• 2020-05-05 09:35:39
  • ជីវិតតារា

វិធី​ឆ្លាត​វៃ​មួយ​សម្រាប់​រៀប​ការ​រដូវ Covid-19 ឆុំ វត្ដី សម្រេច​យក ឃើញ​ថា​ចំណេញ​ច្រើន

  • 2020-05-05 09:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​ស្រស់​ស្អាត ឆុំ វត្តី បាន​ចូល​រោង​ការ​នា​ថ្ងៃ​ម្សិលមិញ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​រឿង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​នាង​នៅ​អាច​ប្រព្រឹត្តទៅ​បាន ដោយ​មាន​វិធី​បញ្ចៀស​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​មួយ យ៉ាង​​ឆ្លាត​វៃ។

ក្នុង​គម្រោង មង្គលការ​របស់​តារា​ស្រី​សម្បុរស្រអែម បាន​ប្រព្រឹត្ត​ទៅ​តាម​កម្មវិធី​ប្រពៃណី​ទាំង​អស់។ ប៉ុន្តែ​នាង​បាន​សម្រេច​កាត់​ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយអាហារ​នា​ពេល​ល្ងាច ដែល​ជា​ការ​ជួប​ជុំ​ធំ ដែល​រាជរដ្ឋាភិបាល​បាន​ហាម​ប្រាម​ដើម្បី​ទប់​ការ​រីករាល​ដាល​របស់​ខូវីត។

វិធាន​នេះ​របស់ ឆុំ វត្ដី ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ឆ្លាតវៃ​ខ្លាំង​ក្នុង​ការ​រៀបចំ​ពិធី​មង្គល​របស់​ខ្លួន និង​ទទួល​បាន​ផល​ចំណេញ​មួយ​ចំនួន។ ចំណុច​ទី​១ ផល​វិជ្ជមាន​ដែល​បាន​ពី​ការ​កាត់​ពិធី​ទទួល​ភ្ញៀវ​ពេល​ល្ងាច គឺ​ថា ពិធី​របស់​នាង​ប្រព្រឹត្ត​ទៅ​បានតាម​កម្មវិធី​ប្រពៃណីសម្រាប់​មង្គល​ការ​ទាំង​អស់ ដោយ​មិន​ចាំ​បាច់​លើក​ពេល ល្មម​អាច​ឲ្យ​បង​ប្អូន​សាច់ញាតិ ឬ​ជីដូន ជីតា ដែល​ចែក​ឋាន​ទទួល​ដឹង​លឺ​ថា ពួក​នាង​បាន​បំពេញ​កិច្ចចប់​គ្រប់​គ្រាន់​សម្រាប់​រួម​រស់​ជាមួយ​គ្នា​ហើយ។

ទី២ នាង​អាច​បញ្ចៀស​បាន​នូវ​ការ​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ ស្រប​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាលប្រឆាំង​ខូវីដ ១៩។ និង​ទី៣ គឺ​នាង​​អាច​សន្សំសំចៃ​បាន​ច្រើន​ទាំង​ពេល​វេលា កម្លាំង​ពលកម្ម និង​កាត់​បន្ថយ​ចំណាយ​បាន​យ៉ាង​ច្រើនថែម​ទៀត។

សំឡឹង​មើល​ពី​ពិធី​មង្គលការ​ដែល​រៀបចំ​ពេញ​លេញ​មួយ មិន​ថា​សាមញ្ញជន ឬ​សិល្បករ ដែល​ត្រូវ​កាត់​នំ និង​ទទួល​ភ្ញៀវ​ពេល​ល្ងាចទៀត គឺ​ត្រូវ​ត្រៀម​អាហារ​ចន្លោះ​ពី៨០តុ ទៅ​២០០​តុឯណោះ ថែម​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ទីតាំង និង​ភេសជ្ជៈថែម​ទៀត ដែល​ទាំង​នេះ ត្រូវ​ចំណាយ​ដល់​រាប់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ទៀត​ឯ​ណោះ។

ដូច្នេះ​ហើយ​ការ​សម្រេច​កាត់​ចោល​ពិធី​ពេល​ល្ងាច​នេះ មិន​ត្រឹម​ចំណេញ​ដូច​ខាង​លើ ប៉ុន្តែ​នាង​ក៏​មិន​ចាំ​បាច់​ខ្វាយខ្វល់ ឬ​គិតគូរ​នាំ​ឈឺក្បាល​ រឿង​ទូទាត់​លុយ​កាក់​លើ​ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា នំ អាហារ​ទទួល​ភ្ញៀវ តុ ទីតាំង និង​មិន​ខ្វល់​រឿង​ជំពាក់​ចំណង​ដៃ​គេ​ច្រើន​​ទៀត។

ទោះ​យ៉ាង​ណា ត្បិត​ថា ការ​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយអាហារ មិន​មែន​ជា​ពិធី​ចាំ​បាច់​ក្នុង​ប្រពៃណី ប៉ុន្តែ​វា​ជា​វេលា​ចង​រឹត​ចំណង​ទាក់​ទង​រវាង​សាច់ញាតិ និងញាតិ​មិត្ត ព្រម​ជា​កិត្តិយស​របស់​ម្ចាស់​ដើម​ពិធី​ទាំង​សង​ដែរ។

ដូច្នេះ​ហើយ ឆុំ វត្ដី បញ្ជាក់​ថា មិន​កាត់​ចោល​ទាំង​ស្រុង​នោះ​ទេ គឺ​គ្រាន់​តែ​ពន្យា​ពេល​ប៉ុណ្ណោះ។ នាង​ថា នឹង​រៀបចំ​ពិធី​កាត់​ចំណង​ដៃ​ដែរ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​កាន់​តែ​រឹងមាំ ហើយ​ជំងឺ​កូវីដ-១៩ បាន​វិនាស​សាបសូន្យ​ពី​ផែនដី​ទៅ។

កាល​ពី​ថ្ងៃទី៤ ខែ​ឧសភា តារា​សម្ដែង​រូប​ស្រស់​សោភា ឆុំ វត្ដី បាន​ចូល​រោង​ជ័យ​ជាមួយ​កូន​កំលោះ​ឈ្មោះ រិទ្ធ ហួររក្សា។ ពិធី​មង្គលការ​បង្គ្រប់​កិច្ច​មួយ​ព្រឹក​របស់​តារា​សម្ដែង ឆុំ វត្ដី បាន​ប្រព្រឹត្ត​យ៉ាង​រលូន ដោយ​ពិធី​ក្រាប​ផ្ទឹម ចងដៃ និង​កាត់​សក់​បង្កក់​សិរី​ជា​ដើម ត្រូវ​បាន​ធ្វើ​ស្រប​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ទាំង​អស់។

ក្រៅ​ពី​លើក​ពេល​ពិធី​ទទួល​ភ្ញៀវ​ពេល​ល្ងាច ឆុំ វត្តី ក៏​បាន​លើក​ពេល​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ប្រទេស​បារាំង​ក្រោយ​រៀបការ​រួច​ដែរ ដោយ​សារ​តែ Covid-19៕

ពួកគេ បាន​ក្លាយ​ជា​ប្ដី-ប្រពន្ធ​ស្រប​តាម​ប្រពៃណី​ខ្មែរ

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់