• 2020-05-13 07:22:48
  • ជីវិតតារា

តោះ...ត្រៀមខ្លួន​ទៅភ្លក់អាហារនៅផ្ទះព្រាប សុវត្ថិ !

  • 2020-05-13 07:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ" នឹង​បើក​ជា​ផ្លូវការ​នៅ​ដើម​សប្ដាហ៍​ទី៤ នៃ​ខែ​ឧសភា នេះ​ហើយ។ ភោជនីយដ្ឋាន​របស់​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស រូប​នេះ នឹង​មាន​បម្រើ​ជូន​នូវ​បុក​ល្ហុង និង​ម្ហូប​ខ្មែរ​ជាង​១០​មុខ​ទៀត​ប្រកប​ដោយ​អនាម័យ និង​រសជាតិ​ឆ្ងាញ់ ​ឆ្លងកាត់​ពី​ការ​ភ្លក់​រសជាតិ​ដោយ​ផ្ទាល់​ពី​លោក​ព្រាប សុវត្ថិ មុនដាក់ជូនភ្ញៀវ។

លោក ព្រាប សុវត្ថិ និយាយ​ទាំង​ទឹកមុខ​ញញឹមញញែម​ថា មុខ​ម្ហូប​ដែល​ហាង​លោក​នឹង​បម្រើ​ជូន​ភ្ញៀវ​នេះ គឺ​សុទ្ធតែ​ជា​មុខម្ហូប​ដែល​លោក​ចូល​ចិត្ត ហើយ​គ្រួសារ​លោក​ក៏ពិសា​ស្ទើរ​រាល់​ថ្ងៃដែរ។ លោក​ធ្លាប់​ធ្វើ​ការ​នៅ​ហាង​ធំៗ និង​បាន​ដើរ​ភ្លក់​រសជាតិ​មុខម្ហូប​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ទើប​លោក​ជឿ​ជាក់​ថា​មុខ​ម្ហូប​បែប​ខ្មែរ​ដែល​លោក​ជ្រើសរើស​មក​ធ្វើនៅ​ក្នុង​ហាង​របស់លោក​នេះ នឹង​ពេញចិត្ត ឬត្រូវមាត់​អតិថិជន។

ព្រាប សុវត្ថិ៖ "ខ្ញុំ​បើក​នេះ​តាម​សំណូមពរ​របស់​បងប្អូន ព្រោះ​មាន​អ្នកគាំទ្រ​ខ្លះ​ចង់​មក​ហូប​នៅ​ទីនេះ​ផ្ទាល់ រហូត​ដល់​មាន​បងប្អូន​ខ្លះ​សុំ​ទិញ​បន្លែ​បន្ដ​ពី​យើង​ដែល​ទិញ​ពី​ផ្សារ​មក​ហ្នឹង​ទៅ​ធ្វើ​ម្ហូប​ញ៉ាំទៀត ព្រោះគាត់​ថា​ចង់​ដឹង​យើង​នឹង​រស់នៅ និង​ហូប​ចុក​យ៉ាង​ម៉េច"។

ភោជនីយដ្ឋាន​ដែល​លោក​ដាក់​ឈ្មោះ​ថា "ផ្ទះ ព្រាប សុវត្ថិ" បាន​បើក​សាកល្បង​ម្ដង​រួច​ហើយ​ កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២០។ កាលណោះ​ហាង​នេះ​មាន​តែ​បុក​ល្ហុង​មួយ​មុខ​ប៉ុណ្ណោះ ដែល​បុក​ដោយ​ចុងភៅ​មកពី​ថៃ ហើយ​មាន​អ្នក​កុម្ម៉ង់​ញ៉ាំ​ច្រើន។ ក្រោយ​មក​ហាង​នេះ​ក៏​ផ្អាក​បណ្ដោះអាសន្ន​ដើម្បី​រៀបចំ​សេវា​បម្រើ និង​ដឹកជញ្ជូន​ឲ្យ​បាន​ល្អ ព្រម​ទាំង​រៀបចំ​មុខម្ហូប​លក់បន្ថែម។

ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ​” មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​វត្ត​សំរោង​អណ្ដែត សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ។ ភោជនីយដ្ឋាន​ដែល​យក​ផ្ទះ​លោក​ផ្ទាល់​ធ្វើ​ជា​ហាង​នេះ គឺ​មាន​ធម្មជាតិ​ស្រស់​បំព្រង មាន​ត្រី​រ៉ស់យក្ស​សម្រាប់​ទស្សនា កញ្ចុះ​នៅ​លើ​ទឹក​ក្រោម​ដើម​ឈើ​យ៉ាង​ត្រជាក់ចិត្ត។ នៅ​ជុំវិញ​ភោជនីយដ្ឋាន​មាន​ផ្លូវ​ធំ​ទូលាយ និង​ចំណី​ផ្លូវ​ធំ​ព័ទ្ធជុំវិញ​ដែល​ងាយ​ស្រួល​ដល់​ការ​ចត​យានជំនិះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់