ឡើង​វិញ​នៅ​ឡើយ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​រក​ម្ចាស់​ក្របី​ឲ្យ​ចូល​ខ្លួន​មក​ទទួល​ខុសត្រូវ​លើ​ព្យសនកម្ម​នេះ​នៅ​ឡើយ។ លោក​ឲ្យ​ដឹង​ថា ឡាន​នេះ​លោក​ជួសជុល​អស់​ប្រមាណ​៥០០០​ដុល្លារ ដែល​ប្រាក់​ថ្លៃ​ជួសជុល​នេះ​បាន​មក​ពី​ខ្ចី​ពូ និង​មិត្តភ័ក្ដិ ព្រោះ​លោក​មាន​លុយ​តែ​៣០% នៃ​ប្រាក់​នោះ​ប៉ុណ្ណោះ។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ លោក ទី ទុំ ក៏​ធ្លាប់​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ស្រុក​អូរាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ។ កាល​ណោះ​ ទុំ បាន​អកស៊ើ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ឆ្លង​ផ្លូវ ហើយ​លោក​គេច​ជ្រុល​ចង្កូត​ទៅ​បុក​របង​សាលា​តែ​ម្ដង។

ហេតុការណ៍​គ្រោះ​ថ្នាក់​កាល​ណោះ​បណ្ដាល​ឲ្យ​លោក​ថ្លោះ​ស្មា​ស្ដាំ​ជា​ទម្ងន់ ហើយ​លោក​បាន​ព្យាបាល​ជា​វិញ​ដោយ​គ្រូ​បុរាណ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់